បទយកការណ៍ / បទសម្ភាសន៍
វេជ្ជបណ្ឌិត លាង ផល្លា៖ ជំងឺរលាកថ្លើម មិនឆ្លងតាមការហូប និងការប្រើរបស់រួមគ្នាឡើយ!
× ភ្នំពេញ៖ ជំងឺរលាកថ្លើម គឺមេរោគដ៏សាហាវ ដែលពិបាកព្យាបាល។ លោក លាង ផល្លា វេជ្ជបណ្ឌិតជំងឺទូទៅនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឲ្យដឹងថា ជំងឺរលាកថ្លើម មិនបញ្ចេញរោគសញ្ញាឲ្យអ្នកជំងឺបានដឹងឡើយ ពោល គឺទាល់តែអ្នកជំងឺទៅពិនិត្យឈាម ទើបអាចរកឃើញមេរោគនេះ។ លោកបន្តថា មេរោគនេះ មិនឆ្លងតាមការហូប និងការប្រើរបស់រួមគ្នានោះទេ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មាននៅគេហទំព័រថ្មីៗ ជាមួយវេជ្ជបណ្ឌិត លាង ផល្លា ដូចតទៅ៖
លោកវេជ្ជបណ្ឌិត លាង ផល្លា រៀបរាប់ថា ជំងឺរលាកថ្លើម មានបីប្រភេទ គឺប្រភេទ A B និង C។ មេរោគថ្លើមប្រភេទ A គឺជាជំងឺរលាកថ្លើមដែលស្រាលបំផុត ស្ទើរតែមិនចាំបាច់ព្យាបាល។ ឯជំងឺរលាកថ្លើមប្រភេទB គឺអាចព្យាបាលបាន ប៉ុន្តែ គ្រាន់តែប្រើវេលាយូរ។ ដោយឡែក ជំងឺរលាកថ្លើមប្រភេទ C គឺជាប្រភេទធ្ងន់ធ្ងរជាងគេ ដែលអាចវិវត្តន៍ទៅក្លិនថ្លើម ហើយបណ្តាលឲ្យស្លាប់បាន ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ជំងឺរលាកថ្លើម គឺឆ្លងតាមរយៈការប៉ះឈាម ការរួមភេទ ពោល គឺរបៀបឆ្លងជំងឺនេះ មានលក្ខណៈស្រដៀងនឹងជំងឺអេដស៍ដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះ៖«ជំងឺនេះ បើតាមវិទ្យាសាស្ត្រ វាមិនឆ្លងតាមការប៉ះទឹកមាត់ ដោយការហូបជាមួយគ្នា ឬការប្រើប្រាស់របស់របររួមគ្នានោះទេ វាឆ្លងតែតាមរយៈឈាម ដូចជា ការចាក់ម្ជុលមិនស្អាត ការមុត… និងការរួមភេទ»។
តើត្រូវព្យាបាលជំងឺនេះ យ៉ាងដូចម្តេច?
លោកវេជ្ជបណ្ឌិត លាង ផល្លា អះអាងថា ដ្បិតជំងឺនេះ មិនបញ្ចេញរោគសញ្ញា តែគេនៅតែអាចរកមេរោគនេះឃើញ តាមរយៈការពិនិត្យឈាម។ គេអាចព្យាបាលជំងឺនេះ តាមរយៈការលេបថ្នាំគ្រាប់(មួយថ្ងៃមួយគ្រាប់) ដោយតបចំណីសមុទ្រ ជាតិអាកុល(ស្រា ស្រាបៀរ) និងចៀសវាងលេបថ្នាំដែលមានជាតិពុលខ្លាំង។
លោកបញ្ជាក់ថា វិធីដែលល្អបំផុត គឺត្រូវទៅពិនិត្យឈាម ដើម្បីស្វែងរកមេរោគនេះ ហើយប្រសិនបើរកឃើញមានជំងឺនេះ គឺត្រូវពិគ្រោះ និងព្យាបាល។
ប៉ុន្តែ ប្រសិនបើ រកមិនឃើញថា មានមេរោគរលាកថ្លើមនោះទេ គឺត្រូវប្រញាប់ចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបានទាន់ពេលវេលា ពីព្រោះ បច្ចុប្បន្ន វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B គឺមានវ៉ាក់សាំងការពារ ដោយឡែក ជំងឺរលាកថ្លើមប្រភេទ C គឺមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ៕
Tag:
ជំងឺថ្លើម
លាង ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com