អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ចូលចិត្ត​រិះគន់​ចៅហ្វាយ ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​
21, Feb 2017 , 8:19 pm        
រូបភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឧត្តមសេនីយ៍ McMaster ជាទីប្រឹក្សាសន្តិសុខជាតិថ្មី (រូបថត Xinhua)
លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឧត្តមសេនីយ៍ McMaster ជាទីប្រឹក្សាសន្តិសុខជាតិថ្មី (រូបថត Xinhua)
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍​ឯក Herbert Raymond McMaster ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី ជំនួស​លោក Michael Flynn ដែល​លាលែង​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​សន្ទនា​ទូរ​សព្ទ​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​។ ការជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍ McMaster សម្រាប់​តំណែង​នេះ ទទួល​បានការ​សាទរ​ច្រើន ព្រោះ​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ត្រូវគេ​សរសើរ​ថា ជា​មេទ័ព​ឆ្លាត​វៃ និង​ពូកែ​ខាង​យុទ្ធសាស្ត្រ​ក្នុង​ជួរ​ទ័ពជើងគោក​អាមេរិក​។​



​អស់ពី​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ឥឡូវនេះ​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ទៀត ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ ដែល​ទទួលបន្ទុក​ផ្ដល់​ប្រឹក្សា​ឲ្យ​ប្រធានាធិបតី​អាមេរិក​រឿង​នយោបាយ​ការបរទេស និង​កិច្ចការ​សន្តិសុខ​ជាតិ​។ ឧ​ត្ត​ម​សេនីយ៍ Herbert Raymond McMaster ដែល​គេ​ស្គាល់​ថា​ជា​អ្នក​យុទ្ធសាស្ត្រ​យោធា ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានតែងតាំង​សម្រាប់​តំណែង​សំខាន់​នេះ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ជំនួស​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ Michael Flynn ដែល​ចុះ​ចេញពី​តំណែង​។​

​ឧ​ត្ត​ម​សេនីយ៍ McMaster មាន​ប្រភព​មកពី​កងទ័ពជើងគោក​អាមេរិក និង​ជា​អ្នកជំនាញ​យុទ្ធសាស្ត្រ​យោធា​មួយរូប​ផង​។ ការតែងតាំង​លោក​នៅពេលនេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​លោក​ជា​មនុស្ស​ដែល​និយាយ​រិះគន់​ចៅហ្វាយនាយ ចូលចិត្ត​និយាយ​ត្រង់ ស្រប​ពេលដែល​រដ្ឋបាល​ថ្មី​របស់លោក ត្រាំ មិន​ស្វាគមន៍​សម្ដី​រិះគន់​ណាមួយ​ឡើយ​។ ហើយ​ដោយសារ​មាត់ឆៅ​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក​ត្រូវ​ខកខាន​ឡើង​តំណែង​ពីរដង​ក្នុង​ឆ្នាំ​២០០៦ និង​២០០៧ ។

​យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក​ប្រធានាធិបតី ត្រាំ បាន​សរសើរ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ជា​បុគ្គល​ទទួលបាន​ការគោរព​ខ្លាំង​ក្នុង​ជួរ​ទ័ព ហើយ​ជា​កិត្តិយស​ដែល​លោក McMaster មក​ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​។ ពី West Palm Beach ជាទី​លំហែកាយ​ចុង​សប្ដាហ៍ លោក ត្រាំ និយាយថា ឧ​ត្ត​ម​សេនីយ៍ McMaster ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ឆ្លាត​វៃ និង​សម្បូរ​ដោយ​បទពិសោធន៍​។​

​សមាជិក​ព្រឹទ្ធសភា John McCain ដែល​រឿយៗ​បាន​រិះគន់​លោក ត្រាំ នោះ ក៏​បែរជា​បង្ហាញ​ការពេញចិត្ត​ចំពោះ​ជម្រើស​របស់លោក ត្រាំ នៅពេលនេះ​។ ចំណែក​លោក Michael McFaul អតីត​ទូត​អាមេរិក​ប្រចាំ​រុស្ស៊ី និង​ជា​អ្នកប្រជាធិបតេយ្យ បាន​ហៅ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ជា​មនុស្ស​អស្ចារ្យ និង​មិន​រារែក ឬ​ភ័យខ្លាច​ក្នុងការ​សួរ​សំណួរ​ទៅកាន់​ចៅហ្វាយនាយ​របស់ខ្លួន​។

​បន្ថែម​ពីលើ​នេះ សេត​វិមាន​និយាយ​ដែរ​ថា ទន្ទឹមនឹង​ការតែងតាំង​ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី McMaster នឹង​នៅតែ​មានឈ្មោះ​ក្នុង​ជួរ​កងទ័ព​ដដែល​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ពេល​ក្រោយ គឺ​គំ​និ​យ​ផ្ទុយគ្នា​របស់លោក ត្រាំ និង​ឧ​ត្ត​ម​សេនីយ៍ McMaster លើ​រឿង​រុស្ស៊ី​។ ខុសពី​លោក ត្រាំ ដែល​ចង់​ធ្វើ​មិត្ត​ស្អិតល្មួត​ជាមួយ​រុស្ស៊ី លោក McMaster បែរជា​យល់ថា រុស្ស៊ី ជា​គំរាមកំហែង​មកលើ​អាមេរិក និង​ជា​អ្នកប្រឆាំង​អាមេរិក​រហូត​៕ 


Tag:
 ​អាមេរិក​
  Herbert Raymond McMaster
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com