ជាតិ
បច្ចុប្បន្ន មាន​បក្ស​ចំនួន​៤៦ ដែល​អាច​ចុះបញ្ជី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​
21, Feb 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាសថា មានតែ​គណបក្ស ដែល​ត្រូវ​បានទទួល​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ទើប​អាច​សុំ​ចុះបញ្ជី ដើម្បី​ឈរឈ្មោះ​ប្រកួតប្រជែង ក្នុង​ការបោះ​បោះឆ្នោត​។ រហូតមកដល់​ពេលនេះ គណបក្ស​ចំនួន​៤៦ ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ​។ ចំណែកឯ គណបក្ស​២៥​ទៀត មិនទាន់​ស្ថិតនៅក្នុង​បញ្ជី​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ នោះទេ​។



​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​គណបក្សនយោបាយ​ទាំងអស់ ចំនួន​៧១​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​លោក ហង្ស ពុទ្ធា លើក​លើកឡើងថា ក្នុងចំណោម​គណបក្ស​ទាំង​៧១ មានតែ​គណបក្ស​ចំនួន​៤៦​ប៉ុណ្ណោះ ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ និង​មាន​សិទ្ធិ សុំ​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នាពេលខាងមុខ​។ អ្នកនាំពាក្យ​ខាងលើ បន្តថា  គណបក្ស​ចំនួន​២៥​ទៀត មិនទាន់មាន​លក្ខណ​ពេញលេញ ហើយ​ក្រសួងមហាផ្ទៃ​ក៏​មិនទាន់​ទទួលស្គាល់​ជា​ផ្លូវ​ដែរ​។ លោក អះអាងថា ដោយ​ផ្អែក​តាម​គោលការណ៍ គណបក្ស​ទាំង​២៥​នេះ មិនអាច​សុំ​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ឈរឈ្មោះ​បោះឆ្នោត ឡើយ​។ 

​យ៉ាងណា លោក ហង្ស ពុទ្ធា នៅតែ​បញ្ជាក់ថា ប្រសិនបើ​គណបក្ស​ទាំង​២៥ អាច​រៀបចំ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​និង​ទាន់ពេលវេលា ហើយ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ជា​ផ្លូវការ ពួកគេ ក៏​អាច​សុំ​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដែរ​។ លោក ប្រាប់ថា ការទទួល​ពាក្យសុំ​ចុះបញ្ជី​ពី​គណបក្ស គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៧​។

​លោក ហង្ស ពុទ្ធា និយាយថា​៖«​យើង​ទទួល​ពាក្យ តែ​គណបក្ស ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ​ទេ​។ ឯ​គណបក្ស​២៥​ផ្សេងទៀត គាត់​ត្រូវ​រៀច​សំណុំ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ទាល់តែ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់ ទើប​អាច​សុំ​ចុះបញ្ជី​ឈរឈ្មោះ​បាន​»​។

​បើតាម​លោក ហង្ស ពុទ្ធា ដដែល ក្នុងចំណោម​គណបក្ស​ទាំង​៤៦ ដែល​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ មាន​គណបក្ស​១២ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​។ លោក ហង្ស ពុទ្ធា អះអាងថា បើទោះបីជា​គណបក្ស​ទាំង​១២ ជាប់​បណ្តឹង​ក៏ដោយ ក៏​ពួកគេ នៅតែ​អាច​សុំ​ចុះបញ្ជី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ដែរ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បាន​បកស្រាយ​ថា ទាល់តែ​តុលាការ សម្រេច​ឲ្យ​គណបក្ស​ទាំង​១២ មាន​ពិរុទ្ធ ទើប​ពួ​គេ មិនអាច​សុំ​ចុះបញ្ជី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​។ លោក សង្កត់ធ្ងន់ៗ​ដូច្នេះ​ថា​៖«​ពួកគាត់ គ្រាន់តែ​ជាប់​បណ្តឹង​តើ មិនមែន​ជាប់ពិរុទ្ធ​ទេ​។ ដរាបណា តុលាការ​មិនទាន់​កាត់ក្តី​ថា​ពួកគាត់​មានទោស​ឬ​ជាប់ពិរុទ្ធ គឺ​ពួកគាត់ នៅតែមាន​សិទ្ធិ​សុំ​ចុះបញ្ជី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​»​។​

​សូមបញ្ជាក់ថា គណបក្ស ដែល​ទទួលស្គាល់​ជា​ផ្លូវការ និង​អាច​សុំ​ចុះបញ្ជី​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត មានដូចជា គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា ជាដើម​៕


Tag:
 បក្ស​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com