ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ពិន័យ​បាន​ប្រាក់​ជិត​៩០​ម៉ឺន​ដុល្លារ ពី​យានយន្ត​ដឹកជញ្ជូន​ដែល​មិនទាន់​បង់ពន្ធ​ប្រចាំឆ្នាំ​២០១៦
19, Feb 2017 , 4:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
ដោយ: ថ្មីៗ
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ទទួលបាន​ប្រាក់​ពន្ធ និង​ពិន័យ​ពី​យានយន្ត​ដែល​មិនទាន់បាន​បង់ពន្ធ​ប្រចាំឆ្នាំ​២០១៦ ជិត​៩០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​១​ខែ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធ ប្រាក់​ពិន័យ​ទាំងនោះ គឺ​ទទួលបាន​ពីយានយន្ត​ដឹកជញ្ជូន​ជាង​៤​ពាន់​គ្រឿង ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ និង​កម្លាំង​សមត្ថកិច្ច រកឃើញថា​មិនបាន​បង់ពន្ធ​តាម​កាលកំណត់​។​



​ចាប់ពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧​មក កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានចាប់ផ្តើម​ចុះ​ត្រួតពិនិត្យ ដំណើរការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​២០១៦ ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ រយៈពេល​១​ខែ​មួយ​នេះ  អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រកឃើញ​រថយន្ត​ដឹកជញ្ជូន ចំនួន​៤,១១៨​គ្រឿង មិន​បានមក​ប្រកាស​បង់ពន្ធ​បាន​ទាន់ពេលវេលា ស្របតាម​ការកំណត់​ដោយ​ច្បាប់​។ រថយន្ត​ដែល​ល្មើស​ទាំងនោះ តម្រូវ​ឲ្យ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​នៅនឹងកន្លែង​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បន្តថា ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ ពី​រថយន្ត​ទាំងនោះ ចំនួន​៣,៦៥៩ លាន​រៀល សមមូល​នឹង ៨៩២,៤០២.៥​ដុល្លារ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ  នៅតែ​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​នេះ​បន្តទៀត ដើម្បី​ឲ្យ​ច្បាស់​ថា​យានយន្ត​ទាំងអស់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដោយ​ស្មើភាព​គ្នា តាម​ការ​កំណត់ដោយ​ច្បាប់​៕


Tag:
 ពន្ធដារ​
 ​ ពិន័យ​
 ​ យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com