ជាតិ
សេដ្ឋកិច្ច
RDB នឹងបង្វិលថវិកាទៅឲ្យរដ្ឋាភិបាលវិញនៅខែឧសភា ខណៈការផ្ដល់កម្ចីបានតែ១២ភាគរយ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។ រូបថត ហ្វេសប៊ុក RDB
× ភ្នំពេញ៖ កញ្ចប់ថវិកាពិសេស ២៧លានដុល្លាររបស់រដ្ឋាភិបាល សម្រាប់ផ្ដល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានប្រើប្រាស់តែ ៣,៥លានដុល្លារ ដែលស្មើ ១២ភាគរយប៉ុណ្ណោះ។
កាលពីខែកញ្ញាឆ្នាំ២០១៦ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាពិសេស ២៧លានដុល្លារ ដែលថវិកា ៧លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) សម្រាប់ផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករ ដែលកំពុងតែជួបបញ្ហាតម្លៃស្រូវធ្លាក់ចុះខ្លាំង។ RDB ដែលជាធនាគាររដ្ឋ ទទទួលបន្ទុកផ្ដល់កម្ចីនេះ។
លោក កៅ ថាច អគ្គនាយក RDB បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា កញ្ចប់ថវិកានេះ នឹងត្រូវបង្វិលចូលថវិកាជាតិវិញ នៅក្នុងខែឧសភាឆ្នាំនេះ ខណៈការមករកកម្ចី មកទល់នឹងពេលនេះ មានក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវចំនួន៥ ប៉ុណ្ណោះដែលទទួលកម្ចីនៃកញ្ចប់ថវិកាពិសេសនេះ។ លោកបន្តថា ការបញ្ចេញកម្ចីបានចំនួនតែ ១២ភាគរយនេះ ហាក់មិនឆ្លើយតបនឹងការអះអាងរបស់ផ្នែកឯកជនដែលថាខ្វះទុនប្រមូលទិញស្រូវពីកសិករ។
«មុនដំបូងខ្ញុំយល់ថា វិស័យឯកជនក្នុងវិស័យស្រូវអង្ករហ្នឹងខ្វះទុនបង្វិល ឥឡូវរដ្ឋាភិបាលដាក់លើតុប៉ុណ្ណឹងហើយ ហើយយើងសម្រួលបែបបទនៃការខ្ចី ហើយអត្រាការប្រាក់ទាបជាងធនាគារពាណិជ្ជទៀត។ យើងយកតែ៧ភាគរយ ហើយនីតិវិធីសាមញ្ញបំផុត ប្រើពេលតែ២ថ្ងៃ»។ នេះជាការបញ្ជាក់របស់លោក កៅ ថាច ។
អគ្គនាយក RDB រូបនេះ ឲ្យដឹងទៀតថា RDB នៅតែបន្តទទួលពាក្យសុំឥណទានពីបណ្ដាក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានប្រសាសន៍ថា វិស័យឯកជនពិតជាខ្វះទុនប្រមូលទិញស្រូវ ដើម្បីកែច្នៃនាំចេញមែន។ លោកបញ្ជាក់ថា ការដែលមានចំនួនរោងម៉ាស៊ីនតិចតួចទៅរកកម្ចីទាំងនេះ ព្រោះកញ្ចប់ថវិកានេះ ត្រូវបានបញ្ចេញ ចំពេលដែលអ្នកនាំចេញអង្ករជួបបញ្ហាទីផ្សារ។ លោកប្រាប់យ៉ាងដូច្នេះថា៖«ជាទូទៅគឺដោយសារ តម្លៃអង្ករប្រែប្រួលចុះថ្លៃ ដូច្នេះវាមិនស្របពេលមានតម្រូវការទុនទេ។ តម្លៃទីផ្សារអង្ករឆាប់ធ្លាក់ខ្លាំងពេក អ្នកកែច្នៃនាំចេញ អត់ហ៊ានទៅយកទុននោះទេ»។
លោក ហ៊ុន ឡាក់ ឲ្យដឹងថាភាគីពាក់ព័ន្ធ ត្រូវរៀបចំកញ្ចប់ថវិកាជារៀងរាល់ឆ្នាំ។ លោកលើកឡើងដូច្នេះថា៖«រដូវកាលអ្វី ស្រូវប្រភេទអ្វីនៃរដូវច្រូតកាត់ ត្រូវការទុនប្រហាក់ប្រហែលប៉ុន្មាន ខាងវិស័យឯកជនមានប៉ុន្មាន ខាងធនាគារមានប៉ុន្មាន ធនាគាររដ្ឋមានប៉ុន្មាន ដើម្បីត្រៀមជួយ។ មានកម្មវិធីនេះ គឺអាចធានាដល់ពេលរដូវប្រមូលផល ដែលកសិករមានកង្វល់រកទីផ្សារលក់ ដែលភាគីត្រូវធ្វើការងារលើកញ្ចប់ផែនការនេះ»៕
Tag:
អង្ករ
កៅ ថាច
ហ៊ុន ឡាក់
© រក្សាសិទ្ធិដោយ thmeythmey.com