ជាតិ
លោក ជាម យៀប មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល តែស្រាល រូបថតលោក ជាម យៀប ពីហ្វេសប៊ុកប្រធានគណៈកម្មការទី ២ រដ្ឋសភា
× ភ្នំពេញ៖ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការជំនាញទីពីរនៃរដ្ឋសភា កំពុងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke)។ នេះជាការអះអាងរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង និយាយថា ជំងឺរបស់លោក ជាម យៀប គឺបណ្តាលមកពីការលើសឈាម។ លោកអះអាងថា លោក ជាម យៀប បានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត អស់រយៈពេលប្រហែល៤ថ្ងៃមកហើយ។ យ៉ាងណា អ្នកនាំពាក្យរដ្ឋសភាខាងលើ បានប្រាប់ថា ជំងឺរបស់លោក ជាម យៀប មិនធ្ងន់ធ្ងរនោះទេ។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា ឥឡូវនេះ លោក ជាម យៀប ធូរស្បើយ និងអាចនិយាយបានជាធម្មតាឡើងវិញហើយ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ជំងឺគាត់ គឺដាច់សរសៃខួរក្បាល តែដាច់តិចតួចទេ។ ជំងឺគាត់ស្រាលទេ»។
សូមស្តាប់សំឡេង លោក ឡេង ប៉េងឡុង
លោក ឡេង ប៉េងឡុង បន្តទៀតថា ដោយសារតែជំងឺមានលក្ខណស្រាល ដូច្នេះក្រុមគ្រួសាររបស់លោក ជាម យៀប ទំនងជាមិនបញ្ជូនលោក ជាម យៀប ទៅព្យាបាលនៅក្រៅប្រទេសនោះទេ។ បើតាមលោក ឡេង ប៉េងឡុង ដដែល លោក ជាម យៀប អាចនឹងចាកចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com