ជាតិ
សិល្បះ
អ្នកទស្សនាជាង១៣០០នាក់នឹងចូលរួមសម្ពោធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»
× សៀមរាប៖ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំដោយតារាភាពយន្តហូលីវូដ លោកស្រី អេនជីលីណា ជូលី (Angelina Jolie) នឹងត្រូវចាក់បញ្ចាំងលើកដំបូងនៅខេត្តសៀមរាប សម្រាប់រយៈពេល២ថ្ងៃ (ទី១៨-១៩ ខែកុម្ភៈ) ក្រោមរាជាធិបតីភាពព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា។ ការចាក់បញ្ចាំងនេះមិនបានបើកឲ្យទស្សនាដោយសេរីនោះឡើយ ដោយអ្នកដែលចូលរួមទស្សនាការចាក់បញ្ចាំងនេះ គឺត្រូវបានគេកំណត់ចំនួនរួចរាល់។
បើតាមមន្ត្រីក្រសួងវប្បធម៌ ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈ អ្នកដែលគ្រោងចូលទស្សនារឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នាថ្ងៃដំបូង គឺថ្ងៃទី ១៨ ខែកុម្ភៈ មានចំនួនប្រមាណ ១៣៥០នាក់។ លោក ជាប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្ថែមទៀតថា អ្នកដែលចូលទស្សនា គឺជាអ្នកដែលត្រូវបានគេអញ្ជើញ ដែលរួមមានមន្ត្រីរដ្ឋាភិបាល ក្រុមបច្ចេកទេស ក្រុមសម្តែង ក្រុមអ្នករៀបចំ និងប្រជាពលរដ្ឋមួយចំនួនដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះ។
លោក ជាប សុវិជ្ជា បន្តទៀតថា៖ « ដោយសារចំនួនយើងមានកំណត់ យើងអត់អាចបើកដោយសេរីបានទេ គឺអ្នកដែលចូលទស្សនា យើងបានចែកលិខិតអញ្ជើញគាត់រួចរាល់ហើយ...។ គោលដៅរបស់យើង គឺយើងចង់បានជនរងគ្រោះក្នុងរបបខ្មែរក្រហម និងយុវជនដែលមិនបានឆ្លងកាត់របបនេះ ឲ្យចូលទស្សនា»។
ការចាក់បញ្ចាំងរឿងនេះ នឹងរៀបចំធ្វើនៅបរិវេណព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។
តាមការបញ្ជាក់របស់លោក ជាប សុវិជ្ជា ផលិតករ គឺលោកស្រី អេនជីលី ជូលី (Angelina Jolie) នឹងមានវត្តមានទាំង២ថ្ងៃ នៅថ្ងៃបញ្ចាំងនេះ។ នៅថ្ងៃទី២១ ការចាក់បញ្ចាំងគ្រោងធ្វើនៅរាជធានីភ្នំពេញ និងថ្ងៃទី២៣ នៅខេត្តបាត់ដំបង ដែលជាកន្លែងសំខាន់មួយក្នុងការថតភាពយន្ត។
«រឿងនេះពិតជាល្អ ប្លែក ដោយសាររឿងច្រើនកន្លងមកដែលនិយាយពីរបបខ្មែរក្រហម គឺពួកគេច្រើនតែមនុស្សចាស់ តែក្នុងសាច់រឿងនេះ (មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ) តួអង្គគឺជាក្មេងអាយុ ៥ឫ៦ឆ្នាំ ខ្ញុំជឿថាវាពិតជាពិសេសជាងគេ»។ នេះបើតាមការអះអាងរបស់លោក ជាប សុវិជ្ជា ពេលដែលលោកចុះពិនិត្យទីតាំងបញ្ចាំងកុននៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧។
«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជា ភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពីរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់ គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម៕
Tag:
ភាពយន្ត
Angelina Jolie
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com