ជាតិ
ការកកស្ទះក្នុងពន្ធនាគារ ព្រោះចំនួនអ្នកទោសកើនឡើង តម្រូវឲ្យរដ្ឋសង់ពន្ធនាគារបន្ថែម រូបភពពីអង្គការលីកាដូ
× ភ្នំពេញ៖ ពន្ធនាគារនៅប្រទេសកម្ពុជា កំពុងផ្ទុកអ្នកទោស ដោយហួសការកំណត់។ វា ជាបញ្ហាដ៏ធំមួយ ដែលប៉ះពាល់ដល់ការរស់នៅរបស់អ្នកទោសក្នុងប្រទេសកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌យល់ថា ដើម្បីដោះស្រាយបញ្ហានេះ មានតែក្រសួងមផ្ទៃសាងសង់ពន្ធនាគារបន្ថែម និងការអនុញ្ញាតឲ្យអ្នកទោសខ្លះនៅក្រៅពន្ធនាគារ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទួលស្គាល់ថា ពន្ធនាគារនៅកម្ពុជាបច្ចុប្បន្ន ពិតជាមានការកកស្ទះ ដោយសារតែចំនួនអ្នកទោសលើសពីការកំណត់។ បើតាមលោក ជិន ម៉ាលីន ដើម្បីដោះស្រាយបញ្ហានេះ តម្រូវឲ្យកម្ពុជា សាងសង់ពន្ធនាគារបន្ថែម ដែលជាតួនាទីរបស់ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ពន្ធនាគារយើង នៅមានកម្រិតក្នុងការផ្ទុកអ្នកទោស។ ហើយឥឡូវហ្នឹង យើងមិនទាន់សាងសង់បន្ទប់ពន្ធនាគារ បន្ថែមនោះទេ»។
លោក ជិន ម៉ាលីន បានលើកឡើងយន្តការមួយទៀត ដែលអាចកាត់បន្ថយ ការកកស្ទះនៅក្នុងពន្ធនាគារ។ យន្តការ ដែលលោក ជិន ម៉ាលីន លើកឡើងនោះគឺ ការអនុញ្ញាតឲ្យអ្នកទោស បាននៅក្រៅពន្ធនាគារ ហើយទៅរស់នៅនិងធ្វើការក្នុងសហគមន៍នានា ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។
លោក សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌ កំពុងតែរៀបចំខ្លួន ដើម្បីអនុវត្តផែនការខាងលើ។ យ៉ាងណា លោក នៅតែមើលឃើញថា ការអនុវត្តគម្រោងនេះ ទំនងជាមិនងាយស្រួលនោះទេ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ នៅមានកម្រិត។
លោក ជិន ម៉ាលីន ពន្យល់ដូច្នេះថា៖«ច្បាប់ហ្នឹង យើងមានយូរហើរ តែយើងមិនដែលអនុវត្ត។ វា ពិបាកអនុវត្ត ព្រោះប្រជាពលរដ្ឋយើង មិនសូវយល់ដឹងពីបញ្ហានេះ។ ពេលពួកគាត់ ឃើញបុគ្គលណាមួយ ដែលប្រព្រឹត្តបទល្មើស ហើយតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ តែបែរជាទៅរស់នៅតាមសហគមន៍ ពួកគាត់ ប្រាកដជាមានការនឿយឆ្ងល់ ឬក៏គិតថាតុលាការធ្វើខុសប្រក្រតីណាមួយ។ អ៊ីចឹហើយ បានជាវា ពិបាក តែយើងនឹងអនុវត្តសាកមើល បើធ្វើទៅជោគជ័យ យើង នឹងពង្រឹងកិច្ចការហ្នឹង បន្តទៀត»។
លោក ជិន ម៉ាលីន មិនបានបកស្រាយទេថា អ្នកទោសកម្រិតណា ដែលអាចអនុញ្ញាតឲ្យរស់នៅក្នុងសហគមន៍នោះ។ លោក គ្រាន់តែបញ្ជាក់ថា អ្នកដែលមានទោសធ្ងន់ធ្ងរ មិនអាចត្រូវបានផ្តល់ឱកាសឲ្យរស់នៅក្រៅពន្ធនាគារឡើយ។ លោក បន្ថែមថា ចំណុចខាងលើនេះ នឹងត្រូវសិក្សា និងកំណត់យ៉ាងលម្អិត នៅក្នុងផែនការរបស់ក្រសួងយុត្តិធម៌។
បច្ចុប្បន្ន អ្នកជាប់ឃុំឃាំង មានចំនួនលើសពីការកំណត់របស់ពន្ធនាគារ និងមណ្ឌលកែប្រែនានានៅក្នុងប្រទេសកម្ពុជា។ ការលើសចំនួននេះ ធ្វើឲ្យអ្នកជាប់ឃុំក្នុងពន្ធនាគារ ជួបការលំបាក កាន់តែខ្លាំង។
បញ្ហាចំនួនអ្នកទោសកើនឡើងលើសបរិមាណផ្ទុករបស់ពន្ធនាគារនេះ ក៏ត្រូវ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងផងដែរ។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២២ កុម្ភៈ សម្តេច ស ខេង បានសង្កត់ធ្ងន់ថា អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ និងមណ្ឌលកែប្រែ កំពុងតែកើនឡើងជាកំហុក។
សូមស្តាប់សំឡេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមបញ្ជាក់ថា តាមការកំណត់ ពន្ធនាគារនៅកម្ពុជា អាចផ្ទុកចំនួនអ្នកទោស បានតែ ១២០០០ នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ជាក់ស្តែង អ្នកទោសទូទាំងប្រទេសមានរហូតដល់ ១៧៨៩៦នាក់។ ដូច្នេះពន្ទនាគារនៅកម្ពុជា បានផ្ទុកទណ្ឌិត លើសចំនួនកំណត់ រហូតដល់ជិត៦ពាន់នាក់។ នេះបើតាម លោក ជិន ម៉ាលីន ដដែល ដែលបានលើកឡើងកាលពីខែមករា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com