English-Français
អ្នកស្រី Marine Le Pen ប្រធាន​បក្ស​រណសិរ្ស​ជាតិ​មាន​នយោបាយ​ដូច​លោក Trump កំពុង​ឈានទៅរក​តំណែង​ប្រធានាធិបតី​បារាំង​ឬ​?
20, Feb 2017 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​១ នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ខែមេសា និង​ជុំ​ទី​២ នៅ​ខែឧសភា​ឆ្នាំ​២០១៧​ខាងមុខនេះ​។ ប្រទេស​បារាំង​​រៀបចំការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​រៀងរាល់​៥​ឆ្នាំ​ម្តង​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧​នេះ គេ​មិនទាន់​ដឹងថា តើ​មាន​បេក្ខជន​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​ដែល​នឹង​ឈ​រឈ្មោះ​ជា​ប្រធានាធិបតី ព្រោះ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ពាក្យ​បេក្ខជន​ឈ​ឈ្មោះ​បោះឆ្នោត​ត្រូវ​កំណត់​នៅក្នុង​ខែ​មិនា​ខាងមុខនេះ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ និង​តាមដាន​ខ្លាំង​សម្រាប់​ការបោះឆ្នោត​បារាំង​នៅពេលនេះ គឺថា អ្នកស្រី Marine Le Pen ប្រធាន​គណបក្ស​រណសិរ្ស​ជាតិ​ដែលមាន​នយោបាយ​ដូច​លោក Trump ប្រធានាធិបតី​អាមេរិក​កំពុង​ឈានទៅរក​តំណែង​ប្រធានាធិបតី​បារាំង​នាពេល​ខាងមុខនេះ​។ តើ​មូល​ហេតុអ្វី​បានជា​ប្រធាន​គណបក្ស​តូច​មួយ​នេះ ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ម្ល៉េះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ឆ្នាំ​២០១៧​នេះ​?



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​ថ្មីៗ និង​លោក Pierre Gillette ជនជាតិ​បារាំង និង​ជា​អតីត​និពន្ធ​នាយក​សារព័ត៌​បារាំង​នៅ​កម្ពុជា ដូចតទៅ​៖

​បទ​សម្ភាស​មាន​សំឡេង​ជា​ភាសា​បារាំង​





​បញ្ជី​បេក្ខជន​ប្រធានាធិបតី​បារាំង​ជា​ផ្លូវការ​នៅ​មិនទាន់​ត្រូវ​បិទ​បញ្ចប់​នៅឡើយ​ទេ ពោល គឺ​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការចុះបញ្ជី​ឈ​ឈ្មោះ​ប្រធានាធិបតី​បារាំង​ត្រូវបាន​គេ​កំណត់​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០១៧ ហើយ​ការបោះឆ្នោត​ជុំ​ទី​១ នឹងធ្វើ​ឡើង​នៅ​ខែមេសា និង​ជុំ​ទី​២ នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៧​ខាងមុខនេះ​។

​បញ្ជី​ឈ្មោះ​ផ្លូវការ​មិនទាន់មាន​មែន​។ ប៉ុន្តែ​បេក្ខជន​ល្បីៗ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សារព័ត៌​មានបារាំង និង​សារព័ត៌មាន​បរទេសមួយ​ចំនួន​ធំ​។ កាល​ពីមួយ​ឆ្នាំមុន ពលរដ្ឋ​បារាំង​នាំគ្នា​សង្ឃឹមថា លោក Alain Juppé  អតីត​នាយករដ្ឋមន្ត្រី​ជំនាន់​ប្រធានាធិបតី​លោក Jacque Chirac (​បក្ស​ស្តាំនិយម​) អាច​នឹង​ជាប់ឆ្នោត​ជា​ប្រ​ធា​ធិបតី​បារាំង​ឆ្នាំ​២០១៧​នេះ​។ ក្រោយមក មានការ​ផ្គូផ្គង​ថា លោក Francois Fillon នាយករដ្ឋមន្ត្រី​បារាំង​ជំនាន់​ប្រធានាធិបតី​លោក Nicolas Sarkozy (​បក្ស​ស្តាំនិយម​) អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំនេះ​។ តែ​ក្រោយមក​លោក Fillon ក៏មាន​រឿងអាស្រូវ​មួយចំនួន​។ ដូច្នេះ អ្វីៗ​ក៏​គ្មាន​នរណា​អាច​ទស្សន៍ទាយ​ដឹង​ជាមុន​បានឡើយ​។

​ស្របពេល​ដែល​លោក Fillon កំពុង​លេចមុខ​លេច​មាត់ ក៏​ស្រាប់​តែមាន​បេក្ខជន​ប្រធានាធិបតី​ថ្មី​មួយទៀត​ឈ្មោះ Emmanuel Macron ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​នៃ​ប្រធានាធិបតី​លោក Francois Hollande(​បក្ស​ឆ្វេងនិយម​)​។ លោក Emmanuel Macron បង្កើត​ចលនា​មួយ​ដោយ​ខ្លួនឯង​ដែលមាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា En Marche ឬ​ជា​ភាសា​អង់គ្លេស​ថា on the Move​។ ជាការ​កត់សម្គាល់​បើទោះបី​ជាមាន​បេក្ខជន​ល្អៗ​មកពី​បក្ស​ស្តាំនិយម ឬ​ឆ្វេងនិយម ឬ​កណ្តាល​និយម​យ៉ាងណាក៏ដោយ ក៏​គណបក្ស​រណសិរ្ស​ជាតិរ​ប​ស់លោក ស្រី Marine Le Pen បាន និង​កំពុង​ទាញយក​បេះដូង​ជនជាតិ​បារាំង​យ៉ាងខ្លាំង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧​នេះ​។

​តាំងពី​ការបង្កើត​នៅ​ទសវត្សរ៍​៧០​មក គណបក្ស​ត​ពី​ឪពុក​រហូតមកដល់​លោកស្រី​មិនដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទេ​។ តែ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧​នេះ ពលរដ្ឋ​បារាំង​ហាក់បីដូចជា​ពិបាក​ទស្សន៍ទាយ​ទុកជាមុន​ណាស់​។ លោក Pierre Gillette អ្នកកាសែត​ជនជាតិ​បារាំង​ដែល​បាន​តាមដាន​ស្ថាន​ការ​នយោបាយ​បារាំង និង​ខ្មែរ​យ៉ាងច្បាស់​នោះ​នៅតែ​ពិបាក​ទស្សន៍ទាយ​លទ្ធផល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នៅ​ខែ​ខាង​មុននេះ​ដែរ ព្រោះ​ទិដ្ឋភាព​នយោបាយ​បារាំង​មានការ​ប្រែប្រួល​ខ្លាំង​ដូច​នៅ​សហរដ្ឋអាមេរិក​ដែរ​។ បើ​យោងតាម​លោក Pierre Gillette, សារ​ឃោសនា​របស់​អ្នកស្រី Marine Le Pen មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេពី​លោក Trump ដែល​ទើប​ជាប់ឆ្នោត​ប្រធានាធិបតី​អាមេរិក​។

​សារ​នយោបាយ​ដែល​លើកឡើង​ដោយ​លោកស្រី Marine Le Pen ហើយ​ចាក់​បេះដូង​ពលរដ្ឋ​បារាំង​នៅពេលនេះ គឺប្រធាន​បទ​អត្រា​នៃ​អ្នក​អត់​ការធ្វើ​កើនឡើង​, ប្រឆាំង​ការហូរចូល​ជនអន្តោប្រវេសន៍​, សកម្មភាព​ភេ​វរ​កម្ម​, បារាំង​ត្រូវ​ចាក​ចេញពី​អឺរ៉ុប​, ត្រូវ​បិទ​ព្រំដែន​បារាំង​។​ល​។ លោក Pierre Gillette បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​បារាំង មាន​ចលនា​ជាតិនិយម​នេះ​តាំងពី​យូរ​មកហើយ ហើយ​គំនិត​ជាតិនិយម​នេះ​ចេះតែ​រីក​ធំធាត់​ឡើងៗ ព្រោះ ពលរដ្ឋ​បារាំង​ចេះតែ​អស់សង្ឃឹម​ក្នុង​ជីវិត​រឿង​អត់​ការងារ​ធ្វើ ឬ​ខ្លាច​ជនអន្តោប្រវេសន៍​មក​ដ​ណ្តើ​ម​ការងារ​បារាំង​ធ្វើ​។​ល​។

​ដោយសារតែ​បញ្ហា​ខាងលើ​នេះហើយ ទើប​លោកស្រី Marine Le Pen កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​សង្គម​បារាំង​នាពេលនេះ​។ តើ​លោកស្រី Marine Le Pen អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​ឬទេ​? សំណួរ​នេះ​ត្រូវបាន​ឆ្លើយ​ដោយ​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​បារាំង​ថា អត់​ជាប់​ទេ​។ អត់​ជាប់ ព្រោះ​នយោបាយ​លោកស្រី​ស្រដៀង​គ្នា​ទៅនឹង​នយោបាយ​លោក Trump ដែលមាន​គំនិត​ប្រកាន់ពូជសាសន៍ និង​គាំពារ​និយម​ខ្លាំងពេក​។

​ពលរដ្ឋ​បារាំង​គិតថា​លោកស្រី Marine Le Pen មិនអាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​បានឡើយ​។ ប៉ុន្តែ​ពលរដ្ឋ​បារាំង​ក៏​មិន​ហ៊ាន​បដិសេធថា លោកស្រី​មិនជា​ប់​នោះដែរ ព្រោះ ពួកគេ​ខ្លាច​ករណី​លោក Trump មិន​ត្រឹមតែ​កើតឡើង​នៅក្នុង​ប្រទេស​អាមេរិក តែ​វា​អាច​កើតឡើង​នៅក្នុង​ប្រទេស​បារាំង​ដែរ​៕


Tag:
 បោះឆោ្នតបារាំង​
  ​Marine Le Pen
  Pierre Gillette
© រក្សាសិទ្ធិដោយ thmeythmey.com