ជាតិ
នយោបាយជាតិ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងប្រាប់ថា ឯកឧត្តម កឹម សុខា បានចេញទៅបរទេស
× ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការអះអាងរបស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
យ៉ាងណា លោក អេង ឆៃអ៊ាង មិនបានដឹងទេថា ឯកឧត្តម កឹម សុខា ធ្វើដំណើរទៅប្រទេសណាមួយ។ ម្យ៉ាងទៀត លោក ក៏មិនបានបញ្ជាក់ឲ្យច្បាស់ថា ប្រធានស្តីទីបក្សប្រឆាំងរូបនេះ ទៅប្រទេសក្រៅជាមួយអ្នកណាខ្លះដែរ។
លោក អេង ឆៃអ៊ាង គ្រាន់តែបង្ហើបថា ឯកឧត្តម កឹម សុខា ទំនងជាចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅពិនិត្យសុខភាព តែប៉ុណ្តោះ។ លោក ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំ មិនដឹងច្បាស់ទេ ថាគាត់ទៅប្រទេសណា ហើយក្នុងគោលបំណងអ្វី ព្រោះជារឿងឯកជនរបស់គាត់។ ប្រហែលជាគាត់ ទៅពិនិត្យសុខភាព នៅប្រទេសជិតៗហ្នឹង»។
ចំណែកឯ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ សូមមិននិយាយអ្វីទាំងអស់ ដោយលោក អះអាងថា មិនបានដឹងពីដំណឹងនេះ។ លោក បញ្ជាក់យ៉ាងខ្លីថា៖«រឿងឯកជនរបស់គាត់ ខ្ញុំមិនបានដឹងទេ។ ខ្ញុំ សូមមិនធ្វើអត្ថាធិប្បាយ»៕
Tag:
អេង ឆៃអ៊ាង
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com