កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ Atuheire Kipson រកបាន៤គ្រាប់ម្នាក់ឯងដើម្បីជួយណាហ្គាវើលលត់អគ្គិសនីកម្ពុជា ៤-១
× ខ្សែប្រយុទ្ធ Atuheire Kipson រកបាន៤គ្រាប់ម្នាក់ឯងដើម្បីជួយណាហ្គាវើលលត់ក្រុមទើបឡើងពីក្របខណ្ឌលីកលំដាប់ទី២អគ្គិសនីកម្ពុជា ៤-១ ក្នុងថ្ងៃបើកឆាកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ រីឯក្រុមខេមបូឌានថាយហ្គឺរបានត្រឹមស្មើ ១-១ ជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជានៅលើទឹកដីសៀមរាប។
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាកាលពីថ្ងៃទី១៨ ខែកុម្ភៈ កីឡាករ ផាន់នី អ៊ីរដ្ឋា បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមអគ្គិសនីកម្ពុជានៅនាទី១១។ ក្រោយមកខ្សែប្រយុទ្ធ Atuheire Kipson បានរកគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ក្រុមណាហ្គាវើលនៅនាទី១៤ មុនចប់វគ្គទី១។
នៅនាទី៦៦វគ្គទី២ខ្សែប្រយុទ្ធ Atuheire Kipson បានរកគ្រាប់បាល់នាំ ២-១ សម្រាប់ក្រុមណាហ្គាវើល។ ក្រោយមកខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានសម្រេចគ្រាប់ទី៣បន្ថែមនៅនាទី៦៨ មុនរកបានគ្រាប់ទី៤ដែលជាគ្រាប់ជ័យជម្នះ ៤-១ លើក្រុមអគ្គិសនីនៅនាទី៨២។ ៤គ្រាប់នៅលើទឹកដីខេត្តស្វាយរៀងរបស់ខ្សែប្រយុទ្ធមកពី Uganda រូបនេះបានជួយឲ្យក្រុមណាហ្គាវើលទទួលបាន៣ពិន្ទុក្នុងជំនួបថ្ងៃដំបូងនៃរដូវកាលថ្មី។
ដោយឡែកការប្រកួតនៅកីឡដ្ឋានខេត្តសៀមរាបក្រុមខេមបូឌានថាយហ្គឺរបានចែកគ្នា១ពិន្ទុជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក្រោយចប់ការប្រកួតក្រុមទាំងពីររក្សាលទ្ធផលស្មើ ១-១។ កីឡាករ Okereke Timothy បានសម្រេចគ្រាប់ឲ្យក្រុមខេមបូឌានថាយហ្គឺរ ខណៈកីឡាករ Michael Tutu ជាអ្នករកគ្រាប់បាល់ឲ្យក្រុមស៊ីម៉ាក់៕
Tag:
Cambodian League 2017
ណាហ្គាវើល
អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com