ជាតិ
នយោបាយជាតិ
មេធាវី គ្រោងដាក់សំណើទៅតុលាការដើម្បីសុំឲ្យដោះលែងលោក គឹម សុខ
× ភ្នំពេញ៖ មេធាវី គ្រោងដាក់សំណើទៅកាន់តុលាការ ដើម្បីសុំឲ្យដោះលែង លោក គឹម សុខ អ្នកវិភាគនយោបាយ ឲ្យមានសេរីភាពឡើងវិញ។ លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស បន្ទាប់ពីសម្តេច ហ៊ុន សែន ដាក់ពាក្យប្តឹង។
លោកមេធាវី ជូង ជូងី ត្រូវបានលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន ពឹងពាក់ឲ្យជួយការពារក្តី។ លោក ជូង ជូងី មេធាវីមួយរូប ដែលជាញឹកញាប់កាន់សំណុំរឿងផ្នែកនយោបាយ បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងដាក់លិខិតទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងលោក គឹម សុខ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក បញ្ជាក់ដូច្នេះថា៖«ខ្ញុំ មិនប្រាកដ ថាស្នើនៅថ្ងៃណាទេ។ ស្អែក ខ្ញុំប្រហែលជាខ្ញុំរៀបចំគម្រោងដាក់សំណើហ្នឹង តែមិនទាន់ច្បាស់ទេ»។
លោក ជូង ជូងី មិនទាន់ហ៊ានសន្និដ្ឋានទេថា ការសម្រេចនាំខ្លួនកូនក្តីរបស់លោក ទៅឃុំឃាំង ជាការខុសនីតិវិធីឬយ៉ាងណា។ លោកមេធាវីខាងលើ បកស្រាយថា ដើម្បីអាចសន្និដ្ឋានបាន ទាល់តែលោក ប្រមូលព័ត៌មាន និងសិក្សាសំណុំរឿងនេះ ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។
លោក គឹម សុខ ដែលជាអ្នកតាមដានបញ្ហាសង្គមនិងស្ថានភាពនយោបាយ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចយកទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមពាក្យបណ្តឹងរបស់សម្តេច ហ៊ុន សែន ដែលជានាយរដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ បើតាមលោក គី តិច ដែលជាមេធាវីរបស់សម្តេច ហ៊ុន សែន ការប្តឹងនេះ គឺដោយសារតែលោក គឹម សុខ បានចោទថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។
នៅក្នុងពាក្យបណ្តឹងនេះ សម្តេច ហ៊ុន សែន បានទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ពីលោក គឹម សុខ។ លោក គឹម សុខ នៅរងពាក្យបណ្តឹងមួយទៀត ពីសម្តេច ហ៊ុន សែន។ បណ្តឹងលើកទីពីរនេះ គឺពាក់ព័ន្ធនឹងការលើកឡើងរបស់ គឹម សុខ ដែលចោទថា ប្រព័ន្ធមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកឃាតកមិនឃើញ។ សម្រាប់បណ្តឹងនេះ សម្តេច ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក គឹម សុខ ២៥០០ដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com