កីឡាជាតិ
ជាតិ
ក្រុម​វិសាខា​គ្រង​ជើងឯក​ក្របខណ្ឌ​លី​ក​ប្រ​ចាំឆ្នាំ​២០១៧​ជាមួយ​ប្រាក់​លើកទឹកចិត្ត​៥​ពាន់​ដុល្លារ​
21, Feb 2017 , 9:39 am        
រូបភាព
ដោយ:
​ក្រុម​បាល់ទះ​វិសាខា បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទះ​ក្រម​ខណ្ឌ​លី​ក​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​១៨ កុម្ភៈ កន្លងទៅ​។ ចំណែក​ក្រុម​ក្រសួងមហាផ្ទៃ គ្រង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​។​



​ក្រុម​បាល់ទះ​វិសាខា​ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦ នៅតែ​បន្ត​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការ​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទះ​ក្របខណ្ឌ​លី​ក​ប្រចាំឆ្នាំ​២០១៧​។ ក្រោយ​ក្រុម​នេះ​យកឈ្នះ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។



​ការបរាជ័យ​របស់​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ ក្រោម​ស្នាដៃ​របស់​ក្រុម​វិសាខា វា​ជា​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ព្រោះ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​កីឡា​ជាតិ​លើក​ទី​១​ប្រចាំឆ្នាំ​២០១៦​។ ពេលនោះ​ក្រុម​វិសាខា​ជា​ម្ចាស់​ជើងឯក ចំណែក​កងពលធំ​អន្តរាគមន៍​លេខ​៣​ជា​ម្ចាស់​ជើងឯក​រង​។



​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​បានធ្វើ​ឲ្យ​ក្រុម​វិសាខា​ទទួលបាន​ពានរ​ជើងឯក​មួយ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ ខណៈ​ក្រុម​លេខ​២​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​៣​ពាន់​ដុល្លារ​។ ចំណែក​ក្រុម​ក្រសួងមហាផ្ទៃ​ក្រោយ​ឈ្នះ​ក្រុម​សាលាខេត្ត​កំពង់ចាម​ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​២​ពាន់​ដុល្លារ ខណ​សាលាខេត្ត​កំពង់ចាម​១​ពាន់​ដុល្លារ​៕


Tag:
 បាល់ទះ​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com