ជាតិ
នយោបាយជាតិ
តុលាការសម្រេចឃុំខ្លួន លោក គឹម សុខ
× ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរអស់រយៈពេលជាង៣ម៉ោង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចបញ្ជូនខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយបណ្ដោះអាសន្ន ទៅឃុំនៅពន្ធនាគារព្រៃ ស ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ»។
ការសម្រេចឃុំខ្លួនលោក គឹម សុខ តាមពាក្យបណ្ដឹងរបស់មេធាវីការពារក្តីសម្ដេច ហ៊ុន សែន លោក គី តិច ប្ដឹងថា លោក គឹម សុខ មួលបង្កាច់និង ទម្លាក់កំហុសទៅលើគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី។ ចំពោះបណ្ដឹងនេះលោក គី តិច ទាមទារសំណងជំងឺចិត្តពីលោក គឹម សុខ ចំនួន៥០ម៉ឺនដុល្លារ ជូនសម្ដេច ហ៊ុន សែន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ៅ សុផា ដែលចុះយកព័ត៌មានជុំវិញករណីបណ្ដឹងរបស់លោក គឹម សុខ នេះ៖
ក្រៅពីបណ្ដឹងនេះលោក គឹម សុខ ក៏នៅជាប់បណ្ដឹងមួយទៀតរបស់មេធាវីការពារក្តីសម្ដេច ហ៊ុន សែន ដែលប្ដឹងអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយរូបនេះ ទាក់ទងនឹងការលើកឡើងក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៣ កុម្ភៈថា ប្រព័ន្ធមួយក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ បណ្ដឹងមួយនេះលោក គី តិច ប្ដឹងលោក គឹម សុខ ទាមទារសំណងចំនួន១០លានរៀលទៀត ជូនសម្ដេច ហ៊ុន សែន ផងដែរ៕ Tag:
គឹម សុខ
ហ៊ុន សែន
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com