អន្តរជាតិ
លោក ប្រា​យុទ្ធ ចេញ​បញ្ជា​បោសសម្អាត​អំពើពុករលួយ​ក្នុង​ជួរ​ប៉ូលិស​
21, Feb 2017 , 12:14 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានចេញ​បញ្ជា​ដើម្បី​ធានា​តម្លាភាព និង​ទប់ស្កាត់​បក្សពួកនិយម​ក្នុងការ​តែងតាំង​ប៉ូលិស និង​ដំឡើង​តួនាទី​ក្នុង​ជួរ​ប៉ូលិស​។ លោក ប្រា​យុទ្ធ ចេញ​បញ្ជា​នេះ ដោយ​ប្រើ​អំណាច​ពិសេស​ដែល​ផ្ដល់​ឲ្យ​មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន ខណៈដែល​ស្ថានភាព​ពុករលួយ​ក្នុង​ការទិញ​តំណែង​របស់​អង្គភាព​ប៉ូលិស មាន​ស្ថានភាព​អាក្រក់​គួរ​ឲ្យ​បារម្ភ​ខ្លាំង​។



​បន្ទាប់ពី​បាន​សារភាពថា​មាន​ករណី​ទិញ​តំណែង​ច្រើន​ក្នុង​ជួរ​មន្ត្រីប៉ូលិស ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ប្រើ​អំណាច​ពិសេស​ចេញ​បញ្ជា​ថ្មី​មួយ ដើម្បី​លុបបំបាត់​អំពើពុករលួយ​ក្នុង​ស្ថាប័ន​នេះ​។ ក្នុងនាម​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) លោក ប្រា​យុទ្ធ ចង់បាន​តម្លាភាព​ក្នុង​តែងតាំង និង​ដំឡើង​ស័ក្តិ​ក្នុង​អង្គភាព​ប៉ូលិស​គ្រប់​ថ្នាក់​ទាំងអស់ ក៏ដូចជា​ចៀសវាង​បក្សពួកនិយម​ផងដែរ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ បទបញ្ជា​លេខ ៧/២៥៦ ដែល​ចុះ​ក្នុង​រាជកិច្ច​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ចែងថា​ប៉ូលិស​ជាតិ​ថៃ មានអំណាច​គ្រប់គ្រាន់​ក្នុងការ​តែងតាំង​មន្ត្រីប៉ូលិស ប៉ុន្តែ​ដំណើរការ និង​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួន នឹងត្រូវ​អនុវត្ត​ដំណាលគ្នា ដើម្បី​ធានា​យុត្តិធម៌ និង​គ្មាន​អំពើពុករលួយ​ក្នុងការ​តែងតាំង និង​ដំឡើង​តំណែង​។ មិនតែប៉ុណ្ណោះ អង្គភាព​ប៉ូលិស​គ្រប់​ថ្នាក់ ក៏ត្រូវ​បង្កើត​គណៈកម្មាធិកា​រ​មួយ​ដើម្បី​ពិនិត្យ​លើ​ការតែងតាំង​នេះដែរ​។​

​លើសពីនេះទៅទៀត បទបញ្ជា​ខាងលើ ក៏​ណែនាំ​ឲ្យ​មេ​ប៉ូលិស​ជាតិ​បង្កើត​គណៈកម្មាធិការ​ស្រដៀង​គ្នា​នេះ​នៅ​ការិយាល័យ​ប៉ូលិស​ជាតិ ដើម្បី​ពិនិត្យ​ការងា​តែង​តាំងនៅ​ការិយាល័យ​របស់ខ្លួន​។ ហើយ​មន្ត្រី​ទាំងអស់​ដែល​ត្រូវបានតែងតាំង​អាច​ត្រូវ​ដកតំណែង​វិញ បើ​រកឃើញថា ពួកគេ​មិន​ស័ក្ដិសម​នឹង​តំណែង​ថ្មី​របស់ខ្លួន​។ ក្នុងករណី​មាន​ពាក់ព័ន្ធ​ករណី​ពុករលួយ ស្នងការ​ប៉ូលិស​នៃ​អង្គភាព​នោះ ត្រូវ​រាយការណ៍​ទៅ​ថ្នាក់លើ​របស់ខ្លួន ដើម្បី​បើក​ការស៊ើបអង្កេត​។​

​យោងតាម​បទបញ្ជា​ដដែល លោក ប្រា​យុទ្ធ ក៏បាន​បង្គាប់​ឲ្យ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​វិស័យ​សាធារណៈ បង្កើត​កន្លែង​ទទួល​បណ្ដឹង​បន្ថែមទៀត​ទាក់ទង​ករណី​ពុករលួយ​ក្នុងការ​តែងតាំង​តំណែង​ថ្មី​។ ជាមួយគ្នានេះ ប៉ូលិស​ជាតិ​ថៃ ក៏ត្រូវ​ទទួលបន្ទុក​ការពារ​សាក្សី និង​អ្នក​ផ្ដល់ដំណឹង បន្ទាប់ពី​ការស៊ើបអង្កេត​លើ​ពាក្យបណ្ដឹង​ចាប់ផ្ដើម​។ ម្ចាស់​បណ្ដឹង​ក៏​អាច​ស្នើ​ឲ្យ​ប្រធាន NCPO ផ្ទេរ​ការងារ​មន្ត្រីប៉ូលិស​សង្ស័យ ទៅធ្វើ​ការ​កន្លែង​ផ្សេង អំឡុងពេល​ស៊ើបអង្កេត​ទៀតផង​។  

​ប៉ូលិស​ជាតិ​ថៃ នឹងមាន​ពេល​៦០​ថ្ងៃ ដើម្បី​ពិនិត្យ​គោលការណ៍​កែទម្រង់​ស្ថាប័ន​ប៉ូលិស និង​បញ្ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី​បន្តទៀត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ បទបញ្ជា​ថ្មី កែប្រែ​ស្ទើរ​ទាំងស្រុង​ពី​ដំណើរការ​ចាស់ ដែល​គណៈកម្មការ​ប៉ូលិស​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី Prawit Wongsowon ជា​អ្នកទទួលខុសត្រូវ​ផ្ដាច់មុខ​លើ​ការតែងតាំង​មន្ត្រីប៉ូលិស​នោះ​។ ហើយ​បញ្ជា​ថ្មី​នេះ ក៏ដូចជា​ផាត់​ចោល​តួនាទី​តែងតាំង​ប៉ូលិស​របស់​គណៈកម្មកា​រ​នេះ​តែម្ដង​៕


Tag:
 ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ពុករលួយ​
  ស្ថាប័ន​ប៉ូលិស​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com