ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិកបារម្ភ​ខ្លាំង ក្រោ​យខ្លឹមសារថ្មី​នៃ​ច្បាប់​បក្ស​នយោបាយ ​ត្រូវរដ្ឋសភាអនុម័ត​
20, Feb 2017 , 4:31 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​
រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​
ដោយ: ថ្មីៗ



រដ្ឋាភិបាលអាមេរិក ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះសេចក្តី​ស្នើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​គណបក្សនយោបាយ ដែលទើបតែត្រូវបានរដ្ឋសភា អនុម័តនៅថ្ងៃទី ២០ ខែកុម្ភៈ​។

តាម​រយៈទំព័រហ្វេសប៊ុក​ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ អាមេរិក លើកឡើងថា សំណើវិសោធនកម្ម​នៃច្បាប់នេះ អនុម័តដោយមាន​ការពិ​គ្រោះយោបល់​ ឬពិភាក្សាជាសាធារណៈតិចតួច។ « វិសោធនកម្មនេះ បានផ្តល់​អំណាច​យ៉ាងធំ​ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិត​ដល់សេរីភាព​ក្នុងការបញ្ចេញ​មតិ និងសកម្មភាព​ច្បាប់​នានារបស់​គណបក្ស​នយោបាយ​ ហើយស្ថិតនៅ​ក្រោមកាលៈទេសៈ​មិន​ច្បាស់លាស់ណាមួយ គឺ​រំលាយគណបក្សនយោបាយតែម្តង»។ នេះជាខ្លឹមសារសំខាន់​មួយ ដែលរដ្ឋាភិបាល​អាមេរិក​កំពុង​តែ​បារម្ភ ទន្ទឺមនឹងឆ្លៀតរម្លឹកពីរដ្ឋធម្ម​នុញ្ញកម្ពុជា យ៉ាង​ដូច្នេះថា៖« កម្ពុជាជាប្រទេសកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ  សេរីពហុបក្ស និងធានាសិទ្ធិ​ពលរដ្ឋ​របស់ខ្លួនក្នុង​ការបង្កើតបក្ស​នយោបាយ»។ 

ជាមួយគ្នា រដ្ឋាភិបាលអាមេរិក មាន​កង្វល់​ទៀតថា សកម្មភាពណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយ សម្រាប់ការអភិវឌ្ឍ​នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំឲ្យមានសំណួរពីភាពស្របច្បាប់ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់​នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោត និង​ការបោះឆ្នោតក្នុងឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ មានលក្ខណៈសេរី បើកចំហរនិងតម្លាភាព ហើយគ្រប់គណបក្ស​នយោបាយទាំងអស់មានឱកាសក្នុងការ​ប្រកួតប្រជែងដោយស្មើភាពគ្នា»។ នេះជាការអំពាវនាវរបស់​រដ្ឋាភិបាល​អាមេរិក នៅលើ​ទំព័រហ្វេសប៊ុកស្ថានទូតខ្លួនប្រចាំនៅកម្ពុជានៅរសៀល​ថ្ងៃ​ចន្ទ​។ 



Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com