អន្តរជាតិ
យូ​នី​សែ​ហ្វ​៖ កុមារ​១,៤​លាន​នាក់ ប្រឈម​នឹង​ការស្លាប់​ដោយសារ​ទុរ្ភិក្ស​នៅ​ឆ្នាំ​២០១៧
22, Feb 2017 , 10:39 pm        
រូបភាព
ដោយ: ធីតា
​អង្គការ​យូ​នី​សែ​ហ្វ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ថា កុមារ​ជិត​១,៤​លាន​នាក់​ប្រឈម​នឹង​ការស្លាប់​នៅ​ឆ្នាំ​២០១៧​នេះ ដោយសារ​ទុរ្ភិក្ស បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រួចស្រាវ ជាពិសេស​កុមារ​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា សូ​ម៉ាលី ស៊ូដង់​ខាងត្បូង និង​យេ​ម៉ែន​។​



​លោក Anthony Lake នាយក​ប្រតិបត្តិ​យូ​នី​សែ​ហ្វ បាន​លើកឡើងថា មនុស្ស​ទាំងអស់​ត្រូវធ្វើ​សកម្មភាព​មនុស្សធម៌​រួមគ្នា​ឲ្យ​បាន​លឿន​បំផុត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ជាង​១​លាន​នាក់​។  លោក​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​នៅតែ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​។ កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ឬ​ទុ​រ​ភឹ​ក្ស សុទ្ធតែ​កើតចេញពី​មនុស្ស​។ យើង​មិនត្រូវ​ឲ្យ​មហន្តរាយ​បែបនេះ កើត​ឡើងវិញ​សារជាថ្មី​ដូចជា​គ្រោះ​ទុរ្ភិក្ស​ឆ្នាំ​២០១១​នៅ​អាហ្វ្រិក​នោះឡើយ​»​។​

​តាម​យូ​នី​សែ​ហ្វ ចំនួន​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា អាច​ឡើងដល់​៤៥០ ០០០​នាក់​នៅ​ឆ្នាំនេះ ជាពិសេស​នៅ​រដ្ឋ​ដែលមាន​ជម្លោះ​ប្រដាប់អាវុធ ដូចជា Adamawa, Borno និង Yobi​។​

​នៅ​សូ​ម៉ាលី គ្រោះរាំងស្ងួត​កំពុងធ្វើការ​កំហែង​នៅ​តំបន់​ដែលមាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​។ ពលរដ្ឋ​ប្រមាណ​៦,២​លាន​នាក់ ប្រឈម​នឹង​ការ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ និង​ត្រូវការ​ជំនួយ​មនុស្សធម៌​។ ចំនួន​កុមារ​នៅ​សូ​ម៉ាលី​ពី​១៨៥ ០០០​នាក់ ទៅ​២៧០ ០០០​នាក់ ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​អាហារូបត្ថម្ភ​។​

​នៅ​ស៊ូដង់​ខាងត្បូង ដែលជា​ប្រទេស​ពោរពេញ​ទៅដោយ​ជម្លោះ ភាពក្រីក្រ និង​អសន្តិសុខ កុមារ​ជាង​២៧០ ០០០​នាក់ មិនមាន​ការចិញ្ចឹម​បីបាច់​គ្រប់គ្រាន់​ឡើយ​។ គ្រោះ​ទុរ្ភិក្ស​កំពុង​យាយី​នៅ​តំបន់​កណ្តាល ភាគ​ខាងជើង​នៃ​ប្រទេស​។​

​រីឯ​នៅ​យេ​ម៉ែន  ជម្លោះ​ដែល​បង្កឡើង​នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ នាំ​ឲ្យ​កុមារ​ប្រមាណ​៤៦២ ០០០​នាក់ កំពុង​រង​នូវ​ការខ្វះខាត​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ស្រៀវ​ស្រាវ ពោលគឺ​កើនឡើង​ដល់​ទៅ​២០០​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​៕


Tag:
 យូ​នី​សែ​ហ្វ​
  ទុរ្ភិក្ស​
  អាហារូបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com