ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កង្វះ​អនាម័យ​បង្ក​ផល​អវិជ្ជមាន​ច្រើន ខណៈ​ការប្រើ​បង្គន់​អនាម័យ​នៅ​កម្ពុ​ជាមាន​ចំនួន​តិចជាងគេ​ធៀប​នឹង​អាស៊ាន​
22, Feb 2017 , 4:38 pm        
រូបភាព
​កង្វះ​អនាម័យ និង​ទឹកស្អាត​នៅ​ជនបទ បាន​បង្ក​ផល​អវិជ្ជមាន​ជាច្រើន រាប់​ចាប់ពី​បញ្ហា​សុខភាព ការអប់រំ​របស់​កុមារ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​។ នៅត្រឹម​ឆ្នាំ​២០១៥ តួលេខ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​កម្ពុជា មាន​ចំនួន​៥២.៩​ភាគរយ ជា​ចំនួន​តិចជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ចំនួន​បានធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ មាន​កង្វល់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការងារ​នេះ​។​


 
​កម្ពុ​ជាមាន​តួលេខ​ប្រើប្រាស់​បង្គន់​អនាម័យ​ទាប​ជាងគេ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។  បើតាម​របាយការណ៍រ​បស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ឆ្នាំ​២០១៥ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៥២.៩​ភាគរយ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ​។

​កង្វះ​អនាម័យ និង​ទឹកស្អាត​នៅ​ជនបទ បាន​បង្ក​ផល​អវិជ្ជមាន​ជាច្រើន រាប់​ចាប់ពី​បញ្ហា​សុខភាព ការអប់រំ​របស់​កុមារ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​។​

​លោក ហង់ ហ៊ី​ប៊ុណ្ណា មន្ត្រី​ឯកទេស​ទឹកស្អាត និង​អនាម័យ នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បញ្ហា​សុខភាព​ដែល​បណ្តាលមកពី​កង្វះ​អនាម័យ និង​ទឹកស្អាត​មានដូចជា ជំងឺរាក ឬ​អាច​បង្ក​ជា​អាសន្នរោគ និង​ជំងឺឆ្លង​ផ្សេងៗ ដែល​ធ្វើឱ្យ​កុមារ​មាន​សភាព​ស្លេកស្លាំង មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​រៀនសូត្រ​។

​មន្ត្រី​រូបនេះ ក៏​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​កុមារ ពិសេស​ក្មេងស្រី នៅពេលដែល​ពួកគេ​ត្រូវ​ទៅ​បន្ទោរ​បង់​ក្នុងព្រៃ នៅ​ឆ្ងាយ​ពី​ផ្ទះ​។ បញ្ហា​ទាំងនោះ​មានដូចជា សត្វ​មាន​ពិស​ខាំ និង​បញ្ហា​ធ្ងន់ធ្ងរ គឺ​ក្មេងស្រី​អាច​ប្រឈម​នឹង​ការរំលោភបំពាន​រាងកាយ​។

​ខាងក្រោម​នេះ ជា​វីដេអូ​អប់រំ​ខ្លី ដែល​ផលិតឡើង​ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បង្គន់​អនាម័យ​។​



​ការសិក្សា​មួយ​របស់​ធនាគារពិភពលោក​បាន​រកឃើញថា កង្វះ​អនាម័យ​ក៏​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​ដែរ​។ ទឹកប្រាក់​ចំនួន ៧.២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ​ស្មើនឹង​៤៤៨​លាន​ដុល្លារ​។ ទឹកប្រាក់​ទាំងនេះ ត្រូវ​ចំណាយ​ទៅ​បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង​អនាម័យ រាប់​ចាប់ពី​វិស័យ​ទេសចរណ៍ រហូតដល់​ផលិតភាព​ការងារ ព្រោះ​បុគ្គលិក​ឈឺ​ដោយសារតែ​ជំងឺ​ដែល​បង្កដោយ​កង្វះ​អនាម័យ និង​ត្រូវ​ចេញពី​ធ្វើការ​មុនពេល​វេលា​ដើម្បី​រក​សេវា​ព្យាបាល​។ បើតាម​ការសិក្សា​ដដែល​នេះ ក្រុមគ្រួសារ​ជនបទ​កម្ពុជា ចំណាយ​ប្រមាណ​៧០​ដុល្លារ ក្នុង​មួយឆ្នាំ​លើ​ជំងឺ​ដែល​បង្កឡើង​ដោយ​កង្វះ​ទឹកស្អាត និង​អនាម័យ​។ ចំណែក​ប្រជាជន​នៅ​ទីក្រុង​ចំណាយ​ប្រហែល​៤០ ដុល្លារ​។​

​លោក ជ្រាយ ប៉ុ​ម ប្រធាន​នាយកដ្ឋាន​ថែ​ទាំង​សុខភាព​ជនបទ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំ​ពុង​តែ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ រួមមាន​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ ឆ្នាំ​២០១៤-២០២៥ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សេវា​ទឹកស្អាត និង​អនាម័យ​នៅ​ជនបទ មាន​ភាពប្រសើរឡើង និង​ប្រកបដោយ​និរន្តរភាព នៅត្រឹម​ឆ្នាំ​២០២៥ ។

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ពលរដ្ឋ​កម្ពុជា​ចំនួន​៥២.៩​ភាគរយ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ​។ តួលេខ​នេះ​កើនឡើង​ចំនួន ៦.៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន ៤៦​ភាគរយ​។​

​កំ​ណើ​នេះ គឺ​លឿន​ជាង​ផែនការ​គោលនយោបាយ​ជាតិ​របស់​រដ្ឋាភិបាល ដែល​បានកំណត់​ត្រឹម​៣៥​ភាគរយ​នៅ​ឆ្នាំ​២០១៥ ។ នេះ​បើតាម​លោក ជ្រាយ ប៉ុ​ម ដែល​បន្ត​ដោយ​ចាត់ទុក តួលេខ​កំណើន​នៃ​ការប្រើប្រាស់​បង្គន់​អនាម័យ​នេះ គឺជា​សំទុះ​ខ្លាំងក្លា​មួយ​។ ប៉ុន្តែ​ទន្ទឹមនឹង​កំណើន​នេះ ប្រធាន​នាយកដ្ឋាន​ថែ​ទាំង​សុខភាព​ជនបទ លោក ជ្រាយ ប៉ុ​ម បញ្ជាក់ថា​រដ្ឋាភិបាល​បានកំណត់​ផែនការ និង​ការងារ​ស្នួល​បន្ថែមទៀត​ដើម្បី ព​ន្លឿ​ន​ការងារ​នេះ​។ កិច្ចការងារ​ទាំងនោះ មានដូចជា​ការពង្រឹង​ស្ថាប័ន ពិសេស​ថ្នាក់ក្រោម​ជាតិ ការព្យាយាម​ប្រមូល​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍ រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ការ​ពិនិត្យមើល​ជាប្រចាំ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ និង​ការអប់រំ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ការរស់នៅ​គ្មាន​អនាម័យ​។

​គួរ​ជម្រាបជូន​ដែរ​ថា នៅក្នុង​ទិវា​បង្គន់​អនាម័យ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ លោក បាន គី​មូ​ន ដែល​កាលណោះ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែងថា មាន​មនុស្ស​ប្រហែល ២.៤​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក គ្មាន​លទ្ធភាព​ទទួលបាន អនាម័យ​សមរម្យ និង​ជាង​១​ពាន់​លាន​នាក់​ត្រូវ​បង្ខំចិត្ត​បន្ទោបង់​នៅ​ទីវាល​។ របាយការណ៍​អង្គការសហប្រជាជាតិ ក៏បាន​រកឃើញ​ដែរ​ថា មាន​មនុស្ស​រាប់លាន​នាក់​ស្លាប់​ក្នុង​មួយឆ្នាំៗ ដោយសារ​កង្វះ​អនាម័យ និង​មនុស្ស​ប្រមាណ ៧០០​លាន​នាក់ បាននិងកំពុង​រស់នៅ​ក្នុងស្ថានភាព​កង្វះ​អនាម័យ​៕ 


Tag:
 បង្គន់​
 ​ ជ្រាយ ប៉ុ​ម​
 ​ ហង់ ហ៊ី​ប៊ុណ្ណា​
© រក្សាសិទ្ធិដោយ thmeythmey.com