ជាតិ
អ្នកនាំពាក្យរដ្ឋសភា ប្រាប់អាមេរិក កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា រូបថតលោក ឡេង ប៉េងឡុង ពីហ្វេសប៊ុករដ្ឋសភា
× ក្រោយពីរដ្ឋាភិបាលអាមេរិក សម្តែងការព្រួយបារម្ភចំពោះសេចក្តីស្នើចំពោះសេចក្តីស្នើវិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបតែត្រូវបានរដ្ឋសភា អនុម័តនៅថ្ងៃទី ២០ ខែកុម្ភៈ លោក ឡេង ប៉េងឡុង បានចេញមុខប្រតិកម្មតបនឹងរដ្ឋាភិបាលអាមេរិកភ្លាម។
ប្រតិកម្មរបស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា គឺប្រាប់ទៅរដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះ កុំឲ្យលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ យ៉ាងខ្លីបែបនេះថា៖« យើងធ្វើច្បាប់នេះ សម្រាប់ប្រយោជន៍ទូទៅ មិនមែនសម្រាប់គាបសង្កត់បក្សណាមួយទេ។ អាមេរិក គួរតែកុំលូកដៃ ជ្រៀតជ្រែកចូលការងារផ្ទៃក្នុងរបស់កម្ពុជា»។
នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ដោយព្រួយបារម្ភពីសេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលត្រូវបានរដ្ឋសភាអនុម័ត។ អាមេរិកលើកឡើងថា សំណើវិសោធនកម្មនៃច្បាប់នេះ អនុម័តដោយមានការពិគ្រោះយោបល់ ឬពិភាក្សាជាសាធារណៈតិចតួច។ « វិសោធនកម្មនេះ បានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពច្បាប់នានារបស់គណបក្សនយោបាយ ហើយស្ថិតនៅក្រោមកាលៈទេសៈមិនច្បាស់លាស់ណាមួយ គឺរំលាយគណបក្សនយោបាយតែម្តង»។ នេះជាការបញ្ជាក់របស់រដ្ឋាភិបាលអាមេរិក តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិក លើកឡើងនូវកង្វល់ទៀតថា សកម្មភាពណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការដើរថយក្រោយមួយ សម្រាប់ការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំឲ្យមានសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតខាងមុខ។ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតក្នុងឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ មានលក្ខណៈសេរី បើកចំហរនិងតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាសក្នុងការប្រកួតប្រជែងដោយស្មើភាពគ្នា»។ នេះជាការអំពាវនាវរបស់រដ្ឋាភិបាលអាមេរិក៕
Tag:
ឡេង ប៉េងឡុង
រដ្ឋសភា
អាមេរិក
ស្ថានទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com