ជាតិ
យុវជន គង់ រៃ​យ៉ា ដែល​ប្រកាស​ធ្វើ​បដិវត្ត​ពណ៌ នឹងត្រូវ​ដោះលែង នៅ​ថ្ងៃស្អែក​
21, Feb 2017 , 5:36 pm        
រូបភាព
 គង់ រ៉ៃយ៉ា ពេល​ចូលសវនាការកាលពី​ថ្ងៃទី​១៥ ខែមិនា ឆ្នាំ​២០១៦ ។ រូបថត ថ្មីៗ
គង់ រ៉ៃយ៉ា ពេល​ចូលសវនាការកាលពី​ថ្ងៃទី​១៥ ខែមិនា ឆ្នាំ​២០១៦ ។ រូបថត ថ្មីៗ
​ភ្នំពេញ​៖ នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ យុវជន គង់ រៃ​យ៉ា នឹង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ គ្រប់​ចំនួន​១៨​ខែ តាម​ការកំណត់​របស់​តុលាការ​។ យុវជន​រូបនេះ ត្រូវបាន​ផ្តន្ទាទោស ដោយសារតែ​ការប្រកាស​ធ្វើ​បដិវត្ត​ពណ៌ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​។



​លោក​មេធាវី សំ សុ​គង់ មិនទាន់​ទទួលបាន​លិខិត​ជា​ផ្លូវការ​ពី​តុលាការ ឬ​ពន្ធនាគារ​ឡើយ ទាក់ទង​នឹង​ការដោះលែង​យុវជន គង់ រៃ​យ៉ា នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​។ ប៉ុន្តែ លោក​គ្រាន់តែ​ដឹងថា នៅសល់តែ​១​ថ្ងៃ​ទៀត​ប៉​ណ្ណោះ កូនក្តី​របស់លោក បាន​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​របស់​តុលាការ​ហើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​គិតពី​ថ្ងៃ ដែល​គាត់​ជាប់ពន្ធនាគារ រហូតដល់​ថ្ងៃស្អែក គឺ​ដល់​ពេលដែល​ត្រូវ​ដោះលែង​គាត់​ហើយ​។ វា មានន័យថា គាត់​បាន​បម្រើ​ទោស​គ្រប់​ចំនួន ដែល​តុលា​ការកំណត់​»​។

​យុវជន គង់ រៃ​យ៉ា ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់​ព​ន្ធា​គារ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ កាលនោះ យុវជន​រូបនេះ បានបង្ហាញ​បំណង​ក្នុង​ការធ្វើបដិវត្ត​ពណ៌ តាមរយៈ​សំណេរ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែលមាន​ឈ្មោះថា «Soriya Koko»​។ សំណេរ​របស់​យុវជន គង់ រៃ​យ៉ា បាន​ក្លាយជា​អង្គហេតុ ដែល​នាំ​ឲ្យ​តុលាការ ចាត់​ទុ​ថា ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​។

​ក្រុម​សង្គម​ស៊ីវិល ធ្លាប់​រិះគន់ តុលាការ ដែល​កាត់ទោស​យុវជន គង់ រៃ​យ៉ា ឲ្យ​ជាប់ពន្ធនាគារ​។ ពួកគេ យល់ថា សារ​របស់​យុវជន គង់ រៃ​យ៉ា គ្រាន់តែ​ជាការ​បញ្ចេញមតិ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ ចំណែក​លោក សំ សុ​គង់ ក្នុងនាម​ជា​មេធាវី បានស្នើ​ឲ្យ​តុលាការ ដោះលែង​កូនក្តី​របស់ខ្លួន ជាច្រើនលើក​ច្រើនសា​រដែ​រ​។ ប៉ុន្តែ​ត្រូវបាន​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​ជាន់ខ្ពស់ សុទ្ធតែ​បដិសេធ​សំណើ​មេធាវី​ការពារ​ក្តី​យុវជន គង់ រ៉ៃ​យ៉ា ៕


Tag:
 គង់ រៃ​យ៉ា​
  ដោះលែង
© រក្សាសិទ្ធិដោយ thmeythmey.com