ជាតិ
សិល្បះ
ស្តា​ត​អូឡាំពិក​ត្រៀម​ទទួល​មនុស្ស​៤​ពាន់​នាក់ ចូល​ទស្សនា​រឿង​របស់​Angelina Jolie
21, Feb 2017 , 10:40 am        
រូបភាព
 
​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​មនុស្ស​ចំនួន​៤​ពាន់​នាក់ ឲ្យ​ចូល  ទស្សនា​រឿង របស់លោក​ស្រី អេ​ន​ជី​លី​ណា ជូ​លី (Angelina Jolie)​។ បើតាម លោក ជាប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត សំបុត្រចូលទស្សនាភាពយន្ត​​នេះ បានចែកជូនទៅតាមស្ថាប័នមួយចំនួន សិស្ស និស្សិត និងសាធារណជនអស់ហើយ ខណៈការចាក់បញ្ចាំង ចាប់ផ្តើមនៅម៉ោង​៦​កន្លះ ​ល្ងាចថ្ងៃទី​២១​ខែកុម្ភៈ​នេះ​។  



​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» នឹង​បង្ហាញខ្លួន​នៅលើ​ផ្ទាំងសំពត់ស នៅ​ក្រុងភ្នំពេញ ជា​លើកដំបូង នា​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ បន្ទាប់ពី​បើកសម្ពោធ និង​បញ្ចាំង​ជូន​ទស្សនា​រយៈពេល​២​ថ្ងៃ នៅ​ខេត្តសៀមរាប​រួចមក​។ 
 
​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​(​ទីលាន​បាល់ទះ​) ជាទី​តាំង​ដែល​ត្រូវ​ចាក់​បញ្ចាំងភាពយន្ត​នេះ បានរៀបចំ​រួចរាល់​ហើយ ដើម្បី​ទទួល​អ្នកទស្សនា​ប្រមាណ​៤​ពាន់​នាក់ ដែល​បានទទួលលិខិតអញ្ជើញ ពី​នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត CFC ​ហើយនោះ។ 
  
 
​លោក ជាប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការចាក់​បញ្ចាំង​នៅ​ភ្នំពេញ នឹងត្រូវ​រៀបចំ​ធម្មតា​មិន​ដូច​ពេល​បើកសម្ពោធ​នៅ​សៀមរាប​នោះទេ ពោល មានតែ​លោកស្រី អេ​ន​ជី​លី​ណា ជូ​លី (Angelina Jolie)​ដែលជា​ផលិតករ​រឿង និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ប៉ុណ្ណោះ​។ ដ្បិត​ជាការ​រៀបចំ​ធម្មតា ប៉ុន្តែ​បើតាម​នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​រូបនេះ លោកស្រី អេ​ន​ជី​លី​ណា ជូ​លី នឹង​ថ្លែង​បំណង​នៃ​ការផលិត​ភាពយន្ត​នេះ​ទៅកាន់​អ្នកទស្សនា មុន​ការចាក់​បញ្ចាំងភាពយន្ត​។ 
 
បើតាម លោក ជាប សុវិជ្ជា សំបុត្រចូលទស្សនាភាពយន្ត​នេះ នៅល្ងាចនេះ មានកំណត់ត្រឹម៤ពាន់សន្លឹក និងបានចែកជូនទៅតាមស្ថាប័ន សិស្ស និស្សិត និងសាធារណជនអស់ហើយ។ លោក សុវិជ្ជាបន្ថែមថា ភាពយន្តនេះ នឹង​ចាក់​បញ្ចាំង​នៅ​ម៉ោង​៦​កន្លះ ហើយបន្ថែមថា ​​អ្នកទស្សនា​ នឹងត្រូវអនុញ្ញាតឲ្យក្នុងទីតាំងបញ្ចាំងភាពយន្ត​ចាប់ពី​ម៉ោង ៥​ល្ងាច រហូតដល់​ម៉ោង​៦ និង​១៥​នាទី​។​ 
 
​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» បាន​បើកសម្ពោធ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ នាទី​លានជល់ដំរី ខេត្តសៀមរាប ក្រោម​ព្រះរាជ​វត្តមាន​ព្រះករុណា ព្រះបាទ សម្តេច​នរោត្តម សីហមុនី និង​សម្តេចម៉ែ នរោត្តម មុនីនាថ​សីហនុ​។ 
  
 
​លោកស្រី អេ​ន​ជី​លី​ណា ជូ​លី បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ភាពយន្ត​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​ថា កម្ពុជា​បាន​ផ្លាស់​ប្តូរជីវិត​របស់លោក​ស្រី និង​ធ្វើ​ឲ្យ​រូបគាត់​បានក្លាយ​ទៅជា​ម្តាយ​ដ៏​ល្អ​ម្នាក់។ តារា​ហូលីវូដ​សញ្ជាតិ​ខ្មែរ​រូបនេះ​បន្តទៀតថា នាង​ផលិត​ភាពយន្ត​នេះ​ឡើង ក៏​ដើម្បី​អរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បានផ្តល់​ជីវិត​ថ្មី​ដល់​ខ្លួន​។​
 
​ភាពយន្ត​នេះ​នឹង​បន្តទៅ​បង្ហាញខ្លួន​នៅ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ព្រមទាំង​ចេញផ្សាយ​នៅលើ​គេហទំព័រ​បញ្ចាំង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ Netflix  នៅ​ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។​
«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» គឺជា​ភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី លួង អ៊ឹង ដែលជា​អ្នកនិពន្ធ​សៀវភៅ  និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ អ្នកស្រី​បាន​រួចផុតជីវិត​ពី     របប​ខ្មែរក្រហម​ពី​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ។ សាច់រឿង​ត្រូវបាន​រៀបរាប់ តាម​ការមើលឃើញ​រប​ស់​អ្នកស្រី តាំងពី​អាយុ​៥​ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ​៩​ឆ្នាំ​។ ខ្សែភាពយន្ត​នេះ ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់ របស់​គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា អំឡុង​សម័យ​ខ្មែរក្រហម​៕ 
 
​រូបភាព​ផ្តល់​ដោយ​លោក ជាប សុវិជ្ជា​





Tag:
 Angelina Jolie
  ​ភាពយន្ត​
  ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com