អន្តរជាតិ
អាមេរិកប្រាប់អ៊ីរ៉ាក់៖ «យើងមិនមែនមកយកប្រេងទេ»
×
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានធ្វើដំណើរដោយមិនប្រាប់មុនទៅកាន់អ៊ីរ៉ាក់ ស្របពេលដែលកងទ័ពអ៊ីរ៉ាក់កំពុងបើកយុទ្ធនាការដ៏ធំរំដោះតំបន់ខាងលិចក្រុង Mosul ។ នៅលើយន្តហោះក្នុងដំណើរឆ្ពោះទៅកាន់អ៊ីរ៉ាក់នៅថ្ងៃទី២០ ខែកុម្ភៈ ប្រមុខការពារជាតិអាមេរិករូបនេះ បាននិយាយការពារវត្តមានកងទ័ពអាមេរិកលើទឹកដីអ៊ីរ៉ាក់ថា គោលដៅរបស់អាមេរិកមិនមែនមកដណ្ដើមប្រេងរបស់អ្នកណាដោយទទេឡើយ។
ប្រមុខការពារជាតិអាមេរិក James Mattis នៅថ្ងៃទី២០ ខែកុម្ភៈ បានទៅដល់រដ្ឋធានីបាក់ដាដ ក្នុងដំណើរទស្សនកិច្ចមិនប្រកាសមុន។ នេះ ជាទស្សនកិច្ចលើកទី១ទៅកាន់អ៊ីរ៉ាក់ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអាមេរិករបស់លោក Mattis ដែលផ្ដោតលើប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាម។ កាលពីចុងសប្ដាហ៍មុន ទាហានអ៊ីរ៉ាក់ ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តដឹកមុនដោយអាមេរិក បានចេញប្រតិបត្តិការបោសសម្អាតក្រុមជ្រុលនិយមពីក្រុង Mosul ជាក្រុងធំទី២ របស់អ៊ីរ៉ាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានស្រាយចម្ងល់លើការអធិប្បាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនិយាយថា កងទ័ពអាមេរិក គួរលេបយកប្រេងរបស់អ៊ីរ៉ាក់ក្រោយទម្លាក់លោក Saddam Hussein រួចហើយ។ ក្នុងការថ្លែងសុន្ទករថាទៅកាន់បុគ្គល CIA កាលពីខែមករា លោកប្រធានាធិបតី ត្រាំ និយាយទៀតថា៖ «យើងគួររក្សាប្រេងទុក។ ប៉ុន្តែមិនអីទេ។ យើងមានឱកាសលើកក្រោយទៀត។»
បើតាមសម្ដីរបស់លោក ត្រាំ បើក្រោយពេលរបប Saddam ដួលរលំ ហើយអាមេរិកលេបយកប្រេងទាំងអស់ ក៏គ្មានក្រុមរដ្ឋឥស្លាមកើតឡើងដែរ ព្រោះក្រុមនេះពឹងផ្អែកលើប្រេងដើម្បីរស់។ យ៉ាងណាមិញ លោករដ្ឋមន្ត្រីការពារជាតិ Mattis មានគំនិតផ្ទុយពីលោក ត្រាំ ដែលចង់រក្សាប្រេងអ៊ីរ៉ាក់ទុក។ ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះនិយាយថា៖ «ខ្ញុំគិតថាយើងទាំងអស់គ្នានៅទីនេះ និងប្រជាជនអាមេរិកទាំងអស់បានបង់ថ្លៃចំណាយប្រេង និងឧស្ម័នរហូតមក ហើយយើងនឹងបន្តបង់រហូតទៀត។»
បើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានប្រាប់អ្នកកាសែតដែលធ្វើដំណើរលើយន្តហោះជាមួយលោកថា អាមេរិកមិនដណ្ដើមប្រេងអ្នកណាឡើយ។ នេះមិនមែនជាលើកទី១ ឡើយដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក មានគំនិតផ្ទុយគ្នាជាមួយប្រធានាធិបតីរបស់លោកនោះ។ មិនត្រឹមតែរឿងនេះទេ សូម្បីតែរឿងទំនាក់ទំនងជាមួយរុស្ស៊ី ក៏លោក ត្រាំ និងលោក Mattis មានគំនិតមិនស្របគ្នាដែរ។
លើទំនាក់ទំនងជាមួយរុស្ស៊ីនេះ រដ្ឋមន្ត្រីការពារជាតិរូបនេះបញ្ជាក់ថា អាមេរិក និងរុស្ស៊ី មិនអាចទាន់ចរចាផ្នែកយោធាឡើយ បើទោះជាលោក ត្រាំ ចង់បានទំនាក់ទំនងកាន់តែជិតស្និទ្ធក្ដី។ នរណាក៏ដឹងដែរថា លោកប្រធានាធិបតី ត្រាំ និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចង់ស្ដារទំនាក់ទំនងឡើងវិញ ប៉ុន្តែចុងក្រោយនេះ រដ្ឋបាលលោក ត្រាំ ក៏រងការវាយប្រហារខ្លាំងដោយសាររឿងនេះដែរ ជាពិសេសការនិយាយទូរសព្ទរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn តែម្ដង៕
Tag:
អាមេរិក
អ៊ីរ៉ាក់
James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com