អន្តរជាតិ
រុស្ស៊ី​ប្រាប់​អង់គ្លេស​៖ គ្មាន​សត្វ​ណា​អាច​បញ្ជា​ខ្លាឃ្មុំ​បានឡើយ​
22, Feb 2017 , 8:39 pm        
រូបភាព
ប្រមុខ​ការពារជាតិ​រុស្ស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Sergei Shoigu បាន​ប្រតិកម្ម​តប​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អង់គ្លេស Michael Fallon ដែល​ស្នើ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​លី​ប៊ី​។ ជាការ​ឆ្លើយតប ប្រមុខ​ការពារជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ក៏បាន​ផ្ញើ​សារ​ឲ្យ​សម​ភាគី​អង់គ្លេស​វិញ​ថា មិនចាំបាច់​ប្រាប់ «​ខ្លាឃ្មុំ​» រុស្ស៊ី​ពីអ្វី​ដែល​ត្រូវ ឬ​មិន​ត្រូវធ្វើ​ឡើយ​។​



​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Michael Fallon ដែល​បាន​ប្រាប់​ឲ្យ​រុស្ស៊ី​ឈប់​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​លី​ប៊ី​ទៀត​។ ក្នុងនាម​ជា​មហាអំណាច​ពិភពលោក រុស្ស៊ី មិន​សប្បាយចិត្ត​ឡើយ​ដែល​ប្រទេស​ផ្សេង​មក​បង្គាប់​ខ្លួន​ពីអ្វី​ដែល​ត្រូវធ្វើ និង​អ្វីដែល​មិនត្រូវ​ធ្វើបែបនេះ​។​

​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ដោយ​ហៅ​រុស្ស៊ី​ជាស​ត្វ​ខ្លាឃ្មុំ លោក Fallon បាន​និយាយ​ក្រៅ​កិច្ចប្រជុំ​សន្តិសុខ​ក្រុង Munich ថា ចក្រភព​អង់គ្លេស មិន​ត្រូវការ​ក្រញាំ​ខ្លាឃ្មុំ​មក​លូកលាន់​កិច្ចការ​របស់​លី​ប៊ី​ឡើយ​។ ប្រមុខ​ការពារជាតិ​អង់គ្លេស បាន​លើកយក​ជំនួប​សន្ទនា​តាម video conference រវាង​ប្រមុខ​ការពារជាតិ​រុស្ស៊ី Shoigu និង​មេទ័ព​លី​ប៊ី Khalifa Haftar ដែល​បានធ្វើ​ទស្សនកិច្ច​លើ​នាវា​ដឹក​យន្តហោះ Admiral Kuznetsov ហើយ​ចាត់ទុក​ជំនួប​នេះ ជាការ​សាកល្បង​របស់​រុស្ស៊ី​ចំពោះ​ចំណាត់ការ​ណា​តូ​។​

​ឆ្លើយតប​ការចោទប្រកាន់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ Shoigu និយាយថា​៖ «​ដោយសារ​អង់គ្លេស​និយាយ​រឿង​សត្វ​... ខ្ញុំ​គិតថា​សត្វ​តោ​ជា​តំណាង​របស់​អង់គ្លេស​។ ចាស់​បុរាណ​និយាយថា តោ​ទាំងអស់ គឺជា​ឆ្មា តែ​ឆ្មា​ទាំងអស់ មិនមែនជា​តោ​ឡើយ​។ គ្រប់គ្នា​គិតតែ​រឿង​របស់​ខ្លួនឯង​ទៅ​។ ខ្ញុំ​គិតថា សត្វ​ទាំងអស់ មិនអាច​បញ្ជា​ខ្លាឃ្មុំ​ស្រេច​តែ​ចិត្ត​ឡើយ​។​»​បើតាម​សារព័ត៌មាន RT លោក Shoigu ឆ្លើយ​ដូចនេះ​ក្នុងជំនួប​ជាមួយ​និស្សិត​នៅឯ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ​។​

​ស្ថានភាព​នៅ​លី​ប៊ី មិនមាន​ស្ថិរភាព​ឡើយ ក្រោយ​ការដួលរលំ​របប​ផ្ដាច់ការ Muammar Gaddafi ក្នុង​ឆ្នាំ​២០១១ ក្រោម​អន្តរាគមន៍​របស់​កង​កម្លាំង​បស្ចិមប្រទេស​។ មកទល់ពេលនេះ គូប្រជែង​នយោបាយ​សំខាន់​ចំនួន​២ គឺ​មួយ​នៅ Tobruk និង​មួយទៀត​នៅ​រដ្ឋធានី Tripoli នៅតែ​ខ្វែងគំនិត​គ្នា​លើ​ការបង្រួបបង្រួម​ជាតិ​ដដែល​។ ក្រុម​នយោបាយ​នៅ Tobruk ដែល​គាំទ្រ​ដោយ​កងកម្លាំង​យោធា​រប​ស់លោក Haftar មិន​ព្រម​សហការ​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ឡើយ​។

​ចំណែក​រុស្ស៊ី​វិញ ហាក់​បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​ទាំងមូល តាមរយៈ​ការចូល​ជួយ​របប​ស៊ី​រី​របស់​ប្រធានាធិបតី អាសាដ និង​បោះដៃ​ចូល​លូកលាន់​ផ្ទៃក្នុង​លី​ប៊ី​ទៀតផង​។ ដោយសារ​គ្មាន​ផែន ការ​ច្បាស់លាស់​បន្ទាប់ពី​ការដួលរលំ​របប​Gaddafi ទើប​ធ្វើ​ឲ្យ​លី​ប៊ី ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន​បែបនេះ ហើយ​រុស្ស៊ី ទំនង​ឆ្លៀត​ពេលនេះ ដើម្បី​ពង្រីក​ឥទ្ធិពល​លើ​គូប្រជែង​នយោបាយ​នៅ​លី​ប៊ី ក្រោយ​បាត់បង់​ទៅតាម​ការស្លាប់​របស់លោក Gaddafi នោះ​៕ 


Tag:
 រុស្ស៊ី​
  អង់គ្លេស​
  Sergei Shoigu
  Michael Fallon
© រក្សាសិទ្ធិដោយ thmeythmey.com