ខ្មែរ​ក្រហម
ជាតិ
សហ​ចៅក្រម​ស៊ើបអង្កេត លើកលែង​បទ​ចោទ​ប្រឆាំង​អ្នកស្រី អ៊ឹម ចែម
22, Feb 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
សហ​ចៅក្រម​ស៊ើបអង្កេត  បាន​លើកលែង​ការចោទប្រកាន់ អ្នកស្រី អ៊ឹម ចែម អតីត​អភិបាលស្រុក​ព្រះនេត្រព្រះ នា​សម័យ​ខ្មែរក្រហម នៅក្នុង​សំណុំរឿង ០០៤/១ ។ ការលើកលែង​បទ​ចោទ​នេះ គឺ​បន្ទាប់ពី​សហ​ចៅក្រម​ស៊ើបអង្កេត បានចេញ​ដីកា ដំណោះស្រាយ រួមគ្នា​នៅក្នុង​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំង អ៊ឹម ចែម នៅក្នុង​សំណុំ​រឿងនេះ នៅ​ថ្ងៃទី ២២  ខែ កុម្ភៈ ឆ្នាំ​២០១៧ ។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​(​អ​.​វ​.​ត​.​ក​) ការលើកលែង​បទចោទប្រកាន់​លើ​អ្នក អ៊ឹម ចែក​នេះ គឺ​ផ្អែកលើ​ការវាយតម្លៃ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត លើ​ភស្តុតាង​ដែល​ប្រមូលបាន នៅក្នុង​អំឡុងពេល​ស៊ើបសួរ អ៊ឹម ចែម មិន​ស្ថិតនៅក្រោម​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ឡើយ​។ មានន័យថា អ៊ឹម ចែម មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់ ឬក៏​ជា​ជន​ម្នាក់​ក្នុងចំណោម​មន្ត្រី​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត​នៅក្នុង​របប​ខ្មែរក្រហម​ទេ​។ 

​ដោយសារ​បញ្ហា​តឹងតែង​ផ្នែក​ភស្តុភារ និង​ថវិកា​នាពេល​បច្ចុប្បន្ននេះ ប៉ះពាល់​ដល់ពេល​វេលា​ដែល​ចាំបាច់ ដើម្បី​រៀបចំ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ដីកា​ដំណោះស្រាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ និង​ដោយសារ​គិតដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ដែល​ត្រូវ​ទទួលបាន​សេចក្តីសម្រេច​យ៉ាង​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ពី​លទ្ធផល​នៃ​កិច្ចដំណើរការ​នីតិវិធី​ប្រឆាំង​ជន​ត្រូវ​ចោទ​នោះ ទើប​ពេលនេះ សហ​ចៅក្រម​ស៊ើបអង្កេត បានសម្រេច​ចេញ​ដីកា​ដំណោះស្រាយ​លើ​ផ្នែក​សេចក្តីសម្រេច ដោយមាន​សេចក្តី​សង្ខេប​អំពី​សំអាង​ហេតុ​។ ឯកសារ​ដាច់ដោយឡែក​មួយទៀត ដែលមាន​សំអាង​ហេតុ​ពេញលេញ នឹងដាក់​តាម​ក្រោយ​ក្នុង​ពេលវេលា​សមស្រប​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ការលើកលែង​ការចោទប្រកាន់​នេះ ក៏​មានន័យថា​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទាំងអស់​ត្រូវបាន​បដិសេធ​។ សហ​ចៅក្រម​ស៊ើបអង្កេត បានចេញ​ដីកា​សម្រេច​លើ​រឿងនេះ ក្នុង​ថ្ងៃ​តែមួយ​ផងដែរ​។ 

​ដោយសារ​ថា​ដីកា​ដំណោះស្រាយ មាន​លក្ខណៈ​ជាការ​លើកលែង​ការចោទប្រកាន់ សំអាង​ហេតុ​សម្រាប់​សេចក្តីសម្រេច​នេះ និង​ដីកា​សម្រេច​លើ​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី នឹងត្រូវ​រក្សា​ទុកជា​ឯកសារ​សម្ងាត់ រហូតដល់​អង្គ​បុ​រេ​ជំនុំជម្រះ សម្រេច​បដិសេធ​ដីកា​លើកលែង​ការចោទប្រកាន់ និង​បញ្ជូនទៅ​ជំនុំ​ជម្រះក្តី​។ 

​សហ​ចៅក្រម​ស៊ើបអង្កេត នឹង​រៀបចំ និង​ផ្សព្វផ្សាយ​សំណៅ​ជា​សាធារណៈ នៃ​សេចក្តីសន្និដ្ឋាន​ផ្លូវច្បាប់ សំខាន់ៗ​ពាក់ព័ន្ធ​បញ្ហា​យុត្តាធិការ​បុគ្គល​នៅពេល​ចេញ​សេចក្តី​សំអាង​ហេតុ​ពេញលេញ​។ 

​សូមបញ្ជាក់ថា​ក្នុង​សំណុំរឿង​០០៤ បទចោទប្រកាន់​លើ​អ្នកស្រី អ៊ឹម ចែម អតីត​អភិបាលស្រុក​ព្រះនេត្រព្រះ នា​សម័យ​ខ្មែរក្រហម មាន​អំពើ​មនុស្សឃាត​ដែលជា​ការរំលោភបំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការដ្ឋាន​ស្ពាន​ស្រែង​។ ក្នុងនោះ​ក៏មានដែរ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដែល​រួមមាន​ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទុក​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​៕


Tag:
 ​អ៊ឹម ចែម​
  អ​.​វ​.​ត​.​ក​
© រក្សាសិទ្ធិដោយ thmeythmey.com