អន្តរជាតិ
អគ្គនាយក Google សន្យា​ផ្តល់​ការងារ​ដល់​កុមារី​៧​ឆ្នាំ​ម្នាក់​ដែល​បាន​សរសេរ​សុំ​ការងារ​ខ្លួន​
21, Feb 2017 , 9:19 am        
រូបភាព
ដោយ: ធីតា
​ក្មេងស្រី​វ័យ​៧​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ក្រុង Hereford ប្រទេស​អង់គ្លេស បាន​ផ្ញើលិខិត​ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​ទៅកាន់​ក្រុមហ៊ុន Google ដើម្បី​សុំ​ការងារ​ធ្វើ​។ ជា​ករណី​ដ៏​កម្រ លោក Sundar Pichai អគ្គនាយក​ក្រុមហ៊ុន Google ផ្ញើលិខិត​ឆ្លើយតប​វិញ​ជាមួយនឹង​ការសន្យា​ផ្តល់​ការងារ​។​



​កុមារី​អង់គ្លេស Chloe Bridgewater បាន​សរសេរ​លិខិត​ដែល​សរសេរ​ដោយ​ដៃ​ទៅកាន់​ក្រុមហ៊ុន​យក្ស Google​។ កុមារី​វ័យ​៧​ឆ្នាំ​រូបនេះ បានលើកឡើង​ពី​ជំនាញ​កុំព្យូទ័រ​របស់ខ្លួន និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចង់​ធ្វើការ​នៅ​កន្លែង​ដែល​ដែល​នាង​អាច​អង្គុយ​លើ​សា​ឡុង​រាង​ថង់​សណ្តែក មាន​កន្លែង​ក្មេង​រំអិល​លេង និង​កន្លែង​ប្រណាំង​ឡាន Go-Kart​។​

Chloe បាន​បន្ថែមថា នាង​មានបទពិសោធន៍​ក្នុងការ​ប្រើប្រាស់ Tablet លេង​ហ្គេម​កុំព្យូទ័រ ហែល​ទឹក អាន​អក្សរ និង​បូក​ដក​លេខ ផងដែរ​។ នាង​អះអាងថា​៖ «​គ្រូបង្រៀន​របស់ខ្ញុំ​បាន​ប្រាប់​ម៉ាក់ និង​ប៉ា ខ្ញុំ​ថា ខ្ញុំ​រៀន​ពូកែ​ណាស់​នៅក្នុង​ថ្នាក់​»​។​



​កុមារី​អង់គ្លេស​បានបញ្ជាក់​ថា នាង​មិនដឹងថា សរសេរ​លិខិត​សុំ​ការងារ​ធ្វើ​មាន​ទម្រង់​បែបណា​នោះឡើយ ប៉ុន្តែ​នាង​សង្ឃឹមថា នឹង​ទទួលបាន​ចម្លើយ​ពី Google ពីព្រោះ​ឪពុក​របស់​នាង​តែងតែ​អះអាងថា បើ​នាង​ព្យាយាម​រៀន​ឲ្យ​បាន​ពូកែ នាង​នឹង​មានឱកាស​ធ្វើការ​ងារ​នៅ Google ជាមិនខាន​។​

​ជា​រឿង​ដ៏​គួរ​ឲ្យ​ជឿ លោក Sundar Pichai អគ្គនាយក​ក្រុមហ៊ុន បាន​ផ្ញើលិខិត​ឆ្លើយ តប​ទៅ កាន់​កុមារី វ័យ​៧​ឆ្នាំ​វិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក Andy Bridgewater ដែលជា​ឪពុក​របស់ Chloe ដោយ​លោក​បាន​បង្ហោះ​លិខិត​នៅលើ​បណ្តាញ​សង្គម LinkedIn របស់ខ្លួន​។​



​លោក Sundar Pichai បានសរសេរថា​៖ «​ខ្ញុំ​គិតថា បើ​ក្មួយ​រក្សា​ការព្យាយាម​ដ៏​ខ្លាំងក្លា និង​ធ្វើតាម​សុបិន​របស់ខ្លួន ក្មួយ​នឹង​សម្រេចបាន​រាល់​អ្វីៗ​ទាំងអស់​ដែល​បានរៀបចំ​ទុក រួមទាំង​ការងារ​នៅក្នុង​ក្រុមហ៊ុន Google ឬ​ហែល​ទឹក​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ជាដើម​»​។​

​អគ្គនាយក​ក្រុមហ៊ុន Google ដែលជា​មនុស្ស​ដ៏​រវល់​ម្នាក់ បាន​សន្យាថា លោក​ទទួលយក​សំណើរ​សុំ​ការងារ​ធ្វើ​របស់ Chloe នៅពេលដែល​នាង​បញ្ចប់​ការសិក្សា​។​

​លោក Andy បាន​បញ្ជាក់ថា កូនស្រី​របស់ខ្លួន បាន​បាត់បង់​ជំនឿ​ចិត្ត បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក​។ លោក​ថា លិខិត​ឆ្លើយតប​ពី​លោក Sundar បានផ្តល់​កម្លាំងចិត្ត​ដល់​កូនស្រី​របស់លោក​យ៉ាងខ្លាំង​៕



Tag:
 បច្ចេកវិទ្យា​
  Google
© រក្សាសិទ្ធិដោយ thmeythmey.com