ជាតិ
យុវជន គង់ រៃយ៉ា ដែលប្រកាសធ្វើបដិវត្តពណ៌ នឹងត្រូវដោះលែង នៅថ្ងៃស្អែក គង់ រ៉ៃយ៉ា ពេលចូលសវនាការកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ។ រូបថត ថ្មីៗ
× ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ យុវជន គង់ រៃយ៉ា នឹងអនុវត្តទោសក្នុងពន្ធនាគារ គ្រប់ចំនួន១៨ខែ តាមការកំណត់របស់តុលាការ។ យុវជនរូបនេះ ត្រូវបានផ្តន្ទាទោស ដោយសារតែការប្រកាសធ្វើបដិវត្តពណ៌ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីឆ្នាំ២០១៥ កន្លងទៅ។
លោកមេធាវី សំ សុគង់ មិនទាន់ទទួលបានលិខិតជាផ្លូវការពីតុលាការ ឬពន្ធនាគារឡើយ ទាក់ទងនឹងការដោះលែងយុវជន គង់ រៃយ៉ា នៅថ្ងៃទី២២ កុម្ភៈនេះ។ ប៉ុន្តែ លោកគ្រាន់តែដឹងថា នៅសល់តែ១ថ្ងៃទៀតប៉ណ្ណោះ កូនក្តីរបស់លោក បានអនុវត្តទោសតាមអំណាចសាលក្រមរបស់តុលាការហើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សំ សុគង់ បានបញ្ជាក់ដូច្នេះថា៖«បើគិតពីថ្ងៃ ដែលគាត់ជាប់ពន្ធនាគារ រហូតដល់ថ្ងៃស្អែក គឺដល់ពេលដែលត្រូវដោះលែងគាត់ហើយ។ វា មានន័យថា គាត់បានបម្រើទោសគ្រប់ចំនួន ដែលតុលាការកំណត់»។
យុវជន គង់ រៃយ៉ា ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធាគារ កាលពីចុងខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ កាលនោះ យុវជនរូបនេះ បានបង្ហាញបំណងក្នុងការធ្វើបដិវត្តពណ៌ តាមរយៈសំណេរ លើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា «Soriya Koko»។ សំណេររបស់យុវជន គង់ រៃយ៉ា បានក្លាយជាអង្គហេតុ ដែលនាំឲ្យតុលាការ ចាត់ទុថា ជាធាតុផ្សំនៃបទល្មើស។
ក្រុមសង្គមស៊ីវិល ធ្លាប់រិះគន់ តុលាការ ដែលកាត់ទោសយុវជន គង់ រៃយ៉ា ឲ្យជាប់ពន្ធនាគារ។ ពួកគេ យល់ថា សាររបស់យុវជន គង់ រៃយ៉ា គ្រាន់តែជាការបញ្ចេញមតិ នៅក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។ ចំណែកលោក សំ សុគង់ ក្នុងនាមជាមេធាវី បានស្នើឲ្យតុលាការ ដោះលែងកូនក្តីរបស់ខ្លួន ជាច្រើនលើកច្រើនសារដែរ។ ប៉ុន្តែត្រូវបានតុលាការជាន់ទាប រហូតដល់តុលាការជាន់ខ្ពស់ សុទ្ធតែបដិសេធសំណើមេធាវីការពារក្តីយុវជន គង់ រ៉ៃយ៉ា ៕
© រក្សាសិទ្ធិដោយ thmeythmey.com