អត្ថបទពាណិជ្ជកម្ម
សិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង ៥៥៦​នាក់ ​ទស្សនកិច្ច​សិក្សា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ជី​សូរ្យ​
22, Feb 2017 , 11:58 am        
រូបភាព
ដោយ:

​គណៈ​គ្រប់គ្រង​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង​៣​សាខា បានរួម​គ្នា​ដឹកនាំ​សិស្ស​ថ្នាក់​ទី​១១ ប្រមាណ​៥៥៦​នាក់ ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ជី​សូរ្យ ដែល​ស្ថិតនៅ​ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ នា​សប្ដាហ៍​មុន​នោះ ដើម្បី​បង្ក​ឱកាស​ឱ្យ​សិស្សានុសិស្ស​ទាំង​នោះបាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ ស្គាល់​ពី​ស្ថានភាព​សង្គម ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ព្រមទាំង​ដឹង​ពី​ប្រវត្តិ​រមណីយដ្ឋាន​ប្រាសាទបុរាណ ប្រាង្គ​ប្រាសាទ និង​ភ្នំ​ធម្មជាតិ​ជាដើម​។ ពិសេស គឺមាន​ចេតនា​បណ្ដុះ​នូវ​ទឹកចិត្ត​យុវ​សិស្ស​ឲ្យ​ស្រឡាញ់​វប្បធម៌ អរិយធម៌ សម្បត្តិ​វប្បធម៌​នៃ​ប្រាង្គ​ប្រាសាទបុរាណ​ដែលជា​បេតិកភណ្ឌ​ជាតិ និង​ក៏​ដើម្បី​រួមចំណែក​បន្ត​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ទាំងនោះ​ដល់​មហាជន​ទូទៅ​ផងដែរ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ប៉ាំង លាង​ស៊ីម ចាងហ្វាង​មធ្យមសិក្សា​នៃ​ទុតិយភូមិ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ការណ៍​ជ្រើស​រើសយក​ទីតាំង​នោះ​ធ្វើជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​នេះ ក៏​ព្រោះ​ដោយសារ​ទីនោះ​ជាទី​តាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែលមាន​ប្រាសាទបុរាណ​មួយ បាន​កសាងឡើង​ដោយ​ថ្មបាយក្រៀម និង​ឥដ្ឋ តាំង​ដើម​សតវត្សរ៍​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (១០០២-១០៥០) មកម្ល៉េះ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា​។ ម្យ៉ាង​ក៏​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ខ្លះៗ អំពី​សាសនា វប្បធម៌ ប្រពៃណី ក៏ដូចជា​លម្ហែ​កម្សាន្ត​ស្រូបយក​ខ្យល់​បរិសុទ្ធ​នៃ​ធម្មជាតិ​ដ៏​បំព្រង​នៅ​ទីនោះ​ផងដែរ​។ សូម​ជម្រាបជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​ចេតនា​ឱ្យ​សិស្ស​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នា​តំបន់​នោះ ថា​តើ​មាន​លក្ខណៈ​ប្លែក​គ្នា​យ៉ាងណាខ្លះ​រវាង​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ និង​តាម​ទីជនបទ​។



​ចាងហ្វាង​រូបនេះ​បន្ថែមថា ដំណើរ​ទស្សនកិច្ច​លើក​នេះ ក៏​អាចជួយ​ជំរុញ​ទឹកចិត្ត​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​កេរដំណែល​ប្រវត្តិសាស្ត្រ កេរដំណែល​ធម្មជាតិ បរិស្ថាន អនាម័យ ហើយក៏​ជាការ​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ចូលរួម​ថែរក្សា​មរតក​ទាំងអស់​នេះដែរ​។ ក្រៅពី​អាច​ជំរុញ​ទឹកចិត្ត​សិស្ស​ឱ្យ​ស្រឡាញ់ និង​ថែរក្សា​កេរដំណែល​ទាំងអស់​នេះហើយ ក៏​នឹង​អាចជួយ​ឱ្យ​ពួកគេ​បាន​ស្គាល់​មិត្តភក្តិ​ថ្មីៗ រឹតចំណង​សាមគ្គីភាព មិត្តភាព ភាតរភាព និង​ជម្រុះ​ចោល​នូវ​ភាព​នឿយណាយ​ទាំងឡាយ​ក្នុងការ​សិក្សា ដើម្បី​ទទួលយក​អារម្មណ៍​សប្បាយរីករាយ​វិញ​ម្ដង​។ អ្វី​ពិសេស​ជាង​នេះ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ផ្សារភ្ជាប់​ទ្រឹស្តី​និង​ការអនុវត្ត​។ ឧទាហរណ៍​ថា ក្រោយពី​ការរៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​ក្នុង​ថ្នាក់ ពួកគេ​អាចមក​ឃើញ​ផ្ទាល់ ប៉ះ​ផ្ទាល់​ដល់ទី​តាំង​ពិតៗ ប្រយោជន៍​ជួយ​ឱ្យ​ពួកគេ​បាន​យល់ច្បាស់ និង​មានការ​ចងចាំ​ល្អ​។ នេះ​ជាការ​អះអាង​បន្ថែម​របស់​ចាងហ្វាង​ដដែល​រូបនេះ​។​

​នាឱកាស​នោះ យុវ​សិស្ស ស័​រ គីម​ផាង សិស្ស​ថ្នាក់​ទី​១១ “​គ​” សាខា​ម៉ៅ​សេទុង ថ្លែងថា​ពិតជា​សប្បាយរីករាយ​ដែល​បានមក​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​នេះ ជាហេតុ​ធ្វើឱ្យ​យល់​ពី​បញ្ហា​សង្គម​នានា​នៅតាម​ជនបទ ព្រោះ​ទីក្រុង​និង​ជនបទ​មាន​លក្ខណៈ​ខុសប្លែកគ្នា​ឆ្ងាយ​ណាស់​។ អ្វីដែល​ពិសេស​នោះ គឺ​ទេសភាព​ស្រស់ស្អាត ព្រៃឈើ ភ្នំ និង​មាន​ប្រាង្គ​ប្រាសាទបុរាណ​ជាដើម ហើយ​អ្វីដែល​ធ្វើឱ្យ​យើង​ដឹង​កាន់តែច្បាស់ ថែមទាំង​អស្ចារ្យ​ផង​នោះ គឺ​ភាព​ដ៏​ប៉ិនប្រសប់​របស់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​កសាង​ប្រាសាទបុរាណ​នៅលើ​ភ្នំ​ជី​សូរ្យ ហើយ​សុទ្ធសឹងតែ​ថ្ម​ល្អៗ​។ នេះ​បាន​បញ្ជាក់ថា ខ្មែរ​យើង​សម័យ​នោះ​គឺមាន​វប្បធម៌ អរិយធម៌​យ៉ាង​រីកចម្រើន និង​សក្ដានុភាព​ខ្លាំង​។​



 “​យើង​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ល្អៗ​ពី​រមណីយដ្ឋាន​បុរាណ​នេះ ដូចជា​ដឹង​ពី​ឆ្នាំ​កសាង ពី​ប្រវត្តិសាស្ត្រ​ប្រាសាទ និង​ពី​រចនាបទ​នៃ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ពិតប្រាកដ​ជាដើម​។ មិនតែប៉ុណ្ណោះ បានឃើញ​ដោយផ្ទាល់​ភ្នែក​ពី​ជីវិត​នា​ជនបទ​”​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ គីម​ផាង​។​

​គួរ​ជម្រាបជូន​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​ទី​១០៣ ដោយមាន​ការចូលរួម​ពី​សំណាក់​សិស្ស​ថ្នាក់​ទី​១១ គ្រប់​សាខា​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង​។ មិន​ត្រឹមតែ​ចុះ​កម្មសិក្សា​ប៉ុណ្ណោះ​ទេ សិស្ស​ថ្នាក់​ទី​១១ ទាំងនោះ ថែមទាំង​ឆ្លៀត​ពាំ​នាំយក​នូវ​អំណោយ​ផ្សេងៗ​រួមមាន​ទាំង​សម្ភារៈ​សិក្សា និង​នំចំណី​ជាដើម​ផង​នោះ ទៅ​ចែកជូន​ដល់​សិស្ស​ប្រមាណ​ជាង​៤០០​នាក់ នៅ​សាលាបឋមសិក្សា​ដុង ស្ថិតក្នុង​ស្រុក​សំរោង ខេត្តតាកែវ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​រវាង​គ្នា​និង​គ្នា​ផងដែរ​៕

(អត្ថបទសាលា)


© រក្សាសិទ្ធិដោយ thmeythmey.com