ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​បក្សនយោបាយ ដែល​រដ្ឋសភា​បានអនុម័ត ស្របតាម​សភាពការណ៍​ជាតិ​
20, Feb 2017 , 8:59 pm        
រូបភាព
លោក ឈាង វុន អ្នក​រដ្ឋសភារបស់គណបក្សប្រជាជន​កម្ពុជា។ រូបថត ជា ធីរិទ្ធ
លោក ឈាង វុន អ្នក​រដ្ឋសភារបស់គណបក្សប្រជាជន​កម្ពុជា។ រូបថត ជា ធីរិទ្ធ
​ភ្នំពេញ​៖ រដ្ឋសភា បានអនុម័ត​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ តំណាងរាស្ត្រ​បក្ស​កាន់អំណាច លោក ឈាង វុន នៅតែ​អះអាងថា ការកែប្រែ​ច្បាប់​ខាងលើ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ស្របតាម​សភាពការណ៍​ជាតិ​បច្ចុប្បន្ន​។ ប៉ុន្តែ តំណាងរាស្ត្រ​បក្សប្រឆាំង យល់ឃើញ​ផ្ទុយ​ពីនេះ​។



​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩៧  ត្រូវបាន​រដ្ឋសភា ធ្វើ​វិ​សោធ​កម្ម​ហើយ តាមរយៈ​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២០ ខែកុម្ភៈ​។ កិច្ចប្រជុំ​អនុម័ត​លើ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ គឺ​មានតែ​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើពហិការ​មិន​ចូលរួម​ពិនិត្យ​និង​អនុ​វ​ម័ត​នោះទេ​។

​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះ លោក ឈាង វុន ប្រធាន​គណៈកម្មការ​ជំនាញ​ទី ៥ នៃ​រដ្ឋសភា បាន​លើកឡើងថា ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលមាន​អាយុកាល ២០ ឆ្នាំ​មកហើយ​នោះ មាន​ភាពខ្វះ​ចន្លោះ ដូច្នេះ​ត្រូវតែមាន​ការបំពេញបន្ថែម និង​ការកែប្រែ​។ លោក បន្តទៀតថា ដោយសារតែ​ច្បាប់​ខាងលើ មិនមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​បែបនេះហើយ ទើប​បណ្តាល​ឲ្យ​គណបក្ស​ន​យោ​យ​បាយ​មួយចំនួន បង្កបញ្ហា​ជាច្រើន​ដល់​ប្រទេសជាតិ​។

​បើតាម​លោក ឈាង វុន មូលហេតុ​ទាំងនេះ បាន​ជំរុញ​ឲ្យ​បក្ស​កាន់អំណាច ត្រូវតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ខាងលើ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង​សភាពការណ៍​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​ដើម្បី​ផលប្រយោជន៍​ជាតិ​។ លោក សង្កត់ធ្ងន់ថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​សមត្ថកិច្ច​កាន់តែ​ទូលំទូលាយ ក្នុងការ​គ្រប់គ្រង​គណ​បក្សនយោបាយ​។

​សូម​ស្តាប់​សំឡេង​លោក ឈាង វុន​




​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ឆ្លងកាត់​ការសិក្សា​យ៉ាង​ល្អិតល្អន់​រួចរាល់​ហើយ មុននឹង​ឈានដល់​ការអនុម័ត​នា​ថ្ងៃនេះ​។ លោក បន្ថែមថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ មាន​លក្ខណៈ​ពេញលេញ ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព ទៅលើ​គណបក្សនយោបាយ​នៅ​កម្ពុជា​។

​លោក ឡេង ប៉េងឡុង បាន​បដិសេធ​ចំពោះ​ការ​លើកឡើងថា ការកែប្រែ​ច្បាប់​ខាងលើ ដើម្បី​គាបសង្កត់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ណាមួយ​។  លោក បញ្ជាក់ថា ក្រោយ​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហ​ស្ថ​ឲ្យ​ប្រើប្រាស់ ច្បាប់​នេះ នឹងត្រូវ​អនុវត្ត​ទៅលើ​គ្រប់​គណបក្ស​។

​សូម​ស្តាប់​សំឡេង​លោក ឡេង ប៉េងឡុង​




​ជា​នីតិវិធី រដ្ឋសភា ត្រូវបញ្ជូន​ខ្លឹមសារ​នៃ​ច្បាប់​នេះ ទៅ​ឲ្យ​ព្រឹទ្ធសភា ពិនិត្យ​។ ក្រោយ​ព្រឹទ្ធសភា ពិនិត្យ​ចប់សព្វគ្រប់ ហើយក៏​យល់ស្រប​ដែរនោះ រដ្ឋសភា នឹង​បញ្ជូន​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ជា​លើកចុងក្រោយ​។ ប្រសិនបើ​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​ជំទាស់​នោះទេ រដ្ឋសភា ត្រូវ​ថ្វាយ​ខ្លឹមសារ​នៃ​ច្បាប់ ទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ឡាយព្រះហស្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ក្រោយ​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហ​ស្ថ​រួចហើយ ច្បាប់​នេះ ត្រូវ​ចូល​ជា​ធរមាន​។ ទាំងនេះ គឺជា​ការពន្យល់​របស់​អ្នក​ន​ពាក្យ​រដ្ឋសភា​ដដែល​។ 

​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការកែប្រែ​ច្បាប់​ស្តីពី គណបក្សនយោបាយ​ថា ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ហើយ​អាច​នាំ​ឲ្យ​ប្រទេសជាតិ មានការ​បែកបាក់​។ បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ថែមទាំង​លើកឡើង​ទៀតថា ការកែប្រែ​ច្បាប់​ខាងលើ គឹ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​

​កន្លងមក គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ស្នើ​ឲ្យ​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា បង្អង់​ការកែប្រែ​ច្បាប់​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ហេតុផល​ថា ការធ្វើ​ច្បាប់​នីមួយៗ ត្រូវការ​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ និង​មានការ​ចូលរួម​ផ្តល់យោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​គណបក្ស​ជាង​៧០ ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​ក្រុម​សង្គម​ស៊ីវិល ផងដែរ​។

​ប៉ុន្តែ​សំណើ​របស់​បក្សប្រឆាំង ត្រូវបាន​បក្ស​កាន់អំណាច​ច្រានចោល​។ បក្ស​កាន់អំណាច ឆ្លើយតប​វិញ​ថា ការជជែក​គ្នា​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គឺ​គ្រប់គ្រាន់​ហើយ សម្រាប់​ការធ្វើវិសោធកម្ម​ច្បាប់​នេះ​។ ម្យ៉ាងទៀត បក្ស​កាន់អំណាច ថែមទាំង​បញ្ជាក់ថា ខ្លួន​បាន​សិក្សា​យ៉ាង​ស៊ីជម្រៅ​រួចហើយ មុននឹង​បញ្ជូន សំណើសុំ​ឲ្យ​កែប្រែ​ច្បាប់​នេះ ទៅ​រដ្ឋសភា​។

​ដោយសារតែ​ការកែប្រែ​ច្បាប់​នេះ ឯកឧត្តម សម រង្ស៊ី ក៏​សម្រេចចិត្ត​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯប​រទេស ទំនងជា​ដឹងខ្លួន​ថា មុន​ឬ​ក្រោយ គង់តែ​បាត់បង់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​ទេ​។ មូលហេតុ​នោះ គឺថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​នេះ បាន​កំណត់ថា ទណ្ឌិត​មិនអាច​មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្ស​ឡើយ ហើយ​បច្ចុប្បន្ននេះ ឯកឧត្តម សម រង្ស៊ី បាន​ក្លាយជា​ទណ្ឌិត​បាត់​ទៅហើយ តាមរយៈ​ការកាត់ទោស​របស់​តុលាការ​កម្ពុជា​។

​ឯកឧត្តម សម រង្ស៊ី បានប្រកាសថា ការបោះបង់​តំណែង​ជា​ប្រធាន គឺ​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​រងគ្រោះ​ដោយសារតែ​ខ្លួន​។ ឯកឧត្តម សម រង្ស៊ី ថែមទាំង​លើក​ពី​គុណសម្បត្តិ​របស់​ផងដែរ​ថា ឯកឧត្តម សុខចិត្ត​បោះបង់​តំណែង ឲ្យ​ជាតិ​គង់វង្ស​។ 

​ចំណែក​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន ក៏​ធ្លាប់​រិះគន់​ដែរ​ថា ការកែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ផាត់​ឯកឧត្តម សម រង្ស៊ី ចេញពី​ឆាកនយោបាយ​នៅ​កម្ពុជា និង​ដាក់​សម្ពាធ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគេ ហាក់​មិន​ជឿថា ការធ្វើវិសោធកម្ម​ច្បាប់​ខាងលើ ដើម្បី​ប្រយោជន៍​ជាតិ​នោះទេ​។

​មាត្រា​ថ្មី​មួយចំនួន ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ យោងតាម​មាត្រា​ថ្មី​ទាំងនោះ ទណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​នោះទេ​។ ជាងនេះទៀត គណបក្ស​ណាមួយ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​។

​មាត្រា​១៨ បានសរសេរថា​៖«​ប្រធាន​និង​អនុប្រធាន នៃ​គណបក្សនយោបាយ និង​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​បាត់បង់​តួនាទី ក្នុងករណី ដែល​សាមីខ្លួន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម​»​។

​ចំណែក​មាត្រា ៣៨ បាន​កំណត់ថា​៖«​ក្រសួងមហាផ្ទៃ អាច​ចាត់​វិធ​នា​ការ ដោយ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយ​គណបក្សនយោបាយ​ណាមួយ ក្នុងករណី​កំហុស​មាន​លក្ខណ​ធ្ងន់ធ្ងរ​»​។
​រីឯ​មាត្រា ៤៥ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​

​សូម​រម្លឹកថា ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ធ្វើឡើង​តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​។ សំណើ​របស់​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង​កាលពី​ចុងខែ​មករា ហើយ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​នេះ អត្ថបទ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក៏ត្រូវ​បានអនុម័ត​។ បើ​គិត​ទៅ ការកែប្រែ​ច្បាប់​នេះ មាន​រយៈពេល​មិន​ទៅដល់​មួយខែ​នោះទេ​៕


Tag:
 ច្បាប់​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com