ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី គ្រោង​ដាក់សំណើ​ទៅ​តុលាការ​ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ
20, Feb 2017 , 10:59 pm         5615
រូបភាព
​ភ្នំពេញ​៖ មេធាវី គ្រោង​ដាក់សំណើ​ទៅកាន់​តុលាការ ដើម្បី​សុំ​ឲ្យ​ដោះលែង លោក គឹម សុខ អ្នកវិភាគ​នយោបាយ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក គឹម សុខ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​សម្តេច ហ៊ុន សែន ដាក់ពាក្យ​ប្តឹង​។

 
​លោក​មេធាវី ជូ​ង ជូ​ងី ត្រូវបាន​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន ពឹងពាក់​ឲ្យ​ជួយ​ការពារ​ក្តី​។ លោក ជូ​ង ជូ​ងី មេធាវី​មួយរូប ដែលជា​ញឹកញាប់​កាន់​សំណុំរឿង​ផ្នែក​នយោបាយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹងដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ បាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។

​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ មិន​ប្រាកដ ថា​ស្នើ​នៅ​ថ្ងៃ​ណា​ទេ​។ ស្អែក ខ្ញុំ​ប្រហែលជា​ខ្ញុំ​រៀបចំ​គម្រោង​ដាក់សំណើ​ហ្នឹង តែ​មិនទាន់​ច្បាស់​ទេ​»​។

​លោក ជូ​ង ជូ​ងី មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទេ​ថា ការសម្រេច​នាំខ្លួន​កូនក្តី​របស់លោក ទៅ​ឃុំឃាំង ជា​ការខុស​នីតិវិធី​ឬ​យ៉ាងណា​។ លោក​មេធាវី​ខាងលើ បកស្រាយ​ថា ដើម្បី​អាច​សន្និដ្ឋានបាន ទាល់តែ​លោក ប្រមូល​ព័ត៌មាន និង​សិក្សា​សំណុំ​រឿងនេះ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន​។

​លោក គឹម សុខ ដែលជា​អ្នកតាមដាន​បញ្ហា​សង្គម​និង​ស្ថានភាព​នយោបាយ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» តាម​ពាក្យបណ្តឹង​របស់​សម្តេច ហ៊ុន សែន ដែលជា​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។

​នៅក្នុង​ពាក្យបណ្តឹង​នេះ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​លោក គឹម សុខ​។ លោក គឹម សុខ នៅ​រង​ពាក្យបណ្តឹង​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ គឺពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់ គឹម សុខ ដែល​ចោទថា ប្រព័ន្ធ​មួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ សម្រាប់​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ២៥០០​ដុល្លារ​អាមេរិក​៕

Tag:
 គឹម សុខ​
  ជូ​ង ជូ​ងី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង