កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ទាត់​បាល់​ពិន័យ​(Free-Kick)​សម្រេច​គ្រាប់​បាល់​ឲ្យ​ក្លិប Fujieda ជា​លើកដំបូង​
21, Feb 2017 , 12:01 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ទាត់​បាល់ Free-kick បំប៉ោង​សំណាញ់​ទី​គូប្រកួត​មួយ​គ្រាប់​ដ៏​អស្ចារ្យ​ឲ្យ​ក្រុម Fujieda MYFC របស់​ជប៉ុន បន្ទាប់ពី​បង្ហាញខ្លួន​នៅលើ​ទីលាន​៣​លើក​ក្នុងជំនួប​មិត្តភាព​។ មួយ​គ្រាប់​របស់​កីឡាករ​ជំនាញ​ឆ្វេង​រូបនេះ​បានរួម​ចំណែក​ក្នុង​ជ័យជម្នះ ៦-១ លើ​ក្រុម Meijo University​។



​ក្រោយ​ចូលរួម​លេង​ជាមួយ​ក្លិប Fujieda MYFC របស់​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​តាំងពី​ថ្ងៃទី​១៣ កុម្ភៈ ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​ចំនួន​៣​លើក​ក្នុងជំនួប​មិត្តភាព​ដកស្រង់​បច្ចេកទេស​។ ក្នុងចំណោម​៣​លើក​នេះ ចាន់ វឌ្ឍនាកា សម្រេច​បានតែ​១​គ្រាប់​ក្នុងចំណោម​៨​គ្រាប់​។

​មួយ​គ្រាប់​ដំបូង​របស់​តារាបាល់ទាត់​កម្ពុជា​រូបនេះ​សម្រេចបាន​ក្នុងជំនួប​មិត្តភាព​ជាមួយ​ក្រុម Meijo University កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ម្សិលមិញ​។ បើ​យោង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Fujieda MYFC Khmer គ្រាប់​បាល់​របស់ វឌ្ឍនាកា សម្រេចបាន​តាមរយៈ​ការទា​ត់បាល់​ពិន័យ​(Free-kick)​ដ៏​អស្ចារ្យ​នៅ​ដើម​នាទី​ក្នុង​វគ្គ​ទី​១​។ ចប់​ការប្រកួត​ក្រុម​របស់ វឌ្ឍនាកា បាន​យកឈ្នះ​ក្រុម Meijo University ក្នុង​លទ្ធផល ៦-១​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បញ្ជាក់ថា មកទល់ពេលនេះ ចាន់ វឌ្ឍនាកា បាន​ស៊ាំ​ទៅនឹង​អាកាសធាតុ និង​ទម្រង់​លេង​របស់​សមាជិក​ក្លិប​ថ្មី​របស់ខ្លួន​​បាន​ច្រើន​ហើយ​ក្រោយ​ហ្វឹកហាត់ និង​ចូលរួម​លេង​ជាមួយគ្នា​អស់​រយៈ​ជិត​មួយ​សប្តាហ៍​កន្លងមកនេះ​។ កីឡាករ​រូបនេះ​ប្តេជ្ញា​ថា នឹង​ព្យាយាម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន ដើម្បី​បន្ស៊ាំ​ខ្លួន​ឲ្យ​កាន់តែ​ល្អ​។ 

​ក្នុងជំនួប​មិត្តភាព​ពីរលើក​ដំបូង​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ​រូបនេះ​មិនអាច​រក​គ្រាប់​បាល់​ជូន​ក្លិប​ថ្មី របស់ខ្លួន​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ចាញ់​ទាំង​ពីរលើក​ទៀតផង ក្នុងនោះ​ចាញ់​ក្រុម​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​ដូចគ្នា Y.S.C.C YOKOHAMA ៤-១ និង​ចាញ់​ក្រុម​លី​ក​លំដាប់​ទី​២ GIFU ក្នុង​លទ្ធផល ២-១៕


Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Fujieda MYFC
© រក្សាសិទ្ធិដោយ thmeythmey.com