អន្តរជាតិ
ប្រធាន​អាស៊ាន​ហ្វីលីពីន ស្វះស្វែង​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង
21, Feb 2017 , 10:19 pm        
រូបភាព
លោក ប្រធានាធិបតីហ្វីលីពីន រ៉ូធ្រីហ្គូ ឌើទើតេ
លោក ប្រធានាធិបតីហ្វីលីពីន រ៉ូធ្រីហ្គូ ឌើទើតេ
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាននិងកំពុង​តែ​ដុតដៃដុតជើ់ង​ខ្លាំង​ក្នុងការ​ដឹកនាំ​ក្រុមការងារ​អាស៊ាន​-​ចិន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​លិ​ខិ​តូ​បក​រណ៍​គតិយុត្ត​មួយ​ក្នុង​ការធានា​ឲ្យ​បាន​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​លិ​ខិ​តូ​បក​រណ៍​នោះ​គឺ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាស៊ាន និង​ចិន បាន​ចំណាយ​ពេលធ្វើ​ច្រើន​ឆ្នាំ​ហើយ​នោះ តែ​មិនទាន់​ត្រូវ​រូ​វ​គ្នា​។



​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo នៅ​ថ្ងៃទី​២០ ខែកុម្ភៈ បាន​អះអាងថា ការវិវត្ត​ចុងក្រោយ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ការជំរុញ​មួយ​របស់​អាស៊ាន និង​ចិន ក្នុងការ​ប្រឹងប្រែង​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​មួយ​(​សមុទ្រ​ចិន​ខាងត្បូង​)​នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។
​សូម​ជម្រាប​ផងដែរ​ថា នៅ​ឆ្នាំ​២០០២ ក្នុងពេល​កម្ពុជា គឺជា​ប្រធាន​អាស៊ាន អាស៊ាន និង​ចិន បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​លិ​ខិ​តូ​បក​រណ៍​គតិយុត្ត​សំខាន់ និង​ដំបូង​រវាង​អាស៊ាន និង​ចិន ដែល​បា​នប​ញ្ញ​តិ​ពី​យន្តការ​ជាច្រើន​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​នាពេលនោះ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏បាន​មាន​ផែនការ​ក្នុងការ​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជា​លិ​ខិ​តូ​បក​រណ៍​ដែលមាន​ច​រិ​ក​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់​លើ​ភាគី​ក្នុង​កម្រិត​កំពូល​មួយ​បន្ថែម​ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ​ផងដែរ​។​

​ក៏ប៉ុន្តែ គិត​ចាប់ពីពេលនោះ​មក ភាគី​ពាក់ព័ន្ធ​ទាំងអស់ មិនមាន​ការឯកភាព​គ្នា​ណាមួយ​ឡើយ ពោលគឺ ការចរចា មិនដែល​ទទួលបាន​ផ្លែផ្កា​អ្វី​ឡើយ ដ្បិត​ភាគី​ជម្លោះ​នីមួយៗ មាន​ជំហរ​រឹងទទឹង​រៀងៗ​ខ្លួន​។ ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មានដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។​

​ជុំវិញ​ការចរចា​នេះ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ដដែល​នោះ បាន​បន្ថែមថា ក្រុមការងារ​អាស៊ាន​-​ចិន បាន​រំពឹងថា នឹង​អាច​បញ្ចប់​ក្របខណ្ឌ​រួម​នៃ​ក្រម​ប្រតិបត្តិ​នៅ​ឆ្នាំនេះ មុនពេល​បន្តដំណើរ​កា​រ​ចរចា​លើ​ចំណុច​ស្នូល​នៃ​ក្រម​ប្រតិបត្តិ​។

​លោក សង្កត់ធ្ងន់ថា​៖«​ស្ថានភាព ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំមុន និង​ឆ្នាំនេះ (​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​) គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​សម្រាប់​អាស៊ាន ក្នុង​ការប៉ង​ចង់​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​ឲ្យ​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

​លោក​អនុរដ្ឋមន្ត្រី​រូបនោះ បាន​បន្ថែមថា អាស៊ាន បាន​មាន​ចេតនា​មួយ​ពិតប្រាកដ​ក្នុង​សម្រេច​ឲ្យ​បាន​លិ​ខិ​តូ​បក​រណ៍​មួយ​ដើម្បី​ទប់ស្កាត់​ភាព​តានតឹង​ដែល​អាច​គំរាមកំហែង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។

​សូម​ជម្រាប​ផងដែរ​ថា ឆ្នាំ​២០១៧​នេះ ហ្វីលីពីន គឺជា​ប្រធាន​វិលជុំ​អាស៊ាន​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ហ្វីលីពីន ត្រូវមាន​កាតព្វកិច្ច​ច្រើន ដែល​ត្រូវ​រាប់​រ៉ង ដែល​នោះ ក៏​រាប់បញ្ចូល​ទាំង​ការរៀបចំ​កិច្ចប្រជុំ​ឲ្យ​បាន​រលូន​។ បើ​ហ្វីលីពីន ពិតជា​អាចដឹកនាំ​អាស៊ាន​សម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​មែន នោះ វា ក៏​នឹង​ក្លាយជា​សមិទ្ធផល និង​កេរ្តិ៍មរតក​នៃ​ការដឹកនាំ​មួយ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ផងដែរ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com