លោក គឹម សុខ បាន​ចូលទៅ​បំភ្លឺ​ក្នុង​តុលាការ​ហើយ​

ជាតិ
លោក គឹម សុខ បាន​ចូលទៅ​បំភ្លឺ​ក្នុង​តុលាការ​ហើយ​
17, Feb 2017 , 11:25 am         4917
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ធ្វើដំណើរ​ដោយ​ថ្មើរជើង​អស់​រយៈពេល​ជាង​៣​ម៉ោង អម​ជាមួយ​អ្នកគាំទ្រ និង​ព្រះសង្ឃ​ជាច្រើន​នាក់​នៅតាម​ដងផ្លូវ ចាប់ពី​ទីតាំង​វត្ត​ចាស់​មក នៅ​ម៉ោង​១១​ព្រឹក​នេះ លោក គឹម សុខ បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​ដើម្បី​សាកសួរ​ជុំវិញ​ពាក្យបណ្ដឹង​របស់លោក គី តិច មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន​។


​តាមពិត​ទៅក្នុង​ដីការបស់​តុលាការ​បាន​កោះហៅ​លោក គឹម សុខ ឲ្យ​ចូល​បំភ្លឺ​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៧ កុម្ភៈ​នេះ ប៉ុន្តែ​លោក គឹម សុខ បានមក​ដល់​នៅ​ម៉ោង​១១ ព្រឹក​ទៅវិញ​។ ត្រង់ចំណុច​នេះ​លោក គឹម សុខ អះអាងថា លោក​បាន​អនុលោម​តាម​ការកំណត់​របស់​តុលាការ​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារតែ​ការធ្វើដំណើរ​តាមផ្លូវ​ដោយ​ថ្មើរជើង​តាំងពី​ម៉ោងជាង​៧ ព្រឹក​នោះ ត្រូវបាន​អាជ្ញាធរ​រារាំង​រូបលោក​ជា​បន្តបន្ទាប់ ទើប​រូបលោក​ខកពេល​វេលា​ចូល​បំភ្លឺ​បែបនេះ​។​

​ងាក​មក​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ក៏មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ដែល​បាន​អមដំណើរ​លោក គឹម សុខ នោះ កំពុង​បន្ត​ឈរ​រង​ចាំមើល​លទ្ធផល​នៃ​ការសាកសួរ​នៅក្នុង​តុលាការ​នេះដែរ​។

កាលពី​ថ្ងៃទី​១៣ កុម្ភៈ មេធាវី​ការពារ​ក្តី​ឲ្យ​សម្ដេច ហ៊ុន សែន  បាន​ដាក់ពាក្យ​ប្ដឹង លោក គឹម សុខ ក្រោម​ហេតុផល​ថា មួលបង្កាច់​និង ទម្លាក់ កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។ បណ្ដឹង​នេះ​លោក គី តិច បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ចំនួន ៥០​ម៉ឺន​ដុល្លារ ជូន​សម្ដេច ហ៊ុន សែន​​៕ 


Tag:
 គឹម សុខ​
 ​ ហ៊ុន សែន​
 ​ តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next
22 Feb 2017