សេដ្ឋកិច្ច
អន្តរជាតិ
ប្រទេស​ចិន​អញ្ជើញ​ក្រុម​មេដឹកនាំ​ពិភពលោក​ចូលរួម​វេទិកា​ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​គាំពារ​ទំនិញ​ក្នុងស្រុក
16, Feb 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​ប៉េកាំង ៖ ក្រុមមន្ត្រី និង​អ្នកជំនាញ​ចិន​បានធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា គោលបំណង​នៃ​ជំនួប​ក្នុង​ខែឧសភា​នឹង​ពិភាក្សាគ្នា​លើសពី​វេទិកា​ខ្សែក្រវ៉ា់ត់​មួយ ផ្លូវ​មួយ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​វេទិកា​នោះ​ពិភាក្សា​ការកើនឡើង​នូវ​ការ​គាំពារ​ទំនិញ​ក្នុងស្រុក​នៅក្នុង​ប្រទេស​ផ្សេងៗ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ ចិន​ក៏​កំពុង​ព្យាយាម​បង្កើន និង​ពង្រឹង​មតិ​អន្តរជាតិ​ប្រឆាំងនឹង​ចំណាត់ការ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ត្រូវគេ​រំពឹងថា នឹងដាក់​ការ​រឹតត្បិត​ទៅលើ​ទំនិញ និង​ការវិនិយោគទុន​ចិន នេះ​តាម​ការបញ្ជាក់​របស់​ក្រុមអ្នកវិភាគ​ឯករាជ្យ​។​



​លោក​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi បាន​និយាយថា «​វេទិកា​នាពេលខាងមុខ នឹង ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​វិស័យ​ការទូត​របស់​ចិន​នៅ​ឆ្នាំ​២០១៧​នេះ​។​វេទិកា​នេះ​ក៏មាន​គម្រោង​ពិភាក្សា​ផែនការ​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស និង​អង្គការ​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អនាគត ដើម្បី​ស្វែងរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​សាកលលោក ហើយ​និង​បង្កើត​ថាមពល​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ដែលជា​ប់​ការទាក់ទង​គ្ន‍ា​»​។​

​ក្រុមអ្នកវិភាគ​និយាយថា ចិន​បាន​យល់ថា ខ្លួន​មានឱកាស​ដើម្បី​ចាប់យក​តួនាទី​ជា​មេដឹកនាំ បន្ទាប់ពី​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​ត្រាំ ហើយ​និង​ចំណាត់​ការដែល​បាន​បណ្តាល​ឲ្យ​មាន​ភាពមិនប្រាកដប្រជា​នៅ​ទីផ្សារ​អឺរ៉ុប ហើយ​និង​ការសម្តែង​នូវ​ក្តី​មិន​ពេញចិត្ត​ដែល​បានកើត​ចេញ​មកពី​ប្រទេស​ខ្លះ​ដូចជា​ប្រទេស​អូស្ត្រាលី បន្ទាប់ពី​ការសន្ទនា​របស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​ក្រុម​មេដឹកនាំ​ទាំងនោះ​។​

​ពួកគេ​និយាយថា វេទិកា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​របស់​ចិន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណងទាក់ទង​ខាង​នយោបាយ​ព្រោះ​ការភ័យខ្លាច​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ដែល​អាច​កើតមានឡើង ប្រសិនបើ ប្រធានាធិបតី​ត្រាំ ធ្វើ​ទៅតាម​ការសន្យា​រប​ស់លោក​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដើម្បី​ដាក់​ពន្ធ​យ៉ាងខ្ពស់​លើ​ទំនិញ​របស់​ចិន​ហើយ​និង​រឹតត្បិត​ការវិនិយោគទុន​មកពី​ប្រទេស​ចិន​។​

​លោក Jan Gaspers នាយក​ស្រាវជ្រាវ​សម្រាប់​អង្គភាព​គោលនយោបាយ​អឺរ៉ុប​ចិន​នៅឯ​វិទ្យាស្ថាន Mercator ក្នុង​ទីក្រុង​បែរ​ឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់​សិក្សា​អំពី​ចិន បាន​ប្រាប់ VOA ថា «​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹង​ក្លាយ​ជាការ​អាក្រក់​មួ​យស​ម្រា​ប់សេដ្ឋ​កិច្ច​ចិន​។ ការភ័យខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កើតឡើង​ពីក្រោយ​មាន​ចំណាត់ការ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ស្វះ​ស្វែងរក​ផលប្រយោជន៍​រវាង​គ្នា​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្រៅពី​សហរដ្ឋ​អា​មេ​រិ​ក‍​»​។​

​លោក Vladimir Putin ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី ស្ថិតនៅ​ក្នុងចំណោម​មេដឹកនាំ​មុនដំបូង​ទទួលយក​ការអញ្ជើញ​ឲ្យ​ចូលរួម​វេទិកា​នេះ​។ ការិយាល័យ​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ប្រាប់​ឲ្យ​ដឹងថា លោកស្រី​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​នេះ​ដែល​ត្រូវគេ​បកស្រាយ​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា ជាការ​បញ្ជាក់ថា​លោកស្រី​នាយករដ្ឋមន្ត្រី​នឹងចូលរួម​វេទិកា​នេះដែរ​។ ប្រធានាធិបតី Rodrigo Duterte នៃ​ប្រទេស​ហ្វីលីពីន​ជា​មិត្តភក្តិ​ថ្មី​របស់​ចិន​ដែល​ធ្វើជា​ប្រធាន​សមាគម​ប្រជាជាតិ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ក៏បាន​សន្យា​ចូលរួម​វេទិកា​នេះដែរ​។ ចិន​រំពឹងថា ប្រមុខរដ្ឋ​របស់​រដ្ឋា​ភិ​បាល​ជាង​២០​ប្រទេស​នឹងចូលរួម​។​

​ក្រុម​អាជ្ញាធរ​ចិន​ចង់​ប្រែក្លាយ​កម្មវិធី​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​ឲ្យ​ក្លាយទៅជា​ឧបករណ៍​ខាង​ការទូត​។ បណ្តាញ​ព័ត៌មាន​ផ្លូវការ​បាន​ដកស្រង់​សម្តី​លោក Chu Yin សាស្ត្រាចារ្យ​រង​នៅឯ​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​មក​ចុះផ្សាយ​ថា «​អនាគត​នៃ​សកលភាវូបនីយកម្ម និង​សេដ្ឋកិច្ច​សកលលោក មាន​ភាពមិនប្រាកដប្រជា​ខ្លាំងណាស់​។ វេទិកា​នៅ​ខែឧសភា​ខាងមុខនេះ នឹង​ពង្រឹង​ទំនុកចិត្ត​សេដ្ឋកិច្ច​សកល​លោ​ក‍​»​។​

​លោក Bai Gao ជា​សាស្ត្រាចារ្យ​ខាង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Duke មាន​ទស្សនៈ​ផ្សេង​ពី​លោក Chu Yin​។ លោក​និយាយថា «​ខ្ញុំ​យល់ឃើញថា វេទិកា​នេះ មាន​គោលដៅ​បង្កើន​សំឡេង​ប្រឆាំងនឹង​សកម្មភាព​របស់​ប្រធានាធិបតី​ត្រាំ​ទេ​។ ខ្ញុំ​យល់ថា គោលបំណង​នៃ​វេទិកា​នេះ​គឺ ស្ថាបនា​ការមូល​មតិ​ខាង​ពាណិជ្ជកម្ម​សេរី និង​បង្កើន​សំឡេង​ដើម្បី​តវ៉ា​ប្រឆាំង​ការ​គាំពារ​ទំនិញ​ក្នុង​ប្រ​ទេ​ស‍​»​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​ប្រាប់​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ចិន​បាន​វិនិយោគទុន​២៤​ពាន់​១​រយ​៩០​លាន​ដុល្លារ​ក្នុង​តំបន់​កិច្ច​សហ​ប្រប​ត្តិ​ការ​សេដ្ឋកិច្ច​ចំនួន​៧៧​ដែលជា​តំបន់ឧស្សាហកម្ម​នៅក្នុង​ប្រទេស​ចំនួន​៣៦​។ តំបន់​ទាំងនោះ​មាន​ក្រុមហ៊ុន​បរទេស​១​ពាន់​៥​រយ​២២​ហើយ​បាន​ដើរតួនាទី​វិជ្ជមាន «​នៅក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេ​ភា​គ‍ី​»​។​

​ក្រុមអ្នកវិភាគ​និយាយថា ការវិនិយោគ​ខាង​ឧស្សាហកម្ម ជា​ឧបករណ៍​គោលនយោបាយ​បរទេស​សម្រាប់​ប្រទេស​ចិន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចាប់ផ្តើម​មូលនិធិ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​នៅ​ឆ្នាំ​២០១៥ ហើយ​បន្ទាប់មក​កាលពី​ឆ្នាំ​ចិន​បានដាក់​ប្រាក់​ចំនួន​១១​ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន នៅក្នុង​តំបន់​អឺរ៉ុប​។ ការប្រកាស​បែបនេះ​ច្រើន​ទៀត​អាច​ត្រូវគេ​រំពឹង​នៅឯ​វេទិកា​នោះ​។​លោក Scott Kennedy នាយក​គម្រោង​ស្តីពី​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នយោបាយ​ចិន​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​មាន​ទីតាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និយាយថា «​វេទិកា​នេះ​នឹងមាន​អត្ថន័យ​ដ៏​ពិតប្រាកដ ប្រសិនបើ​វេទិកា​នេះ​មានការ​តាំងចិត្ត​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ចិន​មាន​លក្ខណៈ​សេរី​ពេញលេញ ជាជាង​ការសន្យា​របស់​ចិន​ដើម្បី​ផ្តល់ប្រាក់​កាន់តែ​ច្រើនឡើង ហើយ​ប្រាក់​ទាំងនោះ​ភាគច្រើន​នឹង​ធ្លាក់​ទៅ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយរ​ដ្ឋ‍​របស់​ចិន​»​។​

​ក្រុមអ្នកវិភាគ​និយាយថា ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​មានការ​ខ្វល់ខ្វាយ​អំពី​ចិន​ដែល​កំពុង​ប្រើប្រាស់​អំណាច​រដ្ឋ​ដើម្បី​ផ្សព្វផ្សាយ​ក្រុមហ៊ុន​ចិន ដោយ​មិន​ធ្វើទៅ​តាម​ការ​ថ្លែង​របស់ខ្លួន​អំពី​សកល​ភា​វូ​នីយកម្ម និង​ពាណិជ្ជកម្ម​សេរី​នោះ​។ លោក​Gasper បាន​និយាយ​បន្តទៀតថា «​ខ្ញុំ​មើលមិនឃើញ​តំបន់​អឺរ៉ុប​ស្ថិតក្នុង​ស្ថានភាព​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចិន​ដឹកនាំ​សេដ្ឋកិច្ច​សាកលលោក ដោយ​មិន​អនុវត្ត​ជាមុន​នូវ​បទដ្ឋាន តាម​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម បរិស្ថាន ហើយ​និង​បញ្ហា​ផ្សេងទៀត​ដ៏​ត្រឹមត្រូវ​នោះទេ​។​ចិន​មិនបាន​ខ្នះខ្នែង​ទាល់តែសោះ​អំពី​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បទដ្ឋាន​អន្តរជាតិ​។ ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប កំពុង​ព្យាយាម​ស្វែងរក​វិធី​ថា​តើ​ពួកគេ​អាច​ធ្វើការ​ប្រកបដោយ​ការស្ថាបនា​ជាមួយ​ចិន​យ៉ាងដូចម្តេច​ដោយ​មិន​បោះបង់ បទដ្ឋាន​អន្តរជាតិ​របស់ខ្លួន​»​។​

​អ្នកវិភាគ​ខ្លះ​និយាយថា​ចិន កំពុង​ត្អូញត្អែរ​ខ្លាំងពេក​ដោយ​មិន​យកចិត្តទុកដាក់​ពី​ឥរិយាបថ​របស់ខ្លួន​ផ្ទាល់​ស្តីពី​ពាណិជ្ជកម្ម និង​ការវិនិយោគទុន​។​

​លោក Kennedy នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS បាន​និយាយ​បន្ថែមទៀតថា «​ការទាក់ទង​នឹង​ការខ្វែងគំនិត​គ្នា​គ្រប់យ៉ាង​ខាង​ពាក្យសម្តី​រវាង​ប្រធានាធិបតី​ចិន​ស៊ី ជី​ង​ពីង និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ចិន​មាន​ឧបសគ្គ​ច្រើនជាង​សហរដ្ឋអាមេរិក​សម្រាប់​ទំនិញ សេវាកម្ម និង​ការវិនិយោគទុន​បរទេស​»៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com