អន្តរជាតិ
ចិន យក​សមុទ្រ​ចិន​ខាងត្បូង​ហ្វឹកហ្វឺន​កងទ័ពជើងទឹក​រយៈពេល​ប្រាំ​ថ្ងៃ
21, Feb 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​ជើង​ទឺ​ក​រយៈពេល​ប្រាំ​ថ្ងៃ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នៃ​ការប្រឈមមុខគ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហាក់ដូចជា​ថមថយ​បន្តិច​ហើយ​នោះ​។



«​នាវាចម្បាំង​១០​គ្រឿង​មកពី​កងពល​សមុទ្រ​ចិន​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បំពេញ​បេសកម្ម​ហ្វឹកហ្វឺន​រយៈពេល​ប្រាំ​ថ្ងៃ​ដែល​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លងទៅ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ វិញ្ញាសារ​ហ្វឹកហ្វឺន​នោះ រួមមាន​ការផ្តល់​ដំណឹង​ឲ្យ​គ្នា​រវាង​នាវា​និង​នាវា ការបាញ់​គ្រាប់​ពិត និង​ការរុករក និង​សង្គ្រោះ​នៅក្នុង​ដែនសមុទ្រ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​ម្សិលមិញ​នេះ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ សម្រាប់​ចិន ដែល​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​នោះ កន្លងមក​តែងតែ​អះអាងថា​ខ្លួន មិន​ដែលមាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​រដ្ឋ​ណា​ឡើយ ហើយ ការទាមទារ​របស់​ចិន​នោះ ក៏​ព្រោះតែ ចិន បាន​គ្រប់គ្រង​តំបន់​នោះ តាំងពី​យូរយារ​ណាស់​មកហើយ​។

​រយៈពេល​ចុងក្រោយ​នេះ ការប្រឈមមុខ​ផ្នែក​ការទូត និង​យោធា​នៅក្នុង​តំបន់​ជម្លោះ ហាក់ដូចជា​ស្ងប់ស្ងាត់​បន្តិច​រវាង​ភាគី​ពាក់ព័ន្ធ​។ ក៏ប៉ុន្តែ របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​អាមេរិក ដែល​ទើបតែ​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ នៅតែ​ព្រួយបារម្ភ​ពី​ពី​ស្ថានភាព​នៅក្នុង​តំបន់​ជម្លោះ​នោះ ដ្បិត ចិន នៅតែ​បន្តសកម្មភាព​យោ​ធូប​នីយកម្ម​នៅ​ទីនោះ​។​

​ខាងក្រោម​នេះ គឺជា​សកម្មភាព​ហ្វឹក​ហ្វឹ​ន​របស់​កងទ័ពជើងទឹក​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ៖













Tag:
 ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com