អន្តរជាតិ
សំណើសាងសង់​ទំនប់​វា​រី​អគ្គិសនី​ធំ​ទី​៣​របស់​ឡាវ​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​
22, Feb 2017 , 7:39 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន ៖ មុននឹង​ឈានដល់​កិច្ចប្រជុំ​ក្នុង​តំបន់​នៅក្នុង​ទីក្រុង ហ្លួងព្រះបាង ប្រទេស​ឡាវ ពាក់ព័ន្ធ​នឹង​សំណើ​របស់​ឡាវ​ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ធំ​ទី​៣ របស់ខ្លួន​ដែលមាន​ឈ្មោះថា «Pak Beng​​» នៅលើ​ទន្លេ​មេ​របស់​ទន្លេមេគង្គ​នោះ ការរំពឹងទុក​ពី​កិច្ចប្រជុំ​នេះ​ហាក់ដូច​ជាមាន​ភាព​វិជ្ជមាន​ជាង​មុន ប៉ុន្តែ​បទដ្ឋាន​នៃ​កិច្ចប្រជុំ​នេះ​នៅតែមាន​កម្រិត​ទាប​នៅឡើយ បើ​ផ្អែក​ទៅតាម​បទពិសោធន៍​ដែល​ទទួលបាន​ ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី Don Sahong និង​ទំនប់​វា​រី​អគ្គិសនី Xayaburi​។ នេះ​បើ​យោងតាម​អ្នកនាង Courtney Weatherby អ្នកវិភាគ​ស្រាវជ្រាវ​ទៅលើ​តំបន់​អាស៊ីអាគ្នេយ៍​មួយរូប ​នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Stimson ដែលមាន​ស្នាក់ការ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​។​



«​ខ្ញុំ​គិតថា វេទិកា​ពិគ្រោះ​យោបល់​នេះ ​នឹង​ជា​សូ​ចនករ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ពេលអនាគត ​រយៈពេល​យូរ​នៃ​ការសាងសង់​ទំនប់​។ យើង​បានឃើញ​ច្បាស់​ហើយ​តាមរយៈ​ដំណើរការ​នៃ​ការប្រឹក្សា​យោបល់​ ទៅលើ​ទំនប់​វា​រី​អគ្គិសនី Xayaburi និង​ទំនប់​វា​រី​អគ្គីសនី Don Sahong ដែលមាន​ការលំបាក​ក្នុងការ​ចរចារ​រវាង​គ្នា​ទៅវិញទៅមក នៅពេលដែល​ក្រុម​អ្នក​អភិវឌ្ឍ​និង​រដ្ឋាភិបាល​ឡាវ​ បានធ្វើ​សេចក្តីសម្រេច មុននឹង​ការពិគ្រោះ​យោបល់​ជាមុន ថា​ពួកគេ​នឹង​បន្ត​គម្រោង​របស់គេ​ទៅមុខ​»​។​

​នីតិវិធី​ជូនដំណឹង ពិគ្រោះ​ជាមុន និង​ការព្រមព្រៀង ឬ​ហៅ​កាត់​ថា PNPCA ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ មាន​គោលបំណង​ចង់​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ចំនួន​៤ រួមមាន​ប្រទេស​ឡាវ ថៃ វៀតណាម និង​កម្ពុជា លើកឡើង​ពី​ការព្រួយបារម្ភ​របស់​ពួកគេ ​ជុំវិញ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​។​

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum បាន​ប្រាប់ VOA ថា នីតិវិធី PNPCA គឺជា​នីតិវិធី​ល្អ​មួយ ប្រសិនបើ​គេ​យក​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​ពិចារណា​។​

«​នីតិវិធី PNPCA គឺជា​នីតិវិធី​ល្អ​មួយ ក្នុងករណី​ដែល មានន័យថា រដ្ឋាភិបាល​ឡាវ ឬមួយ​គណៈកម្មកា​រទ​ន្លេ​មេគង្គ គាត់​យក​លទ្ធផល​ដែល​ជាក់ស្តែង មានន័យថា ចេញពី​ការប្រជុំ​ពិគ្រោះ​យោបល់​ពី​ប្រទេស​ទាំង​៤​ហ្នឹង ​យកទៅ​ថ្លឹងថ្លែង ដាក់​នៅក្នុង​ផែនការ ឬ​ធ្វើ​សេចក្តីសម្រេចចិត្ត​ពិតប្រាកដ​»​។​

​លោក វណ្ណា​រ៉ា បន្តថា ផ្ទុយទៅវិញ នីតិវិធី PNPCA គ្រាន់តែ​ជា​នីតិវិធី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ដែល​ផ្អែកទៅលើ​ហេតុផល​នយោបាយ ​ជាជាង​ផ្អែក​ទៅតាម​ហេតុផល​បច្ចេកទេស​។​

«​នីតិវិធី PNPCA នេះ​នឹង​ក្លាយទៅជា​នីតិវិធី​បង្គ្រប់កិច្ច ​ដើម្បី​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ហ្នឹង​គេ​អស់ចិត្ត​។ នៅពេលដែល​ប្រទេស​ឡាវ ឬមួយ​គណៈកម្មកា​រទ​ន្លេ​មេគង្គ​ ដែលមាន​៤​ប្រទេស​ហ្នឹង គាត់​ធ្វើ​សេចក្តីសម្រេចចិត្ត​ផ្អែកទៅលើ​នយោបាយ ច្រើនជាង​ផ្នែក​បច្ចេកទេស​»​។​



​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ផ្តួចផ្តើមឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ សមាជិក​ទាំងអស់​ត្រូវ​ធ្វើការ​សិក្សា ​និង​ពិគ្រោះ​យោបល់​ជាមុន មុននឹង​សមាជិក​ណាមួយ​អាច​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ណាមួយ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ប៉ុន្តែ​ជា​អកុសល ឡាវ​មិនបាន​គោរព​ទៅតាម​កិច្ចព្រមព្រៀង​នោះទេ ហើយ​ថែមទាំង​បន្ត​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មួយ​ហើយ​មួយទៀត។ នេះ​បើ​យោងតាម​លោក មា​ជ មាន អ្នកសម្របសម្រួល​ផ្នែក​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​នៅឯ​បណ្តាញ​ការពារ​ទន្លេ​បី ឬ 3S Rivers Protection Network​។​

«​អ្វីដែល​ប៉ះពាល់​ធ្ងន់​នោះ​គឺ​គោលនយោបាយ​ទេ​។ កិច្ចព្រមព្រៀង​ទន្លេមេគង្គ​ឆ្នាំ​១៩៩៥ ដែល​ឡាវ​ព្យាយាម​មិន​គោរព​ទៅលើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥​។​ នេះ ​គឺ​អ្វីដែល​យើង​មើលឃើញ​»​។​

​លោក តឹក វណ្ណា​រ៉ា បាន​ប្រាប់ VOA ថា អង្គការ NGO Forum នឹង​លើកឡើង​សំណើចំនួន​បី ក្នុងអំឡុងពេល​កិច្ចប្រជុំ​នាពេលខាងមុខ​នេះ​។​

«​ចំណុច​ទីមួយ​គឺ​ស្នើ​ឲ្យ​មានការ​បញ្ឈប់ មានន័យថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ទន្លេមេគង្គ​។ ហើយ​ចំណុច​ទី​២ គឺ​យើង​ស្នើ​ឲ្យ​មានការ​សិក្សា​ឡើងវិញ​ ទៅលើ​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង ជាពិសេស​គឺ​ផលប៉ះពាល់​ឆ្លងដែន​មកលើ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដទៃៗ​ទៀត​ ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រោម​។ ហើយ​ចំណុច​ទី​៣ គឺ​យើង​ស្នើឲ្យ​ស្តាប់​សំឡេង​ប្រជាជន​ដែល​ពឹង​អាស្រ័យទៅលើ​ធនធាន​ទន្លេមេគង្គ​»​។​

​ស្រដៀង​គ្នា​នេះដែរ អ្នកនាង Weatherby បាន​ណែនាំ​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ ​ប្រើប្រាស់​តួនាទី​របស់ខ្លួន​បង្រួប​បង្រួម​បណ្តា​ប្រទេស​ជា​សមាជិក​ ឲ្យ​មានការ​សន្ទនា​រវាង​គ្នា​ទៅវិញទៅមក ដូច្នេះ​សំឡេង​របស់​ប្រជាពលរដ្ឋ​ នឹងត្រូវ​បាន​គេ​ដឹងឮ​។​

«​ខ្ញុំ​ចង់​ស្នើ​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​ ប្រើប្រាស់​តួនាទី​ដ៏​សំខាន់​របស់ខ្លួន ​ក្នុងនាម​ជា​អ្នក​ដែល​រួបរួម​ឲ្យ​មានការ​សន្ទនា ​រវាង​ប្រទេស​ជា​សមាជិក​កើតមានឡើង ដូច្នេះ​រាល់​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ ​នឹងត្រូវ​បាន​អ្នក​ដែល​ធ្វើ​សេចក្តីសម្រេចចិត្ត​ទៅលើ​គម្រោង​នោះ​ដឹងឮ​»​។​

​នីតិវិធី PNPCA ត្រូវការ​រយៈពេល​៦​ខែ​។ ដំណើរការ​នៃ​ការពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី Pak Beng បានចាប់ផ្តើម​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦​។ ក្រោយ​កិច្ចប្រជុំ​ក្នុង​តំបន់​នៅ​ថ្ងៃទី​២២ និងថ្ងៃទី២៣ ខែកុម្ភៈ​នេះ ជំហាន​បន្ទាប់​នឹងមាន​ដំណើរ​ទស្សនកិច្ច​ ទៅកាន់​ទីតាំង​ទំនប់​វា​រី​អគ្គិសនី Pak Beng នៅ​ខែមេសា​ខាងមុខនេះ​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com