ជាតិ
អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​អាមេរិក កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​
20, Feb 2017 , 6:02 pm        
រូបភាព
រូប​ថតលោក ឡេង ប៉េងឡុង ពីហ្វេសប៊ុករដ្ឋសភា
រូប​ថតលោក ឡេង ប៉េងឡុង ពីហ្វេសប៊ុករដ្ឋសភា
ដោយ:
​ក្រោយពី​រដ្ឋាភិបាល​អាមេរិក សម្តែង​ការព្រួយបារម្ភ​ចំពោះ​សេចក្តីស្នើ​ចំពោះ​សេចក្តីស្នើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបតែ​ត្រូវបាន​រដ្ឋសភា អនុម័ត​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ លោក ឡេង ប៉េងឡុង បាន​ចេញមុខ​ប្រតិកម្ម​តប​នឹង​រដ្ឋាភិបាល​អាមេរិក​ភ្លាម​។​



​ប្រតិកម្ម​របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា គឺ​ប្រាប់​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ កុំ​ឲ្យ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ យ៉ាងខ្លី​បែបនេះ​ថា​៖« យើង​ធ្វើ​ច្បាប់​នេះ សម្រាប់​ប្រយោជន៍​ទូទៅ មិនមែន​សម្រាប់​គាបសង្កត់​បក្ស​ណាមួយ​ទេ​។ អាមេរិក គួរតែ​កុំ​លូកដៃ ជ្រៀត​ជ្រែកចូល​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។​

​នៅ​រសៀល​ថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាល​អាមេរិក បានចេញសេចក្តីថ្លែងការណ៍ ដោយព្រួយ​បារម្ភ​ពី​សេចក្តីស្នើ​​វិសោធន​កម្មច្បាប់​គណបក្ស​នយោបាយ​​ ដែល​ត្រូវ​បានរ​ដ្ឋសភា​អនុម័ត​​។ ​អាមេរិក​លើកឡើងថា សំណើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ អនុម័ត​ដោយមាន​ការពិគ្រោះ​យោបល់ ឬ​ពិភាក្សា​ជា​សាធារណៈ​តិចតួច​។ « វិសោធន​កម្មនេះ បានផ្តល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់កំហិត​ដល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សកម្មភាព​ច្បាប់​នានា​របស់​គណបក្សនយោបាយ ហើយ​ស្ថិតនៅក្រោម​កាលៈទេសៈ​មិន​ច្បាស់លាស់​ណាមួយ គឺ​រំលាយ​គណបក្សនយោបាយ​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋា​ភិ​បាល​អាមេរិក តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ​។

​ជាមួយគ្នានេះ រដ្ឋាភិបាល​អាមេរិក លើកឡើងនូវ​កង្វល់​ទៀតថា សកម្មភាព​ណាមួយ ដែល​បាន​ហាមឃាត់​ដល់​គណបក្សនយោបាយ​នៅក្រោម​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ គឺជា​ការដើរថយក្រោយ​មួយ សម្រាប់​ការអភិវឌ្ឍ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយនឹង​នាំ​ឲ្យ​មាន​សំណួរ​ពី​ភាពស្របច្បាប់​ក្នុងការ​បោះឆ្នោត​ខាងមុខ​។ «​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រកាន់យក​នូវ​ជំហរ​ចាំបាច់​នានា​ដើម្បី​ធានាថា យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ មាន​លក្ខណៈ​សេរី បើកចំហរ​និង​តម្លាភាព ហើយ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​មានឱកាស​ក្នុងការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​»​។ នេះ​ជាការ​អំពាវនាវ​របស់​រដ្ឋាភិបាល​អាមេរិក​៕ 


Tag:
 ឡេង ប៉េងឡុង
  រដ្ឋសភា​
 អាមេរិក
 ស្ថានទូតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com