អន្តរជាតិ
នយោបាយអន្តរជាតិ
ការិយាល័យប្រធានាធិបតី៖ អតីតយោធាមីយ៉ាន់ម៉ា ជាអ្នកបញ្ជាឲ្យសម្លាប់មេធាវីបក្សកាន់អំណាចលោកស្រី ស៊ូជី
×
ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ បានចេញសេចក្តីប្រកាសមួយ ដោយបានចោទអតីតមន្ត្រីយោធាថាជាអ្នកនៅពីក្រោយនៃការសម្លាប់មេធាវីបក្សកាន់អំណាចលោកស្រី អ៊ុងសាន ស៊ូជីកាលពីខែមុន។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានថៃបាងងប៉ុស្តិ៍នៅថ្ងៃទី១៦ ខែកុម្ភៈ ។
សេចក្តីប្រកាសការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា បាននិយាយថា៖« អតីតមន្ត្រីយោធាឈ្មោះ Aung Win Khine ដែលមានឋានជាវីរៈសេនីយ៍ បានបញ្ជាឲ្យសម្លាប់លោកមេធាវី Ko Ni ដែលជាអ្នកប្រឹក្សាផ្នែកច្បាប់ជាន់ខ្ពស់នៃកាន់អំណាច និងជាសមាជិកនៃក្រុមជនជាតិភាគតិចម៉ូស្លីមផងដែរ»។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានដែលដកស្រង់សេចក្តីប្រកាសនោះ ដែលបន្តទៀតថា ប៉ូលិស កំពុងតែស្វែងរកចាប់ខ្លួនអតីតមន្ត្រីយោធានោះផងដែរ។
សូមរម្លឹកបន្តិចដែរថា នៅថ្ងៃទី២៩ ខែមករាកន្លងទៅ លោក Ko Ni មេធាវី និងជាទីប្រឹក្សាច្បាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវខ្មាន់កាំភ្លើង បានបាញ់សម្លាប់នៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន បន្ទាប់ពីលោក បានវិលត្រលប់ពីប្រទេសឥណ្ឌូណេស៊ី ដែលកន្លែងលោក ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមួយ។
ហេតុការណ៍នេះ ក៏បានបណ្តាលឲ្យអ្នកបើកតាក់ស៊ីម្នាក់ដែលបានព្យាយាមឃាត់ខ្លួនខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ផងដែរ។ តែយ៉ាងណាក៏ដោយ ជនសង្ស័យដែលជាឃាតករ ក៏ត្រូវបានឃាត់ខ្លួនក្រោយហេតុការណ៍ផងដែរ។
បើទោះបីជា រដ្ឋាភិបាល បានរកឃើញអ្នកនៅពីក្រោយនៃការសម្លាប់នេះក៏ដោយចុះ ឃាតកម្មលើមេធាវីស្នូលរបស់បក្សកាន់អំណាចមីយ៉ាន់ម៉ារូបនេះ បានបង្កើតជាសំណួរ និងមណ្ទិលជាច្រើន ថាតើវាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសាសនាជាតិសាសន៍ដែលកំពុងតែមានចម្រូងចម្រាសស្រាប់នោះ។ នោះក៏ព្រោះតែ លោកមេធាវី គឺជាអ្នកប្រឹក្សាច្បាប់ដ៏សំខាន់របស់បក្សលោកស្រីអ៊ុងសាន ស៊ូជី ជាពិសេសនោះ លើសេចក្តីព្រាងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយោធា និងមួយវិញទៀតនោះ លោកគឺជាអ្នកតស៊ូមតិតំណាងឲ្យជនជាតិឥស្លាមមីយ៉ាន់ម៉ាទៀតផង។
ក្រោយនៃហេតុការណ៍នេះ ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ធា្លប់បានចេញសេចក្តីប្រកាសមួយ ដោយបានចាត់ទុកការធ្វើឃាតកម្មលើមេធាវីប្រឹក្សាផ្នែកច្បាប់របស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៃលោកស្រីអ៊ុងសាន ស៊ូជី គឺជាចេតនាមួយក្នុងការធ្វើឲ្យប្រទេសអស្ថិរភាព៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com