ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ថៃ​ចំនួន ៣២ ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​
16, Feb 2017 , 9:39 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម​ចំនួន ៣២ ពី​ប្រទេស​ថៃ កំពុង​ស្វែងរក​ឱកាស និង​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​។ ក្រុម​អ្នកវិនិយោគ​ថៃ​ទាំងនោះ បាន​ជួបពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៥​ខែកុម្ភៈ ។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​។



​វិនិយោគិន​ថៃ ដែល​ចង់​ចាប់យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទាំងនេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក ឆា​នី​ត្រ ឆាន​ឆៃ​ណា​រ៉ុង ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា​។ ក្រុមហ៊ុន​ទាំង ៣២ នោះ ធ្វើ​អាជីវកម្ម​លើ​ផលិតផល​សម្អាង ស្ប៉ា កែច្នៃ​ម្ហូបអាហារ សុខភាព​និង​អាហារ​បំប៉ន និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​ថៃ​។

​លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា នៅមុខ​គណៈប្រតិភូ​វិនិយោគ​ថៃ នៅក្នុង​ជំនួប​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ថា កម្ពុជា ជា​ប្រទេស​បើកទូលាយ​សេដ្ឋកិច្ច​ឈានមុខ​មួយ​នៅលើ​សកលលោក ជាមួយ​គោលនយោបាយ​លើកទឹកចិត្ត និង​បន្ធូរ​បន្ថយពន្ធ​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម លោក សូរ​ស័ក្តិ បាន​ប្រាប់​ពាណិជ្ជករ​ថៃ​ទៀតថា វិនិយោគិន​អាច​ចាប់យក​អត្ថប្រយោជន៍​ពី​ការអនុគ្រោះ​ពន្ធ​ទាំងឡាយ ដែល​កម្ពុជា​ទទួលបាន​ពី​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​ដៃគូ​ផ្សេងទៀត​។​

​បើតាម​របាយការណ៍​ពី​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​នៅ​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៥,៥៩ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ប​និ្ត​ច ០,០៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ ក្នុងនោះ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ​បាន​កើន ៤៦​ភាគរយ ឯការ​នាំចូល​ទំនិញ​ពី​ថៃ​បាន​ធ្លាក់ចុះ​៦​ភាគរយ​៕


Tag:
 ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com