ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរមូលដ្ឋានមិនត្រូវចូលរួមរឹបអូសផ្ទះពលរដ្ឋ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឡើយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាហាមមន្ត្រីអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ មិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ ព្រោះដើម្បីចៀសវាងកុំឲ្យមានការយល់ច្រឡំថា ស្ថាប័នប្រាក់កម្ចីទាំងនោះជារបស់រដ្ឋ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ កុម្ភៈ នេះ មកសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«បម្រាមដល់មន្ត្រីមូលដ្ឋានមិនអោយចូលរួមពាក់ព័ន្ធ និងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាស្រ័យដោយបញ្ចៀសពីការយល់ច្រឡំរបស់សាធារណជនថាស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ មិនមែនជាស្ថាប័នហិរញ្ញវត្ថុរដ្ឋនោះទេ នោះរាប់ទាំងការចូលរួមរៀបចំឯកសារ ឬការចូលរួមរឹបអូសដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋយើងផងដែរ»។
ក្រៅពីនេះប្រមុខរដ្ឋាភិបាលក៏បានបញ្ជាឲ្យស្ថាប័នទូរទស្សជាតិកម្ពុជា (ទទក) និងស្ថាប័នវិទ្យុរដ្ឋនិងឯកជនទាំងអស់ ត្រូវផ្សាយជាប្រចាំថ្ងៃថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់គឺជារបស់ឯកជន មិនមែនជាស្ថាប័នរដ្ឋទេ ។ ហើយសម្ដេច ហ៊ុន សែន ក៏បានបង្គាប់ឲ្យធនាគារអេស៊ីលីដា ប្ដូររូបសញ្ញាហង្សចេញ ដើម្បីកុំឲ្យច្រលំជាមួយក្រសួងហិរញ្ញវត្ថុផងដែរ ។ នេះជាសំណេរនៅលើហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ។
កន្លងមកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គប្បីដាក់ស្លាកជាគ្រឹះស្ថានឯកជន ដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំថា មីក្រូហិរញ្ញវត្ថុទាំងនោះ ជារបស់រដ្ឋ ដែលនាំឲ្យពួកគេចេះតែខឹងមកលើរដ្ឋាភិបាលថា គ្មានដំណោះស្រាយ និងយោគយល់ដល់ពលរដ្ឋក្រីក្រទៀត។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ត្រូវពន្យាសងដល់ប្រជាពលរដ្ឋ ដែលជាកូនបំណុលខ្លួន ដោយមិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ នៅពេលដែលខ្វះលទ្ធភាពសងត្រឡប់វិញឡើយ។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យអាជ្ញាធរចាត់វិធានការលើមីក្រូហិរញ្ញវត្ថុ ដែលរឹបអូសទ្រព្យសម្បត្តិពលរដ្ឋនេះដែរ។ ហើយពលរដ្ឋក៏មិនត្រូវ ចេះតែខ្ចីបំណុលធនាគារ ដោយមិនប៉ាន់ប្រមាណពីសមត្ថភាពខ្លួនសងត្រឡប់វិញ ៕
Tag:
មីក្រូហិរញ្ញវត្ថុ
អេស៊ីលីដា
ហ៊ុន សែន
រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com