សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Nokia 3310 អាចមាន​វត្តមាន​ឡើងវិញ​នៅលើ​ទីផ្សារ​
20, Feb 2017 , 8:30 am        
រូបភាព
ដោយ: ធីតា
បើទោះបីជា​មានការ​ប្រកួត​ប្រជែង​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ពេញទី​ផ្សារ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​ណូគា ប្រហែលជា​មិន​ភ្លេច​ឡើយ Nokia 3310 ដែលជា​ប្រភេទ​ទូរ​សព្ទ​ធុន​បំផុត និង​ពេញនិយម​បំផុត​នាពេល​កន្លងមក​។ ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ HMD Global Oy ដែលជា​ដៃគូ​សហការ​ផលិត​គ្រឿងបន្លាស់​ឲ្យ​ណូគា បាន​បង្ហើប​ព័ត៌មាន​ទាក់ទង​នឹង​ការបង្ហាញ​វត្តមាន​ឡើងវិញ​របស់ Nokia 3310 នា​សមាជ Mobile World Congress នៅក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ នាពេលខាងមុខ​។​



Nokia 3310 នៅតែ​ស្ថិតក្នុង​បេះដូង​របស់​អ្នកប្រើប្រាស់​មួយចំនួន​។ យោងតាម​ការផ្សាយ​រប​ស់ The Telegraph ក្រុមហ៊ុន​ណូគា បាន​លក់​ចេញ​ម៉ូ​ដែល​ប្រភេទ​បាន​ជាង​១០០​លាន​គ្រឿង​។ នា​សមាជ GSMA Mobile World Congress ឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែ​មិនា ក្រុមហ៊ុន HMD ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​ណូគា បានបង្ហាញ​តម្រុយ​ឲ្យ​ឃើញថា Nokia 3310 នឹង​វិល​ត្រឡប់មកវិញ​។​

​បើទោះបីជា​មិនមាន​ការបញ្ជាក់​ផ្លូវការ​យ៉ាងណាក៏ដោយ ប៉ុន្តែ​បណ្តាញសារព័ត៌មាន​ជំនាញ​បច្ចេកវិទ្យា បាន​អះអាងថា Nokia 3310 ប្រចាំឆ្នាំ​២០១៧​នេះ នឹង​ដាក់លក់​ក្នុងតម្លៃ​៥០​ផោន (​ជាង​៦២​ដុល្លារ​អាមេរិក​)​។

Nokia 3310 ត្រូវបានគេទទួលស្គាល់​ថា ជា​ទូរ​សព្ទ​ដ៏​ធុន​បំផុត​។ បណ្តា​អ្នកប្រើប្រាស់​និយម​ធ្វើការ​ប្រៀបធៀប​ថា ម៉ូ​ឌែ​ល​ទូរ​សព្ទ​ផ្សេង បែក​អេក្រង់​នៅពេលដែល​ធ្លា​ក់លើ​ថ្ម ប៉ុន្តែ Nokia 3310 ធ្លាក់​លើ​ថ្ម ធ្វើ​ឲ្យ​ថ្ម​បែក​។ 3310 ដែល​គ្មាន​កា​ម៉េ​រ៉ា និង​មាន​ពណ៌​តែ​ខ្មៅ​ស​នោះ អាច​ធុន​ថ្ម​រហូតដល់​២​សប្តាហ៍ ហើយ Game ដ៏​ល្បីល្បាញ​របស់​វា គឺ​ហ្គេម​ពស់ II (Snake II)​។​

​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានលើកឡើង​ថា Nokia 3310 អាចមាន​ទម្រង់​ដូច​ម៉ូ​ឌែ​ល​ចាស់ ប៉ុន្តែ​នឹងមាន​ការបន្ថែម​ប្រតិបត្តិការ​បែប​ស្មា​ត​ហ្វូ​ន តាម​ប្រព័ន្ធ Android​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​រំពឹងថា Nokia 3310 អាច​ស្ថិតក្នុង​ទម្រង់​ចាស់​របស់ខ្លួន ហើយ​វា​អាច​ក្លាយជា​ទូរ​សព្ទ​ទី​ពីរ​ដ៏​ពេញនិយម​សម្រាប់​អ្នកប្រើប្រាស់ ជាពិសេស​អ្នក​ដែល​ធុញថប់​នឹង​ការ​សាក​ថ្ម​ញឹកញាប់ និង​អ្នក​ដែល​មិន​ចង់ឃើញ Notification អ៊ី​ន​ធ័​រ​ណិ​ត ឬ​បណ្តាញ​សង្គម​រំខាន​៕


Tag:
 បច្ចេកវិទ្យា
  Nokia
© រក្សាសិទ្ធិដោយ thmeythmey.com