ជាតិ
មាត្រា​ថ្មី ដែល​អាចរំលាយ និង​ដកតំណែង​មេបក្ស នៃ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ​
20, Feb 2017 , 9:44 am         11418
រូបភាព
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​។ ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន ២០ ឆ្នាំ​មកហើយ​។ ខ្លឹមសារ​សំខាន់​ថ្មី ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើបតែ​ស្នើឡើង​ដើម្បី​ធ្វើ​វិសោធនកម្ម នៅ​ដើមឆ្នាំ ២០១៧ នេះ បាន​បើកផ្លូវ​ឲ្យ​មានការ​រំលាយ​គណបក្ស​ចោល និង​ដក​មេដឹកនាំ​បក្ស​បាន​។


​យ៉ាងហោចណាស់​មាន​ខ្លឹមសារ​គួរ​ឲ្យ​កត់សម្គាល់​ចំនួន ៤ មាត្រា ថ្មី ដែល​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​បាន​ស្នើ​វិសោធនកម្ម​ក្នុងចំណោម ២០ មាត្រា នៃ​ច្បាប់​គណបក្សនយោបាយ​។ ខ្លឹមសារ​នៃ​មាត្រា​ទាំងនោះ​មាន​ដូចខាងក្រោម​៖

- មាត្រា ៦ ថ្មី នៃ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នេះ បានចែង​ខ្លឹមសា​ចំនួន ២ ចំណុច​សំខាន់​ទៀត និង​កែប្រែ​ខ្លឹមសារ​ខ្លះ​ត្រង់ចំណុច​ទី ៣ បន្ថែម​លើ​មាត្រា ៦ នៃ​ច្បាប់ដើម​។ ខ្លឹមសារ​មាត្រា ៦ ថ្មី ចែង​ទាំងស្រុង​ដូច្នេះ​ថា​៖«​គ្រប់​គណបក្សនយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដូចខាងក្រោម​៖ ១ ធ្វើ​ឲ្យ​មាន​អបគមន៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែនដី​។ ២ ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។ ៣ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ ៤ បង្កើត​កងកម្លាំងប្រដាប់អាវុធ​។ ៥ ធ្វើការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មានការ​បែកបាក់​ជាតិ​»​។

​ក្រ​ឡេក​ទៅ​មើល​ខ្លឹមសារ​ដើម​មាត្រា ៦ នៃ​ច្បាប់​បក្សនយោបាយ ១៩៩៧ ចែង​អត្ថន័យ​ទាំងស្រុង​ដូច្នេះ​ថា​៖ « គ្រប់​គណបក្សនយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ដូចខាងក្រោម​នេះ​៖ ១ ធ្វើ​ឲ្យ​មាន​អបគមន៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែនដី​។ ២ ធ្វើ​វិទ្ធង្សនា ប្រឆាំងនឹង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយ​ប្រើប្រាស់​មធ្យោបាយ​ហិង្សា​ក្នុង​គោលបំណង​ដណ្តើម​អំណាច​។ ៣ បង្កើត​កងកម្លាំងប្រដាប់អាវុធ​»​។​

​ចំណុច​កត់សម្គាល់ មាត្រា ៦ ថ្មី ដែល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា លើក​បន្ថែម​ខ្លឹមសារ​សំខាន់​នោះ គឺ​ចំណុច​ទី ៥ ដែល​ហាម​មិន​ឲ្យ​គណបក្សនយោបាយ​ធ្វើ​នោះ បាន​ចែងថា «​ធ្វើការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មានការ​បែកបាក់​ជាតិ​»​។ ចំណុច​នេះ អ្នកច្បាប់​ខ្លះ​ថា យល់ថា មាន​អត្ថន័យ​ទូលាយ ដែល​នឹង​អាច​បកស្រាយ​ផ្សេងៗ​គ្នា​។

​ជាមួយគ្នានេះ ខ្លឹមសារ​នៃ​មាត្រា ៦ ថ្មី ត្រូវបាន​បញ្ជាក់​ពី​ទោសទណ្ឌ​នៅក្នុង​មាត្រា ៤៤ ថ្មី ដែល​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ទើបតែ​ស្នើឡើង​ដែរ​។ មាត្រា ៤៤ ថ្មី ចែងថា ដោយ​មិនទាន់​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា ៦ ថ្មី​តុលាការ​អាច​សម្រេច ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ ក្នុង​រយៈពេល​មិន​លើសពី ៥ ឆ្នាំ និង​អាច​សម្រេច​រំលាយ​គណបក្ស​នយោបាយ​នោះ​តែម្តង​។ (​តុលាការ​មាន​ចំណាត់ការ តាមរយៈ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​)

-​ប្រៀបធៀប​មាត្រា ១៨ ថ្មី ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ស្នើឡើង និង​ខ្លឹមសារ​មាត្រា ១៨ នៃ​ច្បាប់ដើម​។

​ខ្លឹមសារ​នៃ​មាត្រា ១៨ ថ្មី បានចែង​ផ្សេង​ពី​ខ្លឹមសារ​នៃ​មាត្រា​ដើម ដោយ​មាត្រា ១៨ ថ្មី​ចែង​យ៉ាងនេះ​ថា​៖« ពលរដ្ឋ​ទាំង​ពីរភេទ ដែលមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​អាយុ​យ៉ាងតិច ២៥ ឆ្នាំ អាច​ធ្វើជា​ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ ឬ​ធ្វើជា​សមាជិកភាព​នៃ​អង្គការ​ដឹកនាំ​នៃ​គណបក្សនយោបាយ​។ ប្រធាន និង​អនុប្រធាន​នៃ​គណបក្សនយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស មិន​ត្រូវជា​បុគ្គល​ដែលជា​ទណ្ឌិត​ជាប់ទោស​ដាក់ពន្ធនាគារ​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដោយ​ការ​គ្មាន​ការព្យួរទោស​ឡើយ​។ ប្រធាន និង​អនុប្រធាន​នៃ​គណបក្សនយោបាយ​និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស ត្រូវ​បាត់បង​តួនាទី​របស់ខ្លួន ក្នុងករណី​ដូចខាងក្រោម​៖ សាមីខ្លួន​ទទួលមរណភាព​។ សាមីខ្លួន​សុំ​លាឈប់​ជា​លាយលក្ខណ៍អក្សរ​។ សាមីខ្លួន​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដោយ​គ្មាន​ការព្យួរទោស លើកលែងតែ​ទោស​នោះ ត្រូវបាន​លើកលែង​ដោយ​ព្រះមហាក្សត្រ​។ គណបក្សនយោបាយ ត្រូវ​ចាត់ចែង​នីតិវិធី ដើម្បី​ជំនួស​ប្រធាន​គណបក្សនយោបាយ​ដែល​បាត់បង់​តួនាទី ក្នុង​រយៈពេល​យ៉ាង ៩០ ថ្ងៃ គិតពី​ថ្ងៃ​បាត់បង់​តួនាទី​»​។​

​ចំណែក​ខ្លឹមសារ​មាត្រា ១៨ នៃ​ច្បាប់ដើម​វិញ គ្រាន់តែ​ចែង​បែបនេះ​ថា​៖«​អាណត្តិ ភារកិច្ច ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អង្គការ​ដឹកនាំ​របស់​គ​ណ​បក្សនយោបាយ​នីមួយៗ តាម​ការកំណត់​ដូច​មានចែង​ក្នុង​មាត្រា ១៧ នៃ​ច្បាប់​នេះ និង​អង្គការ​នានា​ទៀត​របស់​គណបក្សនយោបាយ ត្រូវ​កំណត់​ក្នុង​លក្ខន្តិកៈ​ឬ​បទបញ្ជាផ្ទៃក្នុង​»​។

-​ប្រៀបធៀប​មាត្រា ២៩ ថ្មី  និង​មាត្រា ២៩ ដើម​

​មាត្រា ២៩ ថ្មី​ចែង​យ៉ាងនេះ​ថា​៖«​គណបក្សនយោបាយ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​តាម​រូបភាព​ណាក៏ដោយ ពី​ស្ថាប័នរដ្ឋ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាសាស្ត្រ​សាធារណៈ លើកលែងតែ​ករណី​ដូច​មានចែង​ក្នុង​មាត្រា ២៨ នៃ​ច្បាប់​នេះ​។  គណបក្សនយោបាយ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះ​តាម​រូបភាព​ណាក៏ដោយ​ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជនបរទេស ឬ​អង្គការ​ដែលមាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស​»​។​

​មាត្រា ២៩ ដើម ចែង​ដូច្នេះ​៖«​គណបក្សនយោបាយ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​តាម​រូបភាព​ណាក៏ដោយ ពី​ស្ថាប័នរដ្ឋ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគ្រាស​សាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាសាស្ត្រ​សាធារណៈ លើកលែងតែ​ករណី​ដូច​មានចែង​ក្នុង​មាត្រា ២៨ នៃ​ច្បាប់​នេះ​»​។
 
-​ប្រៀបធៀប​មាត្រា ៣៨ ថ្មី និង​មាត្រា ៣៨ ដើម​


​មាត្រា​សំខាន់​ថ្មី​មួយទៀត គឺ​មាត្រា ៣៨ ថ្មី ខ្លឹមសារ​នៃ​មាត្រា​នេះ បាន​ចែងថា​៖« បើ​គណបក្សនយោបាយ​ណា ប្រព្រឹត្ត​ខុស​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ដទៃទៀត ក្រសួងមហាផ្ទៃ  ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្សនយោបាយ​នោះ ក្នុងករណី​កំហុស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​»​។

​ចំណែក មាត្រា ៣៨ ដើម កំណត់​យ៉ាងនេះ​ថា​៖«​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន ៣ លាន​រៀន ចំពោះ​គណបក្សនយោបាយ​ណា ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា ៣១ នៃ​ច្បាប់​នេះ​។ ក្នុងករណី​មិន​រាងចាល ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ទ្វេ​មួយ​ជា​ពីរ​ហើយ​អាច​ផ្តន្ទាទោស​ផ្អាក​សកម្មភាព​គណបក្សនយោបាយ​នោះ​ជា​បណ្តោះអាសន្ន​»​។

​សូមបញ្ជាក់ថា មាត្រា​ថ្មី ប្រមាណ ២០ មាត្រា ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដើមឆ្នាំ ២០១៧ នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ដាក់​ទៅ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ហើយ​។ រដ្ឋសភា បានបើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នេះ នៅ​ថ្ងៃទី ២០ ខែ​កម្ភៈ​។ នៅម៉ោង ៩​ កន្លះ ថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋបានអនុអនុម័តសេចក្តីស្នើនេះចប់ហើយ ដោយសំឡេង ៦៦ លើ​៦៦ សំឡេង ដោយអវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំង៕

Tag:
 រដ្ឋសភា​
  ច្បាប់​គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង