អន្តរជាតិ
ប៉ូលិស​ម៉ាឡេស៊ី ប្រាប់​គ្រួសារ​បងប្រុស​លោក​គីម ជុង​អ៊ុន​កុំ​ភ័យខ្លាច​ពេល​ទៅ​បញ្ជាក់​ទទួល​សាកសព​
21, Feb 2017 , 2:50 pm        
រូបភាព
ប្រភពរូបភាព ៖ AP
ប្រភពរូបភាព ៖ AP
ដោយ: ថ្មីៗ
​មេ​ប៉ូលិស​រដ្ឋ Selangor នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​២១ កុម្ភៈ​នេះ បាន​ផ្ញើ​សារ​ផ្តល់​ភាពកក់ក្តៅ​មួយ​ដល់​ក្រុមគ្រួសារ​របស់លោក គីម ជុង​ណាំ ដោយ​អះអាងថា រាល់​សាច់ញាតិ ឬ​ក្រុមគ្រួសារ​ដែល​មក​បញ្ជាក់​យក​សាកសព នឹងត្រូវ​បានការ​ពារ​ដោយ​ប៉ូលិស​ម៉ាឡេស៊ី​។ ការ​ថ្លែង​បែបនេះ បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារាម​ថា កូនប្រុស​របស់លោក គីម ជុង​ណាំ កំពុងតែ​ស្នាក់នៅ​ម៉ាឡេស៊ី​។



«​យើង នឹង​ផ្តល់​ការការពារ​ជាពិសេស នៅពេល​ដែលមាន​ការទា​ក់​ទង​។ ប្រសិនបើ មាន​សមាជិកគ្រួសារ​ម​ក​ម៉ាឡេស៊ី ប៉ូលិស នឹង​ជូនទៅ​កាន់​មន្ទីរពេទ្យ​កូ​ឡា​ឡាំ​ពួរ​ដើម្បី​កំណត់ និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ ហើយ​ចុងក្រោយ​ផ្តល់​គំរូ DNA ជាមួយនឹង​សាកសព​។​»​។ នេះ​គឺជា​ការអះអាង​របស់​មេ​ប៉ូលិស​រដ្ឋ Selangor លោក  Abd Samah Mat ជាមួយនឹង​សារព័ត៌មាន Channel News Asia ពាក់ព័ន្ធ​នឹង​ការវិវត្ត​ចុងក្រោយ​នៃ​សំណុំរឿង​ឃាតកម្ម​បងប្រុស​លោក​ប្រធានាធិបតី​កូរ៉េខាងជើង ។

​កន្លងមក បើទោះបីជា ស្ថានទូត​កូរ៉េខាងជើង បានទាមទារ​ឲ្យ​ម៉ាឡេស៊ី ប្រគល់​សាកសព​នោះ​ក៏ដោយ តាម​ការបញ្ជាក់​របស់​ប៉ូលិស​ម៉ាឡេស៊ី មិនទាន់មាន​សមាជិក​ក្រុមគ្រួសារ​ណាមួយ មក​បញ្ជាក់ DNA ដើម្បី​ទទួលយក​សាកសព​ជា​ផ្លូវការ​ឡើយ​។

​លោក Abd Samah Mat ក៏បាន​បញ្ជាក់​ជាថ្មី​ជាមួយ​សារព័ត៌មាន Channel News Asia នៅថ្ងៃនេះ​ដែលថា ប្រសិនបើ​ប៉ូលិស ពិនិត្យឃើញថា  DNA ត្រឹមត្រូវ​ជាមួយនឹង​សាកសព​ហើយ​នោះ ប៉ូលិស នឹង​បញ្ជូន​សាកសព​ឲ្យ​ក្រុមគ្រួសារ​តែម្តង ហើយ​ម៉ាឡេស៊ី នឹង​ជូនដំណឹង​ទៅកាន់​ស្ថានទូត​កូរ៉េខាងជើង​ផងដែរ​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មាន​ពាក្យ​ច​ចាម​អារាម ថា កូនប្រុស​របស់លោក គីម ជុង​ណាំ បាន​ទៅ ដល់​ម៉ាឡេស៊ី ក្រោយពី​ប៉ូលិស បានប្រកាស​ទុកពេល​ពីរ​សប្តាហ៍​ឲ្យ​ក្រុមគ្រួសារ​ទៅ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​យក​សាកសព​តាម​នីតិវិធី​របស់​ប្រទេស​ម៉ាឡេស៊ី​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍​នៃ​ការ​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុពុល នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី​។​

​នៅ​ថ្ងៃ​ម្សិលមិញ ក្រសួងការបរទេស​ម៉ាឡេស៊ី ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​ដើម្បី​បំភ្លឺ​ពី​ការចោទប្រកាន់​ម៉ាឡេស៊ី ថា មានការ​លាក់បាំង​ពី​សំណុំរឿង​ឃាតកម្ម​នេះ​៕


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com