ជាតិ
នយោបាយជាតិ
លោក គឹម សុខ សុំពន្យារពេល ចូលបំភ្លឺនៅតុលាការ លើបណ្តឹងសម្តេច ហ៊ុន សែន
× ភ្នំពេញ៖ ដោយសារតែមិនទាន់មានមេធាវីការពារក្តី លោក គឹម សុខ អ្នកវិភាគនយោបាយ ក៏ស្នើឲ្យតុលាការ បង្អង់ចំណាត់ការលើសំណុំរឿងរបស់លោក ជាមួយនឹងសម្តេច ហ៊ុន មួយរយៈសិន។ សម្តេច ហ៊ុន សែន បានប្តឹងលោក គឹម សុខ ដែលចោទថាបក្សកាន់អំណាច ជាអ្នកសម្លាប់លោក កែម ឡី។ តាមដីកា លោក គឹម សុខ ត្រូវចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៧ កុម្ភៈ។
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងស្ថានការណ៍នយោបាយនៅកម្ពុជា បានចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសុំឲ្យព្រះរាជអាជ្ញាពន្យារពេលការហៅលោក ទៅសាកសួរ លើបណឹ្តងរបស់សម្តេច ហ៊ុន សែន។ តាមរយៈទំព័រហ្វេសប៊ុក លោក គឹម សុខ បានប្រាប់មូលហេតុថា ការសុំពន្យារពេលនេះ គឺដោយសារតែលោក មិនទាន់មានមេធាវី សម្រាប់ការពារក្តី។
យ៉ាងណា លោក គឹម សុខ បញ្ជាក់ថា លោក នឹងនៅតតាំងជាមួយនឹងសម្តេច ហ៊ុន សែន តាមផ្លូវច្បាប់ ដោយមិនរត់ទៅប្រទេសក្រៅនោះទេ។ លោក គឹម សុខ បានសរសេរដូច្នេះថា៖«ព្រឹកនេះ ខ្ញុំនឹងទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យាពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុមិនទាន់បានពឹងពាក់មេធាវីនៅឡើយ។ ប៉ុន្តែ ខ្ញុំមិនប្តូរជំហរទេ»។
ក្រោយដាក់ពាក្យប្តឹងទៅកាន់តុលាការ សម្តេច ហ៊ុន សែន ក៏បញ្ជាសមត្ថកិច្ច ឲ្យឃ្លាំមើលលោក គឹម សុខ កុំឲ្យចាកចេញពីប្រទេសកម្ពុជា។ បន្ទាប់មក ព្រះរាជអាជ្ញា ក៏បានចេញដីកាបង្គាប់ទៅនគរបាលយុត្តិធម៌ផងដែរ ដើម្បីហាមឃាត់លោក គឹម សុខ មិនឲ្យគេចវេះទៅបរទេស។
លោក គឹម សុខ បានរងបណ្តឹងចំនួនពីរ ពីសម្តេច ហ៊ុន សែន។ បណ្តឹងលើកទីមួយ គឺទាក់ទងនឹងអំពើឃាតកម្មលើលោក កែម ឡី ដែលសម្តេច ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ។ ប៉ុន្តែបណ្តឹងលើកទីពីរ សម្តេច ហ៊ុន សែន មិនទាន់ប្រកាសថាទារសំណងជំងឺចិត្តប៉ុន្មាននោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com