កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត​អង្គរ ប៉ះ​ Johor Darul Ta'Zim ម្ចាស់​ជើងឯកឆ្នាំ២០១៥ នៅយប់នេះ
21, Feb 2017 , 8:59 am        
រូបភាព
ដោយ:
​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​បឹងកេត​អង្គរ ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Johor Darul Ta'Zim នា​វេលា​ម៉ោង​៧:៤៥​នាទី​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២១ កុម្ភៈ នេះ នៅ​កីឡដ្ឋាន Tan Sri Dato' Haji Yunos Stadium ដើម្បី​ប្រជែង​ដណ្តើម​៣​ពិន្ទុ​ក្នុង​វគ្គ​ចែក​ពូ​ល F នៃ​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៧​។



​ក្រោយ​ទទួលបាន​កៅអី​ឡើងទៅ​លេង​នៅ​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៧ ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​បឹងកេត​អង្គរ ដែល​ស្ថិតនៅក្នុង​ពូ​ល F ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Johor Darul Ta'Zim ដែលជា​ជើង​ខ្លាំង​ប្រចាំ​លី​ក​កំពូល​ម៉ាឡេស៊ី​។ បឹងកេត​អង្គរ​ត្រូវ​ធ្វើការ​ធ្ងន់​នៅ​យប់​នេះ ព្រោះ​ក្រុម​ម៉ាឡេស៊ី​​ក៏​ធ្លាប់ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ AFC Cup ផងដែរ​។

​ក្រុម Johor Darul Ta'Zim ជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី​៣​សម័យកាល​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៦​។ ក្រុម​នេះ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៥ ក្រោយ​យកឈ្នះ​ក្រុម Istiklol ១-០ នៅលើ​ទឹកដី​របស់ខ្លួន​។ នៅ​ឆ្នាំ​២០១៦ ក្រុម​ម៉ាឡេស៊ី​មួយ​នេះ​បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFC Cup ប៉ុន្តែ​ចាញ់​ក្រុម Bengaluru FC ក្នុង​លទ្ធផល ៤-២​។



​ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​បឹងកេត​អង្គរ លោក John McGlynn បាន​បញ្ជាក់ថា លោក​និង​កូនក្រុម​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​តទល់​ជាមួយ​ម្ចាស់​ជើងឯក AFC Cup ប្រចាំឆ្នាំ​២០១៥ មួយ​នេះ​។ លោក​រំពឹងថា បឹងកេត​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។  

«​យើង​មាន​មោទកភាព​ដែល​បាន​ប្រកួត​ជាមួយ​អតីត​ក្រុម​ជើងឯក AFC Cup ប្រចាំឆ្នាំ​២០១៥​។ Johor Darul Ta'zim ជា​ក្រុម​មួយ​ដ៏​ល្អ និង​មាន​គុណភាព​ខ្ពស់ ព្រមទាំង​មាន​កម្រិត​លេង​ជា​ក្រុម​អាជីព​មួយ​យ៉ាងពិត​ប្រាកដ តែ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការប្រកួត​ជា​ប្រវត្តិសាស្ត្រ​របស់​យើង​។ ហើយ​កីឡាករ​គ្រប់រូប​ក៏​ត្រៀម​រួចរាល់​ដែរ គ្រប់គ្នា​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​បំផុត ខ្ញុំ​រំពឹងថា​យើង​នឹងធ្វើ​បានល្អ​នៅថ្ងៃនេះ​»​។ នេះ​ជា​សំដី​របស់លោក John McGlynn​។

​ការប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​វេលា​ម៉ោង​៧:៤៥​នាទី​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២១ ខែកុម្ភៈ នេះ នៅ​កីឡដ្ឋាន Tan Sri Dato' Haji Yunos Stadium ក្នុង​ទីក្រុង Johor Baru ប្រទេស​ម៉ាឡេស៊ី​៕


Tag:
 បាល់ទាត់​
  AFC Cup 2017
  បឹងកេត​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com