អន្តរជាតិ
មូ​ហ្កា​បេ ចាយលុយ​២,៥​លាន​ដុល្លារ​ធ្វើ​ខួបកំណើត តែ​EU ផ្តល់​កាដូ «​ទណ្ឌកម្មសេដ្ឋកិច្ច​»
22, Feb 2017 , 9:19 pm        
រូបភាព
 រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ ឈានចូល​វ័យ ៩៣​ឆ្នាំ នៅ​ថ្ងៃ​អង្គារ​ទី ២១ កុម្ភៈ ហើយ​លោក​នឹង​រៀបចំ​បុណ្យខួបកំណើត​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​។​គេ​វាយតម្លៃថា ពិធី​ខួបកំណើត​របស់លោក​អាច​នឹងត្រូវ​ចំណាយលុយ​អស់​ច្រើនជាង ២​លាន​ដុ​លា្ល​រ​អាមេរិក​។ ប៉ុន្តែ​ប្រជាជន​មួយចំនួន​បាននាំគ្នា​ប្រឆាំង​គម្រោង​រៀបចំ​នេះ​ដោយ​ពួកគេ​អះអាង មេដឹកនាំ​ស៊ីម​បា​វ៉េ​មិនគួរ​ខ្ជះខ្ជាយ​លុយ​ឥតប្រយោជន៍ ស្របពេល​សេដ្ឋកិច្ចជាតិ​និង​ប្រជាជន​កំពុង​ត្រដរខ្យល់​ឡើយ​។​



​ប្រធានាធិបតី​មួយជីវិត​ស៊ីម​បា​វ៉េ  រ៉ូបឺត មូ​ហ្កា​បេ ឈានដល់​វ័យ ៩៣​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​ម្សិលមិញ​។ ក្នុងឱកាស​ខួប​លើក​ទី​៩៣​នៃ​ថ្ងៃកំណើត​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ចុង​សប្តាហ៍​នេះ ដោយ​គេ​វាយតម្លៃថា កម្មវិធី​នេះ​នឹងត្រូវ​ចំណាយលុយ​អស់ ២,៥ លាន​ដុល្លារ​អាមេរិក​ឯណោះ​។ មាន​ខ្លះ​គាំទ្រ តែ​ភាគច្រើន​ទិតៀន​និង​ប្រឆាំង​គម្រោង​បុណ្យខួបកំណើត​ដ៏​ខ្ជះខ្ជាយ​នេះ ព្រោះ​សេដ្ឋកិច្ច​ប្រទេសជាតិ​កំពុង​ត្រដាបត្រដួស​ខ្លាំង​នោះ​។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក Cameron Concord កម្មវិធី​ខួប​កំណត់​ដ៏​ធំ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង Matobos ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី Harare ឡើយ ហើយ​គេ​រំពឹងថា មនុស្ស​រាប់ម៉ឺន​នាក់​នឹងចូលរួម​ក្នុង​ពិធី​ខួបកំណើត​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ផង​។ គោ​ចំនួន ១៥០ រួមជាមួយ​នំ​ខួបកំណើត​ទម្ងន់ ៩៣​គីឡូក្រាម​ត្រូវគេ​រៀបចំ​ទុក​សម្រាប់​ភ្ងៀ​វ​កិត្តិយស​ដែល​ចូលរួម​បុណ្យខួបកំណើត​មេដឹកនាំ​វ័យ​ជរា​រូបនេះ​។

​អ្នកគាំទ្រ មូ​ហ្កា​បេ ម្នាក់​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Cameron Concord ដូច្នេះ​ថា​៖​ « យើង​ចាត់ទុក​ថ្ងៃ​ខួបកំណើត​ប្រធានាធិបតី Mugabe ដូចជា​ថ្ងៃកំណើត​ទី​ពីរ​របស់​ព្រះ​បន្ទាប់ពី​ព្រះ​យេស៊ូ​។ ដូច្នេះ​ក្នុងនាម​ជា​ជនជាតិ​ស៊ីម​បា​វ៉េ នៅ​ថ្ងៃ​ខួបកំណើត​គាត់ យើង​មិនអាច​មិន​រៀបចំឡើង​។ យើង​តស៊ូ​មតិ​ឲ្យ​មានការ​កំណត់​យក​ថ្ងៃ​ខួបកំណើត​លោក​ជា​ថ្ងៃ​បុណ្យជាតិ​»​។​

១.​មេដឹកនាំ​ស៊ីម​បា​វ៉េ ចាយលុយ ២,៥​លាន​ដុល្លារ​ធ្វើ​ខួបកំណើត ខណៈ​ប្រជាជន​ក្រ​រហាម​ 

​ថ្មី​បើ​មាន​អ្នកគាំទ្រ​ក៏ដោយ ប្រជាជន​ស៊ីម​បា​វ៉េ​ជាច្រើន​រួមទាំង​ក្រុម​សកម្មជន​ប្រឆាំង​ខួបកំណើត​លោក មូ​ហ្កា​បេ បាននាំគ្នា​តវ៉ា​និង​ទាមទារ​ឲ្យ​មានការ​បង្វែរ​លុយ​ដែល​ត្រូវ​ចំណាយ​ក្នុង​ខួបកំណើត​រហូតដល់​ជាង ២​លាន​ដុល្លារ នេះ​ទៅ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​វិញ​។​

​សកម្មជន​ប្រឆាំង​ខួបកំណើត​មូ​ហ្កា​បេ លោក Sam Farai Munro បាន​ថ្លែង​ដូច្នេះ​ថា​៖​​« យើង​បានលើកឡើង​ពី​បញ្ហាសំខាន់ៗ​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ដោះស្រាយ ដោយ​ជំនួស​ការយក​លុយ​ទាំងនោះ​ទៅ​បំផ្លាញ​ច​ផល​ក្នុង​ពិធី​ខួបកំណើត ស្រប​ពេលដែល​ប្រទេស​យើង​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នោះ​។ ដូច្នេះ​បើសិន​រដ្ឋាភិបាល​អាចរ​កលុយ​បាន​រាប់លាន​ដុល្លារ​បែបនេះ គេ​ក៏​គួរប្រើ​ប្រាស់​លុយ​ទាំងនោះ​ដើម្បី​ជួយ​កសាង​ឬ​ទ្រទ្រង់​មន្ទីរពេទ្យ និង​ផ្គត់ផ្គង់​សៀវភៅ​ដល់​សាលារៀន​ក៏ដូចជា​ចំណាយ​ថវិកា​ទាំងនោះ​ដើម្បី​លើកទឹកចិត្ត​គ្រូបង្រៀន​វិញ​ប្រសើរ​ជាង​»​។​

​លោក រ៉ូបឺត មូ​ហ្កា​បេ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​នៅ​ស៊ីម​បា​វ៉េ ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ១៩៨០ តាម​ការបោះឆ្នោត​ក្រោយ​ការទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​និង​បញ្ចប់​ជម្លោះជាតិសាសន៍​ក្នុងប្រទេស​ជា​ផ្លូវការ​។ គេ​មិន​រំពឹងថា មេដឹកនាំ​ជរា​មួយ​នេះ​នឹង​ផ្ទេរអំណាច ទោះ​ស្ថានភាព​សុខភាព​របស់លោក​កាន់តែ​ខ្សោយ ខួរក្បាល​កាន់តែ​ស្ទក់ និង​មិនអាច​បំពេញការងារ​ដូច​ធម្មតា​បាន​ក៏ដោយ​។ លោក​បានប្រកាស​ឈរឈ្មោះ​ជាថ្មី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨ រួចទៅហើយ ហើយ​លោក​ក៏​ធ្លាប់​ប្រកាសថា លោក​នឹង​កាន់តំណែង​រហូតដល់​ស្លា​ប់ ។​
 
ក្រៅពី​សុខភាព​ខ្សោយ និង​ជា​មេដឹកនាំ​ផ្តាច់ការ លោក​និង​ក្រុមគ្រួសារ​រស់នៅ​សោយសុខ​លើទឹក​ដី​ដ៏​ក្រីក្រ​ដែល​ប្រជាជន​រស់នៅ​លំបាក​វេទនា​ព្រោះ​វិបត្តិ​សេដ្ឋកិច្ច​។ ក្នុង​ពិធី​ខួបកំណើត​របស់លោក​កាលពី​ឆ្នាំ ២០១៥ លោក​ចំណាយលុយ​រហូតដល់ ១​លាន​ដុល្លារ ហើយ​ភរិយា​របស់លោក​ដែលជា​ស្ត្រី​ទីមួយ​នោះ​ក៏ត្រូវ​លោកខាងលិច​ទិតៀន​ខ្លាំង​ព្រោះ​ចាយវាយ​ខ្ជះខ្ជាយ​មិនចេះ​គិត​ដែរ​។ 

២. សហភាព​អឺរ៉ុប​បន្ត​ទណ្ឌកម្ម​ស៊ីម​បា​វ៉េ អបអរ​ខួបកំណើត មូ​ហ្កា​បេ​


​ដោយឡែក ក្នុង​ពិធីបុណ្យ​ខួបកំណើត​គម្រប់​ខួប ៩៣​ឆ្នាំ​នេះដែរ លោក មូ​ហ្កា​បេ បានទទួល​អំណោយ​ធំ​មួយ​ពី​សហភាព​អឺរ៉ុប​។ អំណោយ​នោះ​គឺ ការបន្ត​ទណ្ឌកម្មសេដ្ឋកិច្ច និង​រឹតបន្តឹង​ការធ្វើដំណើរ​សម្រាប់​មេដឹកនាំ​ស៊ីម​បា​វ៉េ​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន  ក្រុមប្រឹក្សា​អឺរ៉ុប​បាន​បោះឆ្នោត​សម្រាប់​បន្ត​ទណ្ឌកម្ម​ប្រឆាំង ប្រ​នា​ធិបតី មូ​ហ្កា​បេ និង​ភរិយា Grace Mugabe  និង​រាល់​ឧស្សាហកម្ម​យោធា​របស់​រដ្ឋ​ស៊ីម​បា​វ៉េ​ទាំងមូល​។​

​តាមពិតទៅ ទណ្ឌកម្ម​ទាំងនេះ​ត្រូវ​ដាក់ចេញ​ដំបូង​កាលពី​ឆ្នាំ ២០០២​មកម្ល៉េះ ហើយ​វា​មាន​គោលដៅ​សំខាន់​រឹតបន្តឹង​ការធ្វើដំណើរ​របស់​ប្រធានាធិបតី​ផង បង្កក​ទ្រព្យសម្បត្តិ​របស់លោក​ផង និង​ហាម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ធ្វើ​ពាណិជ្ជកម្ម​អាវុធ​ជាមួយ​ស៊ីម​បា​វ៉េ​៕


Tag:
 Robert Mugabe
  ស៊ីម​បា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com