កីឡាជាតិ
ជាតិ
គួច សុគម្ភៈ អវត្តមានក្នុងជំនួបដំបូងរបស់ណាហ្គាវើល ខណៈអគ្គិសនីប្រកាន់ជំហរការពារជាធំ
× ដោយសារបញ្ហារបួសក្បាលជង្គង់បានធ្វើឲ្យខ្សែបម្រើប្រធានក្រុម គួច សុគម្ភៈ អវត្តមានក្នុងជំនួបលើកដំបូងរបស់ណាហ្គាវើលជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងថ្ងៃបើកឆាកពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាប្រចាំឆ្នាំ២០១៧ នៅកីឡដ្ឋានស្វាយរៀងនាថ្ងៃទី១៨ ខែកុម្ភៈ នេះ។ ទោះបីជាយ៉ាងណា ក្រុមអគ្គិសនីដែលប្រើធនធានកីឡាករខ្មែរសុទ្ធនឹងប្រកាន់យកជំហរការពារឲ្យខ្លាំងជាងប្រយុទ្ធក្នុងជំនួបល្ងាចនេះ។
កីឡករប្រធានក្រុមណាហ្គាវើល គួច សុគម្ភៈ មិនអាចចូលរួមលេង ដើម្បីជួយក្រុមណាហ្គាវើលក្នុងជំនួបថ្ងៃដំបូងជាមួយក្រុមជើងឯករងលីកលំដាប់ទី២អគ្គិសនីកម្ពុជានោះទេ ដោយសារបញ្ហារបួសក្បាលជង្គង់ពេលប៉ះទង្កិចក្នុងអំឡុងពេលប្រកួតមិត្តភាពជាមួយអាស៊ីអឺរ៉ុបកាលពីខែមករា កន្លងទៅមិនទាន់ធូរស្បើយ។ នេះបើតាមការឲ្យដឹងពីគ្រូបង្គោលណាហ្គាវើលលោក មាស ចាន់ណា។
គ្រូបង្វឹករូបនេះបានឲ្យដឹងទៀតថា ខ្សែបម្រើដ៏ឆ្នើមរបស់ណាហ្គាវើលរូបនេះ ទំនងអាចនឹងអវត្តមានរហូត៣ប្រកួតរបស់ណាហ្គាវើល ដោយសាររបួសត្រូវចំណាយពេលយ៉ាងតិចពី៤ទៅ៥សប្តាហ៍ ដើម្បីព្យាបាលឲ្យជាសះស្បើយ ទោះបីបច្ចុប្បន្នកីឡាកររូបនេះអាចហ្វឹកហាត់បានតិចៗក៏ដោយ។
ទោះបីជាយ៉ាងនេះក្តី លោក មាស ចាន់ណា បានបញ្ជាក់ថា ក្រុមរបស់លោកមិនមានបញ្ហានោះទេក្នុងការតទល់ជាមួយក្រុមអគ្គិសនីកម្ពុជានាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ នៅកីឡដ្ឋានខេត្តស្វាយរៀង។ មិនត្រឹមតែប៉ុណ្ណោះ លោក រំពឹងថា នឹងទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតថ្ងៃដំបូង ព្រោះណាហ្គាវើលមានកីឡាករបរទេស និងកម្ពុជាដែលមានសមត្ថភាពជាច្រើនរូបទៀត។
ដោយឡែក លោក ប្រាក់ វុទ្ធី គ្រូបង្គោលរបស់ក្លិបអគ្គិសនីកម្ពុជាបានបញ្ជាក់ថា លោកនឹងរៀបចំប្រព័ន្ធលេងដោយផ្តោតសំខាន់ទៅលើតំបន់ការពារឲ្យខ្លាំងជាងតំបន់ប្រយុទ្ធសម្រាប់ការតទល់ជាមួយណាហ្គាវើលនៅល្ងាចនេះ។ ការប្រកាន់បែបនេះ ដោយសារលោកគិតថា ណាហ្គាវើល ជាក្រុមដែលមានសមត្ថភាពខ្លាំងមួយក្នុងក្របខណ្ឌលីកកំពូលកម្ពុជា។
លោកបានបញ្ជាក់ផងដែរថា ក្រុមអគ្គិសនីកម្ពុជាមិនមានធនធានកីឡាករបរទេសសូម្បីតែម្នាក់ ពោលគឺសុទ្ធតែជាកីឡាករកម្ពុជា ដូច្នេះក្នុងការតទល់ជាមួយក្រុមណាហ្គាវើល លោក មិនរំពឹងទទួលបានជ័យជម្នះនោះឡើយ។ តែយ៉ាងណា ក្រុមអគ្គិសនីកម្ពុជាមានកីឡាករពោរពេញទៅដោយឆន្ទៈក្នុងការប្រកួត និងមិនមានបញ្ហារបួស។
បើយោងតាមលោក ប្រាក់ វុទ្ធី ការឡើងមកចូលរួមប្រកួតក្នុងក្របខណ្ឌលីកកំពូលកម្ពុជា ក្រុមរបស់លោកមិនរំពឹងក្នុងការទទួលជ័យជម្នះនោះទេ។ ហើយថ្នាក់ដឹកនាំក្លិបអគ្គិសនីកម្ពុជា នៅតែប្រកាន់ជំហរមិនទិញចូលកីឡាករបរទេសសម្រាប់ប្រើប្រាស់ក្នុងក្រុមឡើយ។
ក្រៅពីជំនួបរវាងក្រុមណាហ្គាវើលជាមួយក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានសៀមរាប ក៏មានការប្រកួតមួយគូទៀតផងដែរនាវេលាម៉ោង៣រសៀល គឺរវាងក្រុមខេមបូឌានថាយហ្គឺរ និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)៕
Tag:
Cambodian League 2017
គួច សុគម្ភៈ
ណាហ្គាវើល
អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com