កីឡាជាតិ
ជាតិ
កម្ពុជាគ្រោងបញ្ជូនកីឡាជាង២០ប្រភេទឲ្យចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី លោក ញ៉ាន សុខវិសាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ជាតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនាយបេសកកម្មព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ
× កម្ពុជាគ្រោងបញ្ជូនកីឡាជាង២០ប្រភេទឲ្យចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ។ ប៉ុន្តែថ្នាក់ដឹកនាំមិនទាន់បានបញ្ជាក់លម្អិតពីឈ្មោះប្រភេទកីឡាទាំងនោះនៅឡើយទេ ខណៈប្រភេទកីឡាដែលធ្លាប់ដណ្តើមបានមេដាយនៅតែជាប្រភេទកីឡាក្តីរំពឹងដដែល។ ការប្រកួតនេះម្ចាស់ផ្ទះម៉ាឡេស៊ីបានកំណត់ដាក់៣៨ប្រភេទកីឡាចូលរួម ដោយមានវិញ្ញាសាសរុបចំនួន៤០៥វិញ្ញាសា។
នាយបេសកកម្មកម្ពុជាលោក ញ៉ាន សុខវិសាល បានឲ្យដឹងថា ថ្នាក់ដឹកនាំកីឡាកម្ពុជាគ្រោងបញ្ជូនកីឡាជាង២០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា។ ប៉ុន្តែលោកបញ្ជាក់ថា នេះគ្រាន់តែជាតួលេខ មិនមែនជាឈ្មោះប្រភេទកីឡាជាក់ស្តែងនោះទេ ខណៈតួលេខ និងឈ្មោះជាក់ស្តែងរង់ចាំកិច្ចប្រជុំនៅខែមីនាខាងមុខនេះ។
«ជាបណ្តោះអាសន្នកម្ពុជាយើងបានបញ្ជូនតួលេខជាង២០ប្រភេទកីឡា តែវាមិនមែនជាឈ្មោះកីឡានោះទេ វាគ្រាន់តែជាតួលេខ។ ហើយចំនួនពិតប្រាកដគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងជួបប្រជុំសម្រេចជាមួយក្រសួងអប់រំ យុវជន និងកីឡានៅខែមីនា ខាងមុខនេះ»។ នេះជាសម្តីរបស់លោក ញ៉ាន សុខវិសាល។
យ៉ាងណាក៏ដោយ កម្ពុជានៅតែបានចាត់ទុកប្រភេទកីឡាដែលធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិកាណ៍ស៊ីហ្គេមនាពេលកន្លងមក ដូចជាប៉េតង់, តេក្វាន់ដូ, សីប៉ាក់តាក្រជាដើម ជាប្រភេទកីឡាសក្តានុពេល ខណៈប្រដាល់ទោះបីមិនធ្លាប់ដណ្តើមបានមេដាយក៏ក្លាយជាក្តីរំពឹងរបស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺកីឡាសក្តានុពលមួយចំនួនរបស់កម្ពុជាដូចជាចំបាប់ ល្បុក្កតោ និងវ៉ូវីណាមមិនមានវត្តមានក្នុងស៊ីហ្គេមនេះឡើយ។
ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ NOCC លោក ញ៉ាន សុខវិសាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ជាតំណាងកម្ពុជាចូលរួមកិច្ចប្រជុំនាយបេសកកម្មព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ជាមួយតំណាងប្រទេសជាច្រើនទៀតក្នុងតំនប់អាស៊ាន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាទៅលើទម្រង់បែបបទ និងលក្ខខណ្ឌមួយចំនួនក្នុងការចូលរួមព្រឹត្តការណ៍នេះ។ លើសពីនេះលោកបានចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់កីឡាករ និងដើរមើលទីតាំងនៃទីលានប្រកួតទៀតផង។
គួរបញ្ជាកថា ការប្រកួតកីឡាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះមាន១១ប្រទេសចូលរួម មាន៣៨ប្រភេទកីឡា និង៤០៥ប្រភេទវិញ្ញាសា។ ព្រឹត្តិការណ៍នេះនឹងបើកជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា និងបិទព្រឹត្តិការណ៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧៕
Tag:
Sea Games 2017
ញ៉ាន សុខវិសាល
ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com