អន្តរជាតិ
អគ្គរដ្ឋទូត​រុស្ស៊ី​មាត់ឆៅ​ប្រចាំ UN ស្លាប់​ពេល​បំពេញការងារ​នៅ New York
21, Feb 2017 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vitaly Churkin បាន​ស្លាប់​ភ្លាមៗ​នៅ​ទីក្រុង New York នៅ​ថ្ងៃទី​២០ ខែកុម្ភៈ គឺ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​លោក​ឈានចូល​វ័យ​៦៥​ឆ្នាំ​។ ក្រសួងការបរទេស​រុស្ស៊ី បាន​ផ្សាយដំណឹង​មរណភាព​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការស្លាប់​ឡើយ ដោយ​គ្រាន់តែ​បាន​ផ្ញើ​សារ​រំលែក​ជូន​ក្រុមគ្រួសារ​សព​លោក Vitaly Churkin ប៉ុណ្ណោះ​។



​ក្រសួងការបរទេស​រុស្ស៊ី និយាយថា ប្រេសិត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vitaly Churkin ដែល​តែងតែ​ទាស់សម្ដី​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក បានទទួល​មរណភាព​ដោយសារ​ជំងឺ​ពេលធ្វើការ​នៅ New York ។ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់លោក Vitaly Churkin ដែលជា​អ្នកអនុវត្ត​នយោបាយ​ការបរទេស​ដ៏​ជំនាញ និង​បាន​ការពារ​រុស្ស៊ី​រហូតមក​។​

​ភ្លាមៗ​បន្ទាប់ពី​ដំណឹង​មរណភាព​នេះ​ត្រូវបាន​ផ្សព្វផ្សាយ ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ បានបង្ហាញ​ការសោកស្ដាយ​ខ្លាំង​។ នៅឯ​កិច្ចប្រជុំ​វិសាមញ្ញ​មហាសន្និបាត សមាជិក​ទាំងអស់​បាន​ស្មឹង​ស្មា​ធ​មួយ​នាទី​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​លោក Churkin ។ ប្រធាន​មហាសន្និបាត Peter Thomson បាន​លើកសរសើរ​សេចក្ដី​អង់អាច​របស់លោក Churkin ហើយ​ក្នុងនាម​មហាសន្និបាត លោក​ក៏​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ និង​រដ្ឋាភិបាល​រុស្ស៊ី​ដែរ​។​

​ចំណែក​នៅ​ក្រុមប្រឹក្សាសន្តិសុខ ជាទី​ដែល​លោក Churkin តែង​ខ្វែងគំនិត​គ្នា​ជាមួយ​តំណាង​អាមេរិក សម​ភាគី​លោក Churkin ក៏បាន​ចេញមក​រំលែក​ទុក្ខ​ដូចគ្នា​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា អតីត​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ង​អង្គការសហប្រជាជាតិ Samantha Power ដែល​តែង​ទាស់សម្ដី​ជាមួយ​លោក Churkin លើ​សំណុំរឿង​ស៊ី​រី បាន​ហៅ​លោក​ជា​អ្នកការទូត​ដ៏​ជំនាញ និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ទំនាក់ទំនង​អាមេរិក និង​រុស្ស៊ី​។​

​គេ​ប្រហែល​ចាំ​មិន​ភ្លេច​ឡើយ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ស្ដីពី​អំពើហិង្សា​នៅ Aleppo ដែល​លោក Churkin និង​លោកស្រី Power និយាយ​វាយប្រហារ​គ្នា​ខ្លាំងៗ​។ ពេលនោះ លោកស្រី Power ចោទ​រុស្សី របប​លោក​អាសាដ និង​អ៊ីរ៉ង់​ថា ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ទាំងអស់​ដែល​កើតឡើង​នៅ Aleppo ។ ប៉ុន្តែ​លោក Churkin បែរជា​ព្រលយ​ពាក្យ​ឥត​សំចៃ​ហៅ​ការអធិប្បាយ​របស់លោក​ស្រី Power ជា​រឿង​ចម្លែក និង​និយាយ​ដូចជា​ខ្លួន​ជា​មនុស្ស​ល្អ​។ លោក​បាន​ប្រាប់​លោកស្រី Power ឲ្យ​ចងចាំ​ពី​កំណត់ត្រា​របស់​អាមេរិក​ដែល​ចូលចិត្ត​ឈ្លានពាន​អ្នកដទៃ​។​
 
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី Nikki Haley និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រោយ​មរណភាព​របស់​លោក Churkin គេ​មិនអាច​ឃើញ​អ្វី​ដែលមាន​ពីមុន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ​។ លោកស្រី​បាន​សរសើរ​ប្រេសិត​រុស្ស៊ី​រូបនេះ ជា​សហសេវិក​ដ៏​រួសរាយ បើទោះជា​លោកស្រី​ទើប​ចូល​បំពេញការងារ​រយៈពេល​ខ្លី​ក៏ដោយ​៕ 


Tag:
 រុស្ស៊ី​
  UN
  Vitaly Churkin
© រក្សាសិទ្ធិដោយ thmeythmey.com