ជាតិ
សង្គមជាតិ
រដ្ឋបាល​ក្រុងភ្នំពេញ ហាម​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ឆ្លងកាត់​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​៤ និង​លេខ​៥
18, Feb 2017 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ថ្ងៃទី ១៧ ខែកុម្ភៈ រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ដែល​ធ្វើ​ចរាចរណ៍​ចូល​ក្រុងភ្នំពេញ មិនអាច​បើកបរ​ឆ្លង​ការដ្ឋាន​សង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​ម៉ោង​៦ ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​៤​រសៀល ដល់​ម៉ោង​៨​យប់ បានឡើយ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ផ្លូវ​វាង​មួយចំនួន​នៅក្រៅ​ក្រុង ឲ្យ​រថយន្ត​ទាំងនេះ​ធ្វើ​ចរាចរណ៍ ដែល​ការកំណត់​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នៅ​ចំណុច​ការដ្ឋាន​សាងសង់ និង​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​ចប់​តាម​ផែនការ​។



​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការ​ពង្រាង​ចរាចរណ៍​ឆ្លង​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​ផ្លូវ​ទំនប់​កប់​ស្រូវ ដល់​វ​ង្វ​ង់​មូល​ចោមចៅ និង​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ស្ពាន​ព្រែក​ព្នៅ ដល់​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ​។

​បើតាម​សេចក្តីជូនដំណឹង​នេះ រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ នឹងមិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​ក្រុងភ្នំពេញ ឆ្លងកាត់​ចំណុច​ការដ្ឋាន​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​លេខ​៥ នេះ​បានឡើយ ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​៤​រសៀល ដល់​ម៉ោង​៨​យប់​។ បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ការហាម​ប្រាម​នេះ គឺ​ដើម្បី​បន្ថយ​ការស្ទះ​ចរាចរណ៍ និង​ព​ន្លឿ​ន​ការសាងសង់​ឲ្យ​ចប់​តាម​ផែនការ​។

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានកំណត់​ផ្លូវ​វាង​នៅក្រៅ​ក្រុង ដើម្បី​ឲ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ធ្វើដំណើរ​ចូល​ក្រុងភ្នំពេញ​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថា រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ដែល​ចូល​ក្រុងភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បត់​ស្តាំ​តាម​ចំណុច​ផ្សារ​បែក​ចាន តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤ ឬ​ផ្លូវបែក​ចាន​ប្រទះ​ឡាង រួច​ពង្រាង​ទៅ​ផ្លូវ​ព្រៃ​ស ឬ​ផ្លូវ 30M​ទួល​ពង្រ​ក៏បាន និង​អាច​បត់​ឆ្វេង​ត្រង់ចំណុច​ភ្លើងស្តុប​ទៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ឬ​ផ្លូវ​កប់​ស្រូវ​ក៏បាន​។ រីឯ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ដែល​ចូល​ក្រុងភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៣ ត្រូវ​ពង្រាង​បត់​ឆ្វេង​ត្រង់ចំណុច​វត្ត​ស្លែង តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៤ ឬ​ផ្លូវបែក​ចាន​ប្រទះ​ឡាង និង​ពង្រាង​បត់​ស្តាំ​ទៅ​ផ្លូវ​ព្រៃ​ស ឬ​ទៅ​ផ្លូវ​30M​ទួ​ទួល​ពង្រ​ក៏បាន​។ ដោយឡែក​ចំពោះ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ដែល​ចូល​ក្រុងភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ ត្រូវ​ពង្រាង​ទៅ​ផ្លូវ​កប់​ស្រូវ និង​ផ្លូវ​ហាណូយ​ចំពោះ​យានយន្ត​ដែលមាន​បណ្ណ​អនុញ្ញាត​ឲ្យ​ចេញ ចូល​រាជធានី​ភ្នំពេញ​៕


Tag:
 ​រដ្ឋបាល​ក្រុងភ្នំពេញ​
 ​ រថយន្ត​ដឹកទំនិញ​
  ​រថយន្ត​ធុន​ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com