សូម​ប្រយ័ត្ន​! ក្រោយពី​បាយ​រួច​ភ្លាម ហាម​ធ្វើ​រឿង​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
សូម​ប្រយ័ត្ន​! ក្រោយពី​បាយ​រួច​ភ្លាម ហាម​ធ្វើ​រឿង​ទាំងនេះ​
02, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​ញ៉ាំ​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេលយប់ ឬ​អាហារ​ផ្សេងៗ យើងទាំងអស់គ្នា​ច្រើនតែ​មាន​ទម្លាប់​ដូចខាងក្រោម​នេះ​។ យ៉ាងណាមិញ ទម្លាប់​តិចតួច​ទាំងនេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធំ​ដល់​សុខភាព​យើង​បាន ប៉ុន្តែ​មិនសូវមាន​នរណា​ដឹង​ឡើយ​។​



​ញ៉ាំ​ផ្លែឈើ​

​ផ្លែឈើ​មាន​ជាតិ​ស្ករ​ធម្មជាតិ ជីវជាតិ ជាតិ​សរសៃ និង​សារធាតុ​ផ្សេងៗ​ទៀត​ជាច្រើន អាច​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ពេល​កាន់តែ​យូរ​ក្នុងការ​បឺត​ស្រូប​ចូលទៅក្នុង​រាងកាយ​។ បើសិនជា​អ្នក​ញ៉ាំ​ផ្លែឈើ​ក្រោយ​បាយ​រួច អ្នក​ប្រឈម​ខ្ពស់​នឹង​ការ​ភឺ ក្រហាយ​ដើមទ្រូង និង​ក្រពះ​កិន​មិន​បានល្អ​ទេ​។​

​ជក់បារី​

​មនុស្ស​គ្រប់គ្នា​តែងតែ​ដឹង​ហើយ​ថា ការជក់បារី​មិន​ដែលមាន​ប្រយោជន៍​អ្វី​ដល់​សុខភាព​ឡើយ ថែមទាំង​បំផ្លាញ​សុខភាព​ទៀត ដូច្នេះ​អ្នក​ដែលមាន​ទម្លាប់​ជក់បារី​ក្រោយ​បាយ​រួច​ច្បាស់​ជា​គ្មានអ្វី​និយាយ​ច្រើន​ពី​ខូចសុខភាព​ឡើយ​។ មានន័យថា ជាតិ​នីកូទីន​នឹង​ដក់​ជាប់​ក្នុង​ម៉ូលេគុល​អុកស៊ីសែន​សម្រាប់​ទៅ​រំលាយ​អាហារ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​រាងកាយ​បឺត​ស្រូប​សារធាតុបង្កមហារីក​ចូលក្នុង​ខ្លួន​កាន់តែខ្លាំង រហូតដល់​ប្រឈម​ខ្ពស់​នឹង​មហារីក​ពោះវៀន ឬ​សួត​បាន​។​

​ញ៉ាំ​កាហ្វេ ឬ​តែ​

​រឿងនេះ​ទំនងជា​មិនមាន​អ្វី​ខុស​ឡើយ​ក្នុងការ​ញ៉ាំ​កាហ្វេ​ក្តៅ​មួយ​ពែង​ក្រោយពី​បាយ​រួច ប៉ុន្តែ​ការធ្វើ​បែបនេះ​អាច​រំខាន​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​ដែល​ញ៉ាំ​រួច​។ តែ​ផ្ទុក​ទៅដោយ Tannic Acids ដែល​អាច​ភ្ជាប់​ខ្លួន​ជាមួយនឹង​ម៉ូលេគុល​ជាតិ​ដែក និង​ប្រូតេអ៊ីន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​។ អ្នកវិទ្យាសាស្ត្រ​និយាយថា សកម្មភាព​មួយ​នេះ​នឹង​កាត់បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​ខ្លួន​រហូតដល់ ៨០​ភាគរយ ដែល​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ការ​កង្វះ​គ្រាប់​ឈាម មិន​ឃ្លាន​អាហារ ត្រជាក់​ចុងដៃចុងជើង ឈឺទ្រូង វិលមុខ ឬ​អស់កម្លាំង រហូតដល់​ស្បែក​ទៅជា​ស្លេកស្លាំង​ថែមទៀត​។​

​ងូតទឹក​

​ការ​ងូតទឹក​ក្រោយពី​បាយ​រួច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅ​ដៃ និង​ជើង​កាន់តែច្រើន ដូច្នេះ វា​នឹង​កាត់បន្ថយ​លំហូរ​ឈាម​ក្នុង​ក្រពះ​។ កាលណា​ក្រពះ​មិនមាន​លំហូរ​ឈាម​គ្រប់គ្រាន់ វា​នឹងមិន​អាចរំលាយ​អាហារ​បានល្អ​ឡើយ​។ ដូច្នេះ​វា​នឹង​បង្ក​ជាការ​ឈឺក្រពះ និង​ខ្សោយ​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ថែមទៀត​។​

​គេង​ភ្លាម​

​ទាំង​គេ​ទាំង​ខ្ញុំ​តែងតែ​ចង់ទៅ​គេង​ភ្លាម​ក្រោយពី​បាយ​រួច​។ ប៉ុន្តែ​បើសិនជា​អ្នកធ្វើ​បែបនេះ​មែន អ្នកនឹង​អាច​ប្រឈម​ខ្ពស់​នឹង​ការ​ភ្ញាក់​ពី​គេង​មកវិញ​ទាំង​មិន​ស្រួល​ក្នុង​ខ្លួន​ដូចជា ហើមពោះ មាន​ទម្លាប់​មិនល្អ​ក្នុងការ​គេង​ខុសពេល និង​ក្រហាយ​ក្នុង​ទ្រូង​នៅពេល​យប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com